47. ហើយអ្នកខ្លះដែលឈរនៅទីនោះបានស្ដាប់ឮ ក៏និយាយថា៖ «អ្នកនេះស្រែករកលោកអេលីយ៉ាហើយ»
48. ភ្លាមនោះ បុរសម្នាក់នៅក្នុងចំណោមពួកគេ បានរត់ទៅយកសារាយស្ងួតជ្រលក់ទឹកខ្មេះ ដាក់នឹងដើមត្រែង ហុចឲ្យព្រះអង្គផឹក
49. តែអ្នកផ្សេងទៀតនិយាយថា៖ «ចូរយើងកុំធ្វើអីគាត់ ចាំមើល តើលោកអេលីយ៉ាមកសង្គ្រោះគាត់ដែរឬអត់»។
50. ព្រះយេស៊ូក៏ស្រែកដោយសំឡេងខ្លាំងៗម្ដងទៀត រួចបានប្រគល់វិញ្ញាណទៅ
51. ពេលនោះ វាំងនននៅក្នុងព្រះវិហារស្រាប់តែរហែកជាពីរចាប់ពីលើរហូតដល់ក្រោម ហើយផែនដីបានរញ្ជួយ ឯផ្ទាំងថ្មក៏ប្រេះ
52. ផ្នូរបានរបើកឡើង ហើយរូបកាយអ្នកបរិសុទ្ធជាច្រើនដែលបានស្លាប់ទៅហើយនោះ បានរស់ឡើងវិញ
53. និងបានចេញពីផ្នូរមក ក្រោយពេលព្រះអង្គរស់ឡើងវិញ ហើយក៏បានចូលទៅក្នុងទីក្រុងបរិសុទ្ធ ទាំងបង្ហាញខ្លួនដល់មនុស្សជាច្រើនផង។
54. កាលនាយទាហាន និងពួកអ្នកនៅយាមព្រះយេស៊ូជាមួយគាត់បានឃើញផែនដីរញ្ជួយ និងហេតុការណ៍ដែលបានកើតឡើងក៏ភ័យខ្លាចយ៉ាងខ្លាំង ទាំងនិយាយថា៖ «អ្នកនេះជាព្រះរាជបុត្រារបស់ព្រះជាម្ចាស់ពិតមែន»។
55. នៅទីនោះមានស្ដ្រីជាច្រើនដែលបានតាមបម្រើព្រះយេស៊ូពីស្រុកកាលីឡេផងដែរ ពួកនាងបានសម្លឹងមើលពីចម្ងាយ
56. នៅក្នុងចំណោមនោះមាន នាងម៉ារា ជាអ្នកក្រុងម៉ាក់ដាឡា និងនាងម៉ារា ជាម្ដាយរបស់លោកយ៉ាកុប និងលោកយ៉ូសេស ព្រមទាំងប្រពន្ធរបស់លោកសេបេដេផង។
57. លុះដល់ពេលល្ងាច បុរសអ្នកមានម្នាក់មកពីក្រុងអើរីម៉ាថេឈ្មោះយ៉ូសែប ជាសិស្សរបស់ព្រះយេស៊ូដែរនោះបានមកដល់
58. គាត់បានទៅជួបលោកពីឡាត់សុំយកសពព្រះយេស៊ូ ពេលនោះ លោកពីឡាត់ក៏បង្គាប់ឲ្យគេប្រគល់សពឲ្យ។
59. លោកយ៉ូសែបបានយកសពរុំនឹងសំពត់ទេសឯកស្អាតមួយ
60. ហើយក៏បញ្ចុះសពក្នុងផ្នូរថ្មីរបស់គាត់ ដែលគាត់បានដាប់នៅក្នុងថ្ម។ កាលបានប្រមៀលថ្មធំមួយបិទច្រកចូលផ្នូររួច គាត់ក៏ចាកចេញទៅ
61. ឯនាងម៉ារាជាអ្នកក្រុងម៉ាក់ដាឡា និងនាងម៉ារាម្នាក់ទៀត បានអង្គុយនៅមុខផ្នូរទីនោះដែរ។