គម្ពីរសញ្ញាថ្មី

ម៉ាថាយ 3:1-11 Khmer Christian Bible (KCB)

1. នៅ​គ្រា​នោះ​ លោក​យ៉ូហាន​ អ្នក​ធ្វើ​ពិធី​ជ្រមុជ​ទឹក​ បាន​មក​ប្រកាស​នៅ​ទីរហោឋាន​ក្នុង​ស្រុក​យូដា​

2. ថា៖​ «ចូរ​ប្រែ​ចិត្ដ​ ដ្បិត​នគរ​ស្ថានសួគ៌​មក​ជិត​បង្កើយ»​

3. ដ្បិត​អ្នក​នេះ​ហើយ​ ដែល​លោក​អេសាយ​ ជា​អ្នក​នាំ​ព្រះបន្ទូល​បាន​ថ្លែង​ទុក​ថា៖​​ «មាន​សំឡេង​ស្រែក​នៅ​ទីរហោឋាន​ថា​ ចូរ​រៀបចំ​ដំណើរ​របស់​ព្រះអម្ចាស់​ ចូរ​តម្រង់​ផ្លូវ​របស់​ព្រះអង្គ»។​

4. លោក​យ៉ូហាន​មាន​សម្លៀក​បំពាក់​ធ្វើ​ពី​រោម​អូដ្ឋ​ និង​ខ្សែ​ក្រវាត់​ស្បែក​នៅ​នឹង​ចង្កេះ​ ហើយ​គាត់​បរិភោគ​កណ្ដូប​ និង​ទឹកឃ្មុំ​ព្រៃ​ជា​អាហារ‍។​

5. បន្ទាប់​មក​មនុស្ស​ពី​ក្រុង​យេរូសាឡិម​ ពី​គ្រប់​ទី​កន្លែង​ក្នុង​ស្រុក​យូដា​ និង​ស្រុក​ទាំងអស់​នៅ​ជុំវិញ​អូរយ័រដាន់​ បាន​ចេញ​មក​រក​គាត់​

6. ហើយ​គេ​បាន​ទទួល​សារភាព​បាប​របស់​ខ្លួន​ និង​បាន​ទទួល​ពិធី​ជ្រមុជ​ទឹក​ពី​គាត់​ក្នុង​អូរ​យ័រដាន់‍។​

7. ប៉ុន្ដែ​ពេល​ឃើញ​ពួក​អ្នក​ខាង​គណៈ​ផារិស៊ី​ និង​ពួក​អ្នក​ខាង​គណៈ​សាឌូស៊ី​ជា​ច្រើន​មក​ទទួល​ពិធី​ជ្រមុជ​ទឹក​ពី​គាត់​ គាត់​ក៏​និយាយ​ទៅ​គេ​ថា៖​ «នែ​ពូជ​ពស់​វែក​អើយ!​ តើ​នរណា​ព្រមាន​អ្នក​រាល់គ្នា​ឲ្យ​រត់​គេច​ពី​សេចក្ដី​ក្រោធ​ដែល​នឹង​មក​ដល់​ដូច្នេះ?​

8. ហេតុ​នេះ​ ចូរ​បង្កើត​ផលផ្លែ​ឲ្យ​ស័ក្តិសម​នឹង​ការ​ប្រែចិត្ដ​ចុះ​

9. ហើយ​កុំ​គិត​ក្នុង​ចិត្ដ​ឲ្យ​សោះ​ថា​ យើង​មាន​លោក​អ័ប្រាហាំ​ជា​ឪពុក​របស់​យើង​ ដ្បិត​ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ថា​ ព្រះជាម្ចាស់​ក៏​អាច​បង្កើត​កូន​លោក​អ័ប្រាហាំ​ពី​ថ្ម​ទាំងអស់​នេះ​បាន​ដែរ‍។​

10. ឯ​ពូថៅ​នៅ​នឹង​គល់​ឈើ​រួច​ជា​ស្រេច​ ដូច្នេះ​ រាល់​ដើម​ឈើ​ណា​មិន​បង្កើត​ផ្លែ​ល្អ​នឹង​ត្រូវ​កាប់​បោះ​ទៅ​ក្នុង​ភ្លើង​

11. ខ្ញុំ​ធ្វើ​ពិធី​ជ្រមុជ​ឲ្យ​អ្នក​រាល់គ្នា​ដោយ​ទឹក​សម្រាប់​ការ​ប្រែចិត្ដ​ ប៉ុន្ដែ​ព្រះអង្គ​ដែល​មក​ក្រោយ​ខ្ញុំ​ មាន​អំណាច​ខ្លាំង​ជាង​ខ្ញុំ​ ហើយ​ខ្ញុំ​មិន​ស័ក្តិសម​នឹង​ដោះ​ស្បែកជើង​ឲ្យ​ព្រះអង្គ​ផង​ ព្រះអង្គ​នឹង​ធ្វើ​ពិធី​ជ្រមុជ​ឲ្យ​អ្នក​រាល់គ្នា​ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ​ ហើយ​នឹង​ភ្លើង​វិញ​

សូមអានជំពូកពេញលេញ ម៉ាថាយ 3