31. នៅពេលចំអកឲ្យព្រះអង្គរួចហើយ ពួកគេក៏ដោះអាវវែងនោះចេញ បំពាក់អាវរបស់ព្រះអង្គឲ្យព្រះអង្គវិញ រួចនាំព្រះអង្គទៅឆ្កាង។
32. ពេលកំពុងចេញទៅនោះ ពួកគេឃើញបុរសម្នាក់ឈ្មោះស៊ីម៉ូន ជាអ្នកក្រុងគីរេន ពួកគេបង្ខំគាត់ឲ្យលីឈើឆ្កាងរបស់ព្រះអង្គ។
33. ពេលមកដល់កន្លែងមួយឈ្មោះ គាល់កូថា ដែលហៅថា តំបន់លលាដ៍ក្បាល
34. នោះពួកគេក៏ឲ្យព្រះអង្គផឹកស្រាទំពាំងបាយជូរដែលលាយនឹងសារធាតុម្យ៉ាងមានជាតិល្វីង។ ពេលព្រះអង្គភ្លក់ហើយ នោះព្រះអង្គមិនព្រមផឹកទេ។
35. កាលឆ្កាងព្រះអង្គរួចហើយ ពួកគេនាំគ្នាចាប់ឆ្នោតចែកអាវរបស់ព្រះអង្គ
36. ហើយអង្គុយយាមព្រះអង្គនៅទីនោះ។
37. ពួកគេដាក់ស្លាកនៅខាងលើព្រះសិររបស់ព្រះអង្គ ដែលសរសេរពីទោសរបស់ព្រះអង្គថា៖ «នេះជាយេស៊ូ ជាស្ដេចរបស់ជនជាតិយូដា»។
38. នៅពេលនោះ មានចោរពីរនាក់ត្រូវគេឆ្កាងជាមួយព្រះអង្គដែរ គឺម្នាក់នៅខាងស្ដាំ និងម្នាក់ទៀតនៅខាងឆ្វេង។
39. ពួកអ្នកដែលដើរកាត់ទីនោះ បានប្រមាថព្រះអង្គ ហើយគ្រវីក្បាល