5. ពេលគាត់គ្រវែងកាក់ប្រាក់ទៅក្នុងព្រះវិហារហើយ គាត់ក៏ចេញទៅ ហើយបានចងកសម្លាប់ខ្លួន។
6. ពួកសម្ដេចសង្ឃយកកាក់ប្រាក់ទាំងនោះមក ហើយនិយាយថា៖ «វាមិនត្រូវតាមវិន័យទេ ដែលដាក់កាក់ទាំងនេះទៅក្នុងហិបតង្វាយ ព្រោះវាជាថ្លៃឈាម»។
7. កាលបានពិគ្រោះគ្នារួចហើយ ពួកគេក៏យកកាក់ទាំងនោះទៅទិញស្រែរបស់ជាងស្មូនម្នាក់ សម្រាប់ធ្វើជាកន្លែងបញ្ចុះសពពួកសាសន៍ដទៃ
8. ដូច្នោះហើយ គេហៅស្រែនោះថា ស្រែឈាម រហូតដល់សព្វថ្ងៃនេះ។
9. ការនោះសម្រេចសេចក្ដីដែលបានថ្លែងទុកតាមរយៈលោកយេរេមា ជាអ្នកនាំព្រះបន្ទូលថា៖ «ពួកគេបានយកកាក់ប្រាក់សាមសិបកាក់ជាតម្លែរបស់ព្រះអង្គ ដែលពួកកូនចៅអ៊ីស្រាអែលបានកាត់ថ្លៃ
10. រួចប្រគល់កាក់ទាំងនោះ ដើម្បីយកស្រែរបស់ជាងស្មូន ដូចដែលព្រះអម្ចាស់បានបង្គាប់មកខ្ញុំ»។
11. កាលព្រះយេស៊ូកំពុងឈរនៅចំពោះមុខលោកអភិបាល នោះលោកអភិបាលសួរព្រះអង្គថា៖ «តើអ្នកជាស្ដេចរបស់ជនជាតិយូដាឬ?» ព្រះយេស៊ូមានបន្ទូលថា៖ «លោកនិយាយត្រូវហើយ»។
12. ពេលពួកសម្ដេចសង្ឃ និងពួកចាស់ទុំចោទប្រកាន់ព្រះអង្គ ព្រះអង្គមិនបានឆ្លើយអ្វីឡើយ។
13. ពេលនោះ លោកពីឡាត់ក៏សួរព្រះអង្គថា៖ «តើអ្នកមិនឮពួកគេកំពុងចោទប្រកាន់អ្នកពីករណីជាច្រើនទេឬ?»
14. ប៉ុន្ដែព្រះអង្គមិនបានឆ្លើយទៅគាត់ទេ សូម្បីតែមួយម៉ាត់ ធ្វើឲ្យលោកអភិបាលងឿងឆ្ងល់យ៉ាងខ្លាំង។
15. រៀងរាល់ថ្ងៃបុណ្យ លោកអភិបាលធ្លាប់ដោះលែងអ្នកទោសម្នាក់ឲ្យបណ្ដាជនតាមដែលពួកគេចង់បាន។
16. គ្រានោះ មានអ្នកទោសម្នាក់ល្បីអសោច ឈ្មោះយេស៊ូបារ៉ាបាស
17. ដូច្នេះ កាលពួកគេបានមកជួបជុំគ្នា លោកពីឡាត់ក៏សួរពួកគេថា៖ «តើអ្នករាល់គ្នាចង់ឲ្យខ្ញុំដោះលែងអ្នកណាឲ្យអ្នករាល់គ្នា យេស៊ូបារ៉ាបាស ឬយេស៊ូដែលហៅថា ព្រះគ្រិស្ដ?»
18. ដ្បិតគាត់ដឹងថា ពួកគេបញ្ជូនព្រះអង្គមកនេះ ព្រោះតែសេចក្ដីឈ្នានីស។
19. ពេលគាត់កំពុងអង្គុយលើទីកាត់ក្ដី ប្រពន្ធរបស់គាត់បានចាត់គេឲ្យមកប្រាប់គាត់ថា៖ «លោកកុំធ្វើអ្វីដល់មនុស្សសុចរិតនេះឲ្យសោះ ព្រោះថ្ងៃនេះ ដោយសារគាត់ ខ្ញុំបានទទួលរងទុក្ខខ្លាំងណាស់នៅក្នុងយល់សប្ដិ»។