គម្ពីរសញ្ញាថ្មី

ម៉ាថាយ 27:24-39 Khmer Christian Bible (KCB)

24. កាល​លោក​ពីឡាត់​ឃើញ​ថា​ គាត់​ធ្វើ​អ្វី​ក៏​មិន​បាន​ការ​ដូច្នេះ​ ហើយ​បែរ​ជា​មាន​ចលាចល​ខ្លាំង​ឡើង​ គាត់​ក៏​យក​ទឹក​មក​លាង​ដៃ​នៅ​ចំពោះ​មុខ​បណ្ដាជន​ ហើយ​និយាយ​ថា៖​ «ខ្ញុំ​មិន​ជំពាក់​អ្វី​នឹង​ឈាម​របស់​មនុស្ស​នេះ​ទេ​ គឺ​អ្នក​រាល់គ្នា​ជា​អ្នក​ទទួល​ខុស​ត្រូវ»​

25. ប្រជាជន​ទាំង​អស់​ឆ្លើយ​ឡើង​ថា៖​ «ចូរ​ឲ្យ​ឈាម​របស់​អ្នក​នេះ​ធ្លាក់​មក​លើ​យើង​ និង​កូន​ចៅ​របស់​យើង​ចុះ»​

26. បន្ទាប់​មក​ លោក​ពីឡាត់​ក៏​ដោះលែង​បារ៉ាបាស​ឲ្យ​ពួកគេ​ ឯ​ព្រះយេស៊ូ​វិញ​ គាត់​ឲ្យ​គេ​វាយ​នឹង​ខ្សែតី​ ហើយ​ប្រគល់​ព្រះអង្គ​ទៅ​ឲ្យ​គេ​ឆ្កាង។​

27. បន្ទាប់​មក​ ទាហាន​របស់​លោក​អភិបាល​បាន​យក​ព្រះយេស៊ូ​ទៅ​ក្នុង​បន្ទាយ​ទ័ព​ ហើយ​ប្រមូល​ទាហាន​ទាំង​អស់​មក​ចោម​រោម​ព្រះអង្គ។​

28. ពេល​ដោះ​សម្លៀក​បំពាក់​របស់​ព្រះអង្គ​ហើយ​ ពួកគេ​ក៏​ពាក់​អាវ​វែង​ពណ៌​ក្រហមទុំ​ឲ្យ​ព្រះអង្គ​វិញ​

29. រួច​ពួកគេ​បាន​ក្រង​មកុដ​បន្លា​ មក​បំពាក់​លើ​ព្រះសិរ​របស់​ព្រះអង្គ​ ហើយ​ដាក់​ដើម​ត្រែង​ក្នុង​ព្រះហស្ដ​ស្ដាំ​របស់​ព្រះអង្គ​ និង​នាំ​គ្នា​លុត​ជង្គង់​នៅ​ពី​មុខ​ព្រះអង្គ​ ដោយ​ចំអក​ថា៖​ «ថ្វាយ​បង្គំ​ស្ដេច​របស់​ជនជាតិ​យូដា!»​

30. ពួកគេ​នាំ​គ្នា​ស្ដោះ​ទឹក​មាត់​ដាក់​ព្រះអង្គ​ ហើយ​យក​ដើម​ត្រែង​នោះ​វាយ​ព្រះសិរ​របស់​ព្រះអង្គ។​

31. នៅ​ពេល​ចំអក​ឲ្យ​ព្រះអង្គ​រួច​ហើយ​ ពួកគេ​ក៏​ដោះ​អាវ​វែង​នោះ​ចេញ​ បំពាក់​អាវ​របស់​ព្រះអង្គ​ឲ្យ​ព្រះអង្គ​វិញ​ រួច​នាំ​ព្រះអង្គ​ទៅ​ឆ្កាង។​

32. ពេល​កំពុង​ចេញ​ទៅ​នោះ​ ពួកគេ​ឃើញ​បុរស​ម្នាក់​ឈ្មោះ​ស៊ីម៉ូន​ ជា​អ្នក​ក្រុង​គីរេន​ ពួកគេ​បង្ខំ​គាត់​ឲ្យ​លី​ឈើ​ឆ្កាង​របស់​ព្រះអង្គ។​

33. ពេល​មក​ដល់​កន្លែង​មួយ​ឈ្មោះ​ គាល់កូថា​ ដែល​ហៅ​ថា​ តំបន់​លលាដ៍​ក្បាល​

34. នោះ​ពួកគេ​ក៏​ឲ្យ​ព្រះអង្គ​ផឹក​ស្រា​ទំពាំង​បាយជូរ​ដែល​លាយ​នឹង​សារធាតុ​ម្យ៉ាង​មាន​ជាតិ​ល្វីង។​ ពេល​ព្រះអង្គ​ភ្លក់​ហើយ​ នោះ​ព្រះអង្គ​មិន​ព្រម​ផឹក​ទេ។​

35. កាល​ឆ្កាង​ព្រះអង្គ​រួច​ហើយ​ ពួកគេ​នាំ​គ្នា​ចាប់​ឆ្នោត​ចែក​អាវ​របស់​ព្រះអង្គ​

36. ហើយ​អង្គុយ​យាម​ព្រះអង្គ​នៅ​ទី​នោះ។​

37. ពួកគេ​ដាក់​ស្លាក​នៅ​ខាង​លើ​ព្រះសិរ​របស់​ព្រះអង្គ​ ដែល​សរសេរ​ពី​ទោស​របស់​ព្រះអង្គ​ថា៖​ «នេះ​ជា​យេស៊ូ​ ជា​ស្ដេច​របស់​ជនជាតិ​យូដា»។​

38. នៅ​ពេល​នោះ​ មាន​ចោរ​ពីរ​នាក់​ត្រូវ​គេ​ឆ្កាង​ជាមួយ​ព្រះអង្គ​ដែរ​ គឺ​ម្នាក់​នៅ​ខាង​ស្ដាំ​ និង​ម្នាក់​ទៀត​នៅ​ខាង​ឆ្វេង។​

39. ពួក​អ្នក​ដែល​ដើរ​កាត់​ទីនោះ​ បាន​ប្រមាថ​ព្រះអង្គ​ ហើយ​គ្រវី​ក្បាល​

សូមអានជំពូកពេញលេញ ម៉ាថាយ 27