52. ផ្នូរបានរបើកឡើង ហើយរូបកាយអ្នកបរិសុទ្ធជាច្រើនដែលបានស្លាប់ទៅហើយនោះ បានរស់ឡើងវិញ
53. និងបានចេញពីផ្នូរមក ក្រោយពេលព្រះអង្គរស់ឡើងវិញ ហើយក៏បានចូលទៅក្នុងទីក្រុងបរិសុទ្ធ ទាំងបង្ហាញខ្លួនដល់មនុស្សជាច្រើនផង។
54. កាលនាយទាហាន និងពួកអ្នកនៅយាមព្រះយេស៊ូជាមួយគាត់បានឃើញផែនដីរញ្ជួយ និងហេតុការណ៍ដែលបានកើតឡើងក៏ភ័យខ្លាចយ៉ាងខ្លាំង ទាំងនិយាយថា៖ «អ្នកនេះជាព្រះរាជបុត្រារបស់ព្រះជាម្ចាស់ពិតមែន»។
55. នៅទីនោះមានស្ដ្រីជាច្រើនដែលបានតាមបម្រើព្រះយេស៊ូពីស្រុកកាលីឡេផងដែរ ពួកនាងបានសម្លឹងមើលពីចម្ងាយ
56. នៅក្នុងចំណោមនោះមាន នាងម៉ារា ជាអ្នកក្រុងម៉ាក់ដាឡា និងនាងម៉ារា ជាម្ដាយរបស់លោកយ៉ាកុប និងលោកយ៉ូសេស ព្រមទាំងប្រពន្ធរបស់លោកសេបេដេផង។
57. លុះដល់ពេលល្ងាច បុរសអ្នកមានម្នាក់មកពីក្រុងអើរីម៉ាថេឈ្មោះយ៉ូសែប ជាសិស្សរបស់ព្រះយេស៊ូដែរនោះបានមកដល់
58. គាត់បានទៅជួបលោកពីឡាត់សុំយកសពព្រះយេស៊ូ ពេលនោះ លោកពីឡាត់ក៏បង្គាប់ឲ្យគេប្រគល់សពឲ្យ។
59. លោកយ៉ូសែបបានយកសពរុំនឹងសំពត់ទេសឯកស្អាតមួយ
60. ហើយក៏បញ្ចុះសពក្នុងផ្នូរថ្មីរបស់គាត់ ដែលគាត់បានដាប់នៅក្នុងថ្ម។ កាលបានប្រមៀលថ្មធំមួយបិទច្រកចូលផ្នូររួច គាត់ក៏ចាកចេញទៅ
61. ឯនាងម៉ារាជាអ្នកក្រុងម៉ាក់ដាឡា និងនាងម៉ារាម្នាក់ទៀត បានអង្គុយនៅមុខផ្នូរទីនោះដែរ។
62. នៅថ្ងៃបន្ទាប់ ក្រោយថ្ងៃរៀបចំ ពួកសម្ដេចសង្ឃ និងពួកអ្នកខាងគណៈផារិស៊ីបានជួបជុំគ្នាជាមួយលោកពីឡាត់
63. ប្រាប់ថា៖ «លោកម្ចាស់! យើងនៅចាំថា ជនបោកប្រាស់ម្នាក់នោះបាននិយាយកាលនៅរស់នៅឡើយថា បីថ្ងៃក្រោយ ខ្ញុំនឹងរស់ឡើងវិញ
64. ដូច្នេះ សូមលោកបង្គាប់គេឲ្យយាមផ្នូរដល់ថ្ងៃទីបី ក្រែងលោពួកសិស្សរបស់វាមកលួចយកសព រួចប្រាប់ប្រជាជនថា វារស់ពីស្លាប់ឡើងវិញ។ ការបោកប្រាស់លើកចុងក្រោយនេះមុខជាអាក្រក់ជាងលើកមុនទៅទៀត»។
65. លោកពីឡាត់និយាយទៅពួកគេថា៖ «អ្នករាល់គ្នាមានអ្នកយាមហើយ ចូរទៅយាមតាមដែលអ្នករាល់គ្នាយល់ឃើញចុះ»