គម្ពីរសញ្ញាថ្មី

ម៉ាថាយ 28:1-11 Khmer Christian Bible (KCB)

1. ព្រលឹម​ស្រាងៗ​នៅ​ក្នុង​ថ្ងៃ​ទី​មួយ​នៃ​សប្ដាហ៍​ ក្រោយ​ថ្ងៃ​សប្ប័ទ​ នាង​ម៉ារា​ជា​អ្នក​ក្រុង​ម៉ាក់ដាឡា​ និង​នាង​ម៉ារា​ម្នាក់​ទៀត​បាន​មក​មើល​ផ្នូរ។​

2. ពេលនោះ​ ក៏​មាន​រញ្ជួយ​ដី​យ៉ាង​ខ្លាំង​ ដ្បិត​ទេវតា​របស់​ព្រះអម្ចាស់​បាន​ចុះ​ពី​ស្ថានសួគ៌​មក​ ហើយ​ចូល​ទៅ​ជិត​ផ្នូរ​ ប្រមៀល​ថ្ម​បិទ​ផ្នូរ​នោះ​ចេញ​ និង​បាន​អង្គុយ​នៅ​លើ​ថ្ម​នោះ។​

3. រូបរាង​របស់​ទេវតា​នោះ​ភ្លឺ​ដូច​ជា​ផ្លេក​បន្ទោរ​ ហើយ​សម្លៀក​បំពាក់​ស​ដូច​ព្រឹល។​

4. ពួក​អ្នក​យាម​ភ័យ​ញ័រ​រន្ធត់​ដោយ​ខ្លាច​ទេវតា​នោះ​ ហើយ​ពួកគេ​ត្រលប់​ដូច​ជា​មនុស្ស​ស្លាប់។​

5. ទេវតា​នោះ​ក៏​និយាយ​ទៅ​ពួក​ស្ដ្រី​ទាំង​នោះ​ថា៖​ «កុំ​ខ្លាច​អី!​ ដ្បិត​ខ្ញុំ​ដឹង​ថា​ អ្នក​កំពុង​រក​ព្រះយេស៊ូ​ដែល​ត្រូវ​គេ​ឆ្កាង​នោះ​ហើយ​

6. ព្រះអង្គ​មិន​នៅ​ទី​នេះទៀត​ទេ​ ដ្បិត​ព្រះអង្គ​បាន​រស់​ពី​ការ​សោយ​ទិវង្គត​ឡើង​វិញ​ ដូច​ដែល​ព្រះអង្គ​បាន​មាន​បន្ទូល​រួច​ហើយ​ ចូរ​មក​មើល​កន្លែង​ដែល​គេ​ផ្ដេក​សព​ព្រះអង្គ​ចុះ​

7. ហើយ​ចូរ​ប្រញាប់​ទៅ​ប្រាប់​ពួក​សិស្ស​របស់​ព្រះអង្គ​ថា​ ព្រះអង្គ​បាន​រស់​ពី​ការ​សោយ​ទិវង្គត​ឡើង​វិញ​ហើយ​ មើល៍​ ព្រះអង្គ​យាង​ទៅ​ស្រុក​កាលីឡេ​មុន​អ្នក​រាល់គ្នា​ អ្នក​រាល់គ្នា​នឹង​ជួប​ព្រះអង្គ​នៅ​ទីនោះ។ មើល៍!​ ខ្ញុំ​បាន​ប្រាប់​អ្នក​រាល់គ្នា​រួច​ហើយ»។​

8. កាល​បាន​ចាក​ចេញ​ពី​ផ្នូរ​យ៉ាង​រហ័ស​ ទាំង​ភ័យ​អរ​ជា​ខ្លាំង​ផង​ នោះ​ពួក​នាង​ក៏​រត់​ទៅ​ប្រាប់​ពួក​សិស្ស​របស់​ព្រះអង្គ​

9. ស្រាប់តែ​ព្រះយេស៊ូ​បាន​មក​ជួប​ពួក​នាង​ ទាំង​មាន​បន្ទូល​ថា៖​ «ជម្រាប​សួរ»។​ ពួក​នាង​បាន​ចូល​មក​ជិត​ចាប់​ឱប​បាទា​ព្រះអង្គ​ និង​បាន​ថ្វាយបង្គំ​ព្រះអង្គ។​

10. បន្ទាប់​មក​ ព្រះយេស៊ូ​មាន​បន្ទូល​ទៅ​ពួក​នាង​ថា៖​ «កុំ​ខ្លាច​អី!​ ចូរ​ទៅ​ប្រាប់​បងប្អូន​ខ្ញុំ​ថា​ ឲ្យ​ពួកគេ​ទៅ​ស្រុក​កាលីឡេ​ចុះ​ ហើយ​ពួក​គេ​នឹង​ជួប​ខ្ញុំ​នៅ​ទី​នោះ»។​

11. កាល​ពួក​នាង​កំពុង​ធ្វើ​ដំណើរ​ទៅ​ នោះ​ពួក​អ្នក​យាម​ខ្លះ​បាន​ចូល​ទៅ​ក្នុង​ក្រុង​ ប្រាប់​ពួក​សម្ដេច​សង្ឃ​អំពី​ហេតុ​ការណ៍​ទាំងឡាយ​ដែល​បាន​កើត​ឡើង។​

សូមអានជំពូកពេញលេញ ម៉ាថាយ 28