គម្ពីរសញ្ញាថ្មី

ម៉ាថាយ 27:3-18 Khmer Christian Bible (KCB)

3. កាល​យូដាស​ជា​អ្នក​ក្បត់​ព្រះយេស៊ូ​ឃើញ​ថា​ ពួកគេ​ផ្ដន្ទា​ទោស​ព្រះអង្គ​ដូច្នេះ​ក៏​សោក​ស្ដាយ​ គាត់​បាន​ប្រគល់​កាក់​ប្រាក់​សាមសិប​កាក់​ទៅ​ឲ្យ​ពួក​សម្ដេច​សង្ឃ​ និង​ពួក​ចាស់ទុំ​វិញ​

4. ដោយ​និយាយ​ថា៖​ «ខ្ញុំ​ប្រព្រឹត្ត​បាប​ហើយ​ ដែល​បាន​ប្រគល់​ឈាម​គ្មាន​ទោស»​ ប៉ុន្ដែ​ពួកគេ​និយាយ​ថា៖​ «តើ​ទាក់​ទង​អ្វី​នឹង​យើង?​ ស្រេច​លើ​ឯង​ទេ​តើ»​

5. ពេល​គាត់​គ្រវែង​កាក់​ប្រាក់​ទៅ​ក្នុង​ព្រះ​វិហារ​ហើយ​ គាត់​ក៏​ចេញ​ទៅ​ ហើយ​បាន​ចង​ក​សម្លាប់​ខ្លួន។​

6. ពួក​សម្ដេច​សង្ឃ​យក​កាក់​ប្រាក់​ទាំង​នោះ​មក​ ហើយ​និយាយ​ថា៖​ «វា​មិន​ត្រូវ​តាម​វិន័យ​ទេ​ ដែល​ដាក់​កាក់​ទាំង​នេះ​ទៅ​ក្នុង​ហិប​តង្វាយ​ ព្រោះ​វា​ជា​ថ្លៃ​ឈាម»។​

7. កាល​បាន​ពិគ្រោះ​គ្នា​រួច​ហើយ​ ពួកគេ​ក៏​យក​កាក់​ទាំង​នោះ​ទៅ​ទិញ​ស្រែ​របស់​ជាង​ស្មូន​ម្នាក់​ សម្រាប់​ធ្វើ​ជា​កន្លែង​បញ្ចុះ​សព​ពួក​សាសន៍​ដទៃ​

8. ដូច្នោះ​ហើយ​ គេ​ហៅ​ស្រែ​នោះ​ថា​ ស្រែ​ឈាម​ រហូត​ដល់​សព្វ​ថ្ងៃ​នេះ។​

9. ការ​នោះ​សម្រេច​សេចក្ដី​ដែល​បាន​ថ្លែង​ទុក​តាម​រយៈ​លោក​យេរេមា​ ជា​អ្នក​នាំ​ព្រះបន្ទូល​ថា៖​ «ពួកគេ​បាន​យក​កាក់​ប្រាក់​សាមសិប​កាក់​ជា​តម្លែ​របស់​ព្រះអង្គ​ ដែល​ពួក​កូន​ចៅ​អ៊ីស្រាអែល​បាន​កាត់​ថ្លៃ​

10. រួច​ប្រគល់​កាក់​ទាំង​នោះ​ ដើម្បី​យក​ស្រែ​របស់​ជាង​ស្មូន​ ដូច​ដែល​ព្រះអម្ចាស់​បាន​បង្គាប់​មក​ខ្ញុំ»។​

11. កាល​ព្រះយេស៊ូ​កំពុង​ឈរ​នៅ​ចំពោះ​មុខ​លោក​អភិបាល​ នោះ​លោក​អភិបាល​សួរ​ព្រះអង្គ​ថា៖​ «តើ​អ្នក​ជា​ស្ដេច​របស់​ជនជាតិ​យូដា​ឬ?»​ ព្រះយេស៊ូ​មាន​បន្ទូល​ថា៖​ «លោក​និយាយ​ត្រូវ​ហើយ»។​

12. ពេល​ពួក​សម្ដេច​សង្ឃ​ និង​ពួក​ចាស់ទុំ​ចោទ​ប្រកាន់​ព្រះអង្គ​ ព្រះអង្គ​មិន​បាន​ឆ្លើយ​អ្វី​ឡើយ។​

13. ពេល​នោះ​ លោក​ពីឡាត់​ក៏​សួរ​ព្រះអង្គ​ថា៖​ «តើ​អ្នក​មិន​ឮ​ពួកគេ​កំពុង​ចោទ​ប្រកាន់​អ្នក​ពី​ករណី​ជា​ច្រើន​ទេ​ឬ?»​

14. ប៉ុន្ដែ​ព្រះអង្គ​មិន​បាន​ឆ្លើយ​ទៅ​គាត់​ទេ​ សូម្បី​តែ​មួយ​ម៉ាត់​ ធ្វើ​ឲ្យ​លោក​អភិបាល​ងឿង​ឆ្ងល់​យ៉ាង​ខ្លាំង។​

15. រៀង​រាល់​ថ្ងៃ​បុណ្យ​ លោក​អភិបាល​ធ្លាប់​ដោះលែង​អ្នក​ទោស​ម្នាក់​ឲ្យ​បណ្ដាជន​តាម​ដែល​ពួកគេ​ចង់​បាន។​

16. គ្រា​នោះ​ មាន​អ្នក​ទោស​ម្នាក់​ល្បី​អសោច​ ឈ្មោះ​យេស៊ូ​បារ៉ាបាស​

17. ដូច្នេះ​ កាល​ពួកគេ​បាន​មក​ជួបជុំ​គ្នា​ លោក​ពីឡាត់​ក៏​សួរ​ពួកគេ​ថា៖​ «តើ​អ្នក​រាល់គ្នា​ចង់​ឲ្យ​ខ្ញុំ​ដោះលែង​អ្នកណា​ឲ្យ​អ្នក​រាល់គ្នា​ យេស៊ូ​បារ៉ាបាស​ ឬ​យេស៊ូ​ដែល​ហៅ​ថា​ ព្រះគ្រិស្ដ?»​

18. ដ្បិត​គាត់​ដឹង​ថា​ ពួកគេ​បញ្ជូន​ព្រះអង្គ​មក​នេះ​ ព្រោះ​តែ​សេចក្ដី​ឈ្នានីស។​

សូមអានជំពូកពេញលេញ ម៉ាថាយ 27