គម្ពីរសញ្ញាថ្មី

ម៉ាថាយ 27:50-65 Khmer Christian Bible (KCB)

50. ព្រះយេស៊ូ​ក៏​ស្រែក​ដោយ​សំឡេង​ខ្លាំងៗ​ម្ដង​ទៀត​ រួច​បាន​ប្រគល់​វិញ្ញាណ​ទៅ​

51. ពេល​នោះ​ វាំង​នន​នៅ​ក្នុង​ព្រះ​វិហារ​ស្រាប់តែ​រហែក​ជា​ពីរ​ចាប់​ពី​លើ​រហូត​ដល់​ក្រោម​ ហើយ​ផែនដី​បាន​រញ្ជួយ​ ឯ​ផ្ទាំង​ថ្ម​ក៏​ប្រេះ​

52. ផ្នូរ​បាន​របើក​ឡើង​ ហើយ​រូប​កាយ​អ្នក​បរិសុទ្ធ​ជា​ច្រើន​ដែល​បាន​ស្លាប់​ទៅ​ហើយ​នោះ​ បាន​រស់​ឡើង​វិញ​

53. និង​បាន​ចេញ​ពី​ផ្នូរ​មក​ ក្រោយ​ពេល​ព្រះអង្គ​រស់​ឡើង​វិញ​ ហើយ​ក៏​បាន​ចូល​ទៅ​ក្នុង​ទីក្រុង​បរិសុទ្ធ​ ទាំង​បង្ហាញ​ខ្លួន​ដល់​មនុស្ស​ជា​ច្រើន​ផង។​

54. កាល​នាយ​ទាហាន​ និង​ពួក​អ្នក​នៅ​យាម​ព្រះយេស៊ូ​ជាមួយ​គាត់​បាន​ឃើញ​ផែនដី​រញ្ជួយ​ និង​ហេតុ​ការណ៍​ដែល​បាន​កើត​ឡើង​ក៏​ភ័យ​ខ្លាច​យ៉ាង​ខ្លាំង​ ទាំង​និយាយ​ថា៖​ «អ្នក​នេះ​ជា​ព្រះរាជ​បុត្រា​របស់​ព្រះជាម្ចាស់​ពិត​មែន»។​

55. នៅ​ទីនោះ​មាន​ស្ដ្រី​ជា​ច្រើន​ដែល​បាន​តាម​បម្រើ​ព្រះយេស៊ូ​ពី​ស្រុក​កាលីឡេ​ផង​ដែរ​ ពួក​នាង​បាន​សម្លឹង​មើល​ពី​ចម្ងាយ​

56. នៅ​ក្នុង​ចំណោម​នោះ​មាន​ នាង​ម៉ារា​ ជា​អ្នក​ក្រុង​ម៉ាក់ដាឡា​ និង​នាង​ម៉ារា​ ជា​ម្ដាយ​របស់​លោក​យ៉ាកុប​ និង​លោក​យ៉ូសេស​ ព្រម​ទាំង​ប្រពន្ធ​របស់​លោក​សេបេដេ​ផង។​

57. លុះ​ដល់​ពេល​ល្ងាច​ បុរស​អ្នក​មាន​ម្នាក់​មក​ពី​ក្រុង​អើរីម៉ាថេ​ឈ្មោះ​យ៉ូសែប​ ជា​សិស្ស​របស់​ព្រះយេស៊ូ​ដែរ​នោះ​បាន​មក​ដល់​

58. គាត់​បាន​ទៅ​ជួប​លោក​ពីឡាត់​សុំ​យក​សព​ព្រះយេស៊ូ​ ពេល​នោះ​ លោក​ពីឡាត់​ក៏​បង្គាប់​ឲ្យ​គេ​ប្រគល់​សព​ឲ្យ។​

59. លោក​យ៉ូសែប​បាន​យក​សព​រុំ​នឹង​សំពត់​ទេស​ឯក​ស្អាត​មួយ​

60. ហើយ​ក៏​បញ្ចុះ​សព​ក្នុង​ផ្នូរ​ថ្មី​របស់​គាត់​ ដែល​គាត់​បាន​ដាប់​នៅ​ក្នុង​ថ្ម។​ កាល​បាន​ប្រមៀល​ថ្ម​ធំ​មួយ​បិទ​ច្រក​ចូល​ផ្នូរ​រួច​ គាត់​ក៏​ចាក​ចេញ​ទៅ​

61. ឯ​នាង​ម៉ារា​ជា​អ្នក​ក្រុង​ម៉ាក់ដាឡា​ និង​នាង​ម៉ារា​ម្នាក់​ទៀត​ បាន​អង្គុយ​នៅ​មុខ​ផ្នូរ​ទី​នោះ​ដែរ។​

62. នៅ​ថ្ងៃ​បន្ទាប់​ ក្រោយ​ថ្ងៃ​រៀបចំ​ ពួក​សម្ដេច​សង្ឃ​ និង​ពួក​អ្នក​ខាង​គណៈ​ផារិស៊ី​បាន​ជួបជុំ​គ្នា​ជាមួយ​លោក​ពីឡាត់​

63. ប្រាប់​ថា៖​ «លោកម្ចាស់!​ យើង​នៅ​ចាំ​ថា​ ជន​បោក​ប្រាស់​ម្នាក់​នោះ​បាន​និយាយ​កាល​នៅ​រស់​នៅ​ឡើយ​ថា​ បី​ថ្ងៃ​ក្រោយ​ ខ្ញុំ​នឹង​រស់​ឡើង​វិញ​

64. ដូច្នេះ​ សូម​លោក​បង្គាប់​គេ​ឲ្យ​យាម​ផ្នូរ​ដល់​ថ្ងៃ​ទី​បី​ ក្រែង​លោ​ពួក​សិស្ស​របស់​វា​មក​លួច​យក​សព​ រួច​ប្រាប់​ប្រជាជន​ថា​ វា​រស់​ពី​ស្លាប់​ឡើង​វិញ។​ ការ​បោកប្រាស់​លើក​ចុង​ក្រោយ​នេះ​មុខ​ជា​អាក្រក់​ជាង​លើក​មុន​ទៅ​ទៀត»។​

65. លោក​ពីឡាត់​និយាយ​ទៅ​ពួកគេ​ថា៖​ «អ្នក​រាល់គ្នា​មាន​អ្នក​យាម​ហើយ​ ចូរ​ទៅ​យាម​តាម​ដែល​អ្នក​រាល់គ្នា​យល់​ឃើញ​ចុះ»​

សូមអានជំពូកពេញលេញ ម៉ាថាយ 27