18. ដ្បិតគាត់ដឹងថា ពួកគេបញ្ជូនព្រះអង្គមកនេះ ព្រោះតែសេចក្ដីឈ្នានីស។
19. ពេលគាត់កំពុងអង្គុយលើទីកាត់ក្ដី ប្រពន្ធរបស់គាត់បានចាត់គេឲ្យមកប្រាប់គាត់ថា៖ «លោកកុំធ្វើអ្វីដល់មនុស្សសុចរិតនេះឲ្យសោះ ព្រោះថ្ងៃនេះ ដោយសារគាត់ ខ្ញុំបានទទួលរងទុក្ខខ្លាំងណាស់នៅក្នុងយល់សប្ដិ»។
20. ពួកសម្ដេចសង្ឃ និងពួកចាស់ទុំបានញុះញង់បណ្ដាជនឲ្យសុំយកបារ៉ាបាស ហើយឲ្យសម្លាប់ព្រះយេស៊ូវិញ។
21. លោកអភិបាលឆ្លើយទៅពួកគេថា៖ «ក្នុងចំណោមអ្នកទាំងពីរនេះ តើអ្នករាល់គ្នាចង់ឲ្យខ្ញុំដោះលែងអ្នកណា?» ពួកគេនិយាយថា៖ «បារ៉ាបាស»
22. នោះលោកពីឡាត់ក៏និយាយទៅពួកគេវិញថា៖ «តើឲ្យខ្ញុំធ្វើដូចម្ដេចចំពោះយេស៊ូដែលហៅថាព្រះគ្រិស្ដនេះ?» គេក៏និយាយទាំងអស់គ្នាថា៖ «ឆ្កាងវាទៅ!»
23. លោកពីឡាត់បានសួរទៀតថា៖ «ហេតុអ្វី? តើគាត់បានធ្វើអំពើអ្វីអាក្រក់ឬ?» នោះពួកគេស្រែកកាន់តែខ្លាំងឡើងថា៖ «ឆ្កាងវាទៅ!»
24. កាលលោកពីឡាត់ឃើញថា គាត់ធ្វើអ្វីក៏មិនបានការដូច្នេះ ហើយបែរជាមានចលាចលខ្លាំងឡើង គាត់ក៏យកទឹកមកលាងដៃនៅចំពោះមុខបណ្ដាជន ហើយនិយាយថា៖ «ខ្ញុំមិនជំពាក់អ្វីនឹងឈាមរបស់មនុស្សនេះទេ គឺអ្នករាល់គ្នាជាអ្នកទទួលខុសត្រូវ»
25. ប្រជាជនទាំងអស់ឆ្លើយឡើងថា៖ «ចូរឲ្យឈាមរបស់អ្នកនេះធ្លាក់មកលើយើង និងកូនចៅរបស់យើងចុះ»
26. បន្ទាប់មក លោកពីឡាត់ក៏ដោះលែងបារ៉ាបាសឲ្យពួកគេ ឯព្រះយេស៊ូវិញ គាត់ឲ្យគេវាយនឹងខ្សែតី ហើយប្រគល់ព្រះអង្គទៅឲ្យគេឆ្កាង។
27. បន្ទាប់មក ទាហានរបស់លោកអភិបាលបានយកព្រះយេស៊ូទៅក្នុងបន្ទាយទ័ព ហើយប្រមូលទាហានទាំងអស់មកចោមរោមព្រះអង្គ។
28. ពេលដោះសម្លៀកបំពាក់របស់ព្រះអង្គហើយ ពួកគេក៏ពាក់អាវវែងពណ៌ក្រហមទុំឲ្យព្រះអង្គវិញ
29. រួចពួកគេបានក្រងមកុដបន្លា មកបំពាក់លើព្រះសិររបស់ព្រះអង្គ ហើយដាក់ដើមត្រែងក្នុងព្រះហស្ដស្ដាំរបស់ព្រះអង្គ និងនាំគ្នាលុតជង្គង់នៅពីមុខព្រះអង្គ ដោយចំអកថា៖ «ថ្វាយបង្គំស្ដេចរបស់ជនជាតិយូដា!»
30. ពួកគេនាំគ្នាស្ដោះទឹកមាត់ដាក់ព្រះអង្គ ហើយយកដើមត្រែងនោះវាយព្រះសិររបស់ព្រះអង្គ។
31. នៅពេលចំអកឲ្យព្រះអង្គរួចហើយ ពួកគេក៏ដោះអាវវែងនោះចេញ បំពាក់អាវរបស់ព្រះអង្គឲ្យព្រះអង្គវិញ រួចនាំព្រះអង្គទៅឆ្កាង។
32. ពេលកំពុងចេញទៅនោះ ពួកគេឃើញបុរសម្នាក់ឈ្មោះស៊ីម៉ូន ជាអ្នកក្រុងគីរេន ពួកគេបង្ខំគាត់ឲ្យលីឈើឆ្កាងរបស់ព្រះអង្គ។
33. ពេលមកដល់កន្លែងមួយឈ្មោះ គាល់កូថា ដែលហៅថា តំបន់លលាដ៍ក្បាល
34. នោះពួកគេក៏ឲ្យព្រះអង្គផឹកស្រាទំពាំងបាយជូរដែលលាយនឹងសារធាតុម្យ៉ាងមានជាតិល្វីង។ ពេលព្រះអង្គភ្លក់ហើយ នោះព្រះអង្គមិនព្រមផឹកទេ។
35. កាលឆ្កាងព្រះអង្គរួចហើយ ពួកគេនាំគ្នាចាប់ឆ្នោតចែកអាវរបស់ព្រះអង្គ
36. ហើយអង្គុយយាមព្រះអង្គនៅទីនោះ។