គម្ពីរសញ្ញាថ្មី

ម៉ាថាយ 27:39-50 Khmer Christian Bible (KCB)

39. ពួក​អ្នក​ដែល​ដើរ​កាត់​ទីនោះ​ បាន​ប្រមាថ​ព្រះអង្គ​ ហើយ​គ្រវី​ក្បាល​

40. ទាំង​និយាយ​ថា៖​ «ឱ​អ្នក​បំផ្លាញ​ព្រះ​វិហារ​ ហើយ​សង់​ឡើង​វិញ​តែ​បី​ថ្ងៃ​អើយ!​ ចូរ​សង្គ្រោះ​ខ្លួន​ឯង​ទៅ!​ បើ​អ្នក​ជា​ព្រះរាជ​បុត្រា​របស់​ព្រះជាម្ចាស់​មែន​ ចូរ​ចុះ​ពី​ឈើ​ឆ្កាង​មក!»​

41. ពួក​សម្ដេច​សង្ឃ​ជាមួយ​ពួក​គ្រូវិន័យ​ និង​ពួក​ចាស់ទុំ​ក៏​ចំអក​ឲ្យ​ព្រះអង្គ​បែប​ដូច្នោះ​ដែរ​ថា៖​

42. «វា​សង្គ្រោះ​គេ​បាន​ ប៉ុន្ដែ​សង្គ្រោះ​ខ្លួន​ឯង​មិន​បាន​ទេ​ ហើយ​វា​ជា​ស្ដេច​អ៊ីស្រាអែល!​ ឲ្យ​វា​ចុះ​ពី​ឈើ​ឆ្កាង​ឥឡូវ​នេះ​មក​ នោះ​យើង​នឹង​ជឿ​វា​

43. វា​ទុក​ចិត្ត​លើ​ព្រះជាម្ចាស់​ ឥឡូវ​នេះ​ បើ​ព្រះអង្គ​សព្វ​ព្រះ​ហឫទ័យ​នឹង​វា​មែន​ ទុក​ឲ្យ​ព្រះអង្គ​សង្គ្រោះ​វា​ទៅ​ ដ្បិត​វា​បាន​និយាយ​ថា​ ខ្ញុំ​ជា​ព្រះរាជ​បុត្រា​ព្រះជាម្ចាស់»។​

44. ឯ​ពួក​ចោរ​ដែល​ជាប់​ឆ្កាង​ជាមួយ​ព្រះអង្គ​ក៏​ប្រមាថ​ព្រះអង្គ​ដូច​គ្នា​ដែរ។​

45. ចាប់​ពី​ម៉ោង​ដប់​ពីរ​ថ្ងៃ​ត្រង់​ ភាព​ងងឹត​បាន​គ្រប​ដណ្ដប់​លើ​តំបន់​នោះ​ទាំង​មូល​ រហូត​ដល់​ម៉ោង​បី​រសៀល​

46. ហើយ​នៅ​ប្រហែល​ម៉ោង​បី​រសៀល​ ព្រះយេស៊ូ​ស្រែក​ដោយ​សំឡេង​ខ្លាំងៗ​ថា៖​ «អេលី​ អេលី​ ឡាម៉ា​សាបាច់​ថានី?»​ ដែល​មាន​ន័យ​ថា​ «ឱ​ព្រះជាម្ចាស់​នៃ​ខ្ញុំ!​ ព្រះជាម្ចាស់​នៃ​ខ្ញុំអើយ!​ ហេតុអ្វី​ព្រះអង្គ​បោះបង់​ខ្ញុំ​ចោល​ដូច្នេះ?»​

47. ហើយ​អ្នក​ខ្លះ​ដែល​ឈរ​នៅ​ទីនោះ​បាន​ស្ដាប់​ឮ​ ក៏​និយាយ​ថា៖​ «អ្នក​នេះ​ស្រែក​រក​លោក​អេលីយ៉ា​ហើយ»​

48. ភ្លាម​នោះ​ បុរស​ម្នាក់​នៅ​ក្នុង​ចំណោម​ពួកគេ​ បាន​រត់​ទៅ​យក​សារាយ​ស្ងួត​ជ្រលក់​ទឹក​ខ្មេះ​ ដាក់​នឹង​ដើម​ត្រែង​ ហុច​ឲ្យ​ព្រះអង្គ​ផឹក​

49. តែ​អ្នក​ផ្សេង​ទៀត​និយាយ​ថា៖​ «ចូរ​យើង​កុំ​ធ្វើ​អី​គាត់​ ចាំ​មើល​ តើ​លោក​អេលីយ៉ា​មក​សង្គ្រោះ​គាត់​ដែរ​ឬ​អត់»។​

50. ព្រះយេស៊ូ​ក៏​ស្រែក​ដោយ​សំឡេង​ខ្លាំងៗ​ម្ដង​ទៀត​ រួច​បាន​ប្រគល់​វិញ្ញាណ​ទៅ​

សូមអានជំពូកពេញលេញ ម៉ាថាយ 27