14. ប៉ុន្ដែព្រះអង្គមិនបានឆ្លើយទៅគាត់ទេ សូម្បីតែមួយម៉ាត់ ធ្វើឲ្យលោកអភិបាលងឿងឆ្ងល់យ៉ាងខ្លាំង។
15. រៀងរាល់ថ្ងៃបុណ្យ លោកអភិបាលធ្លាប់ដោះលែងអ្នកទោសម្នាក់ឲ្យបណ្ដាជនតាមដែលពួកគេចង់បាន។
16. គ្រានោះ មានអ្នកទោសម្នាក់ល្បីអសោច ឈ្មោះយេស៊ូបារ៉ាបាស
17. ដូច្នេះ កាលពួកគេបានមកជួបជុំគ្នា លោកពីឡាត់ក៏សួរពួកគេថា៖ «តើអ្នករាល់គ្នាចង់ឲ្យខ្ញុំដោះលែងអ្នកណាឲ្យអ្នករាល់គ្នា យេស៊ូបារ៉ាបាស ឬយេស៊ូដែលហៅថា ព្រះគ្រិស្ដ?»
18. ដ្បិតគាត់ដឹងថា ពួកគេបញ្ជូនព្រះអង្គមកនេះ ព្រោះតែសេចក្ដីឈ្នានីស។
19. ពេលគាត់កំពុងអង្គុយលើទីកាត់ក្ដី ប្រពន្ធរបស់គាត់បានចាត់គេឲ្យមកប្រាប់គាត់ថា៖ «លោកកុំធ្វើអ្វីដល់មនុស្សសុចរិតនេះឲ្យសោះ ព្រោះថ្ងៃនេះ ដោយសារគាត់ ខ្ញុំបានទទួលរងទុក្ខខ្លាំងណាស់នៅក្នុងយល់សប្ដិ»។
20. ពួកសម្ដេចសង្ឃ និងពួកចាស់ទុំបានញុះញង់បណ្ដាជនឲ្យសុំយកបារ៉ាបាស ហើយឲ្យសម្លាប់ព្រះយេស៊ូវិញ។
21. លោកអភិបាលឆ្លើយទៅពួកគេថា៖ «ក្នុងចំណោមអ្នកទាំងពីរនេះ តើអ្នករាល់គ្នាចង់ឲ្យខ្ញុំដោះលែងអ្នកណា?» ពួកគេនិយាយថា៖ «បារ៉ាបាស»
22. នោះលោកពីឡាត់ក៏និយាយទៅពួកគេវិញថា៖ «តើឲ្យខ្ញុំធ្វើដូចម្ដេចចំពោះយេស៊ូដែលហៅថាព្រះគ្រិស្ដនេះ?» គេក៏និយាយទាំងអស់គ្នាថា៖ «ឆ្កាងវាទៅ!»
23. លោកពីឡាត់បានសួរទៀតថា៖ «ហេតុអ្វី? តើគាត់បានធ្វើអំពើអ្វីអាក្រក់ឬ?» នោះពួកគេស្រែកកាន់តែខ្លាំងឡើងថា៖ «ឆ្កាងវាទៅ!»
24. កាលលោកពីឡាត់ឃើញថា គាត់ធ្វើអ្វីក៏មិនបានការដូច្នេះ ហើយបែរជាមានចលាចលខ្លាំងឡើង គាត់ក៏យកទឹកមកលាងដៃនៅចំពោះមុខបណ្ដាជន ហើយនិយាយថា៖ «ខ្ញុំមិនជំពាក់អ្វីនឹងឈាមរបស់មនុស្សនេះទេ គឺអ្នករាល់គ្នាជាអ្នកទទួលខុសត្រូវ»