គម្ពីរសញ្ញាថ្មី

ម៉ាថាយ 27:10-27 Khmer Christian Bible (KCB)

10. រួច​ប្រគល់​កាក់​ទាំង​នោះ​ ដើម្បី​យក​ស្រែ​របស់​ជាង​ស្មូន​ ដូច​ដែល​ព្រះអម្ចាស់​បាន​បង្គាប់​មក​ខ្ញុំ»។​

11. កាល​ព្រះយេស៊ូ​កំពុង​ឈរ​នៅ​ចំពោះ​មុខ​លោក​អភិបាល​ នោះ​លោក​អភិបាល​សួរ​ព្រះអង្គ​ថា៖​ «តើ​អ្នក​ជា​ស្ដេច​របស់​ជនជាតិ​យូដា​ឬ?»​ ព្រះយេស៊ូ​មាន​បន្ទូល​ថា៖​ «លោក​និយាយ​ត្រូវ​ហើយ»។​

12. ពេល​ពួក​សម្ដេច​សង្ឃ​ និង​ពួក​ចាស់ទុំ​ចោទ​ប្រកាន់​ព្រះអង្គ​ ព្រះអង្គ​មិន​បាន​ឆ្លើយ​អ្វី​ឡើយ។​

13. ពេល​នោះ​ លោក​ពីឡាត់​ក៏​សួរ​ព្រះអង្គ​ថា៖​ «តើ​អ្នក​មិន​ឮ​ពួកគេ​កំពុង​ចោទ​ប្រកាន់​អ្នក​ពី​ករណី​ជា​ច្រើន​ទេ​ឬ?»​

14. ប៉ុន្ដែ​ព្រះអង្គ​មិន​បាន​ឆ្លើយ​ទៅ​គាត់​ទេ​ សូម្បី​តែ​មួយ​ម៉ាត់​ ធ្វើ​ឲ្យ​លោក​អភិបាល​ងឿង​ឆ្ងល់​យ៉ាង​ខ្លាំង។​

15. រៀង​រាល់​ថ្ងៃ​បុណ្យ​ លោក​អភិបាល​ធ្លាប់​ដោះលែង​អ្នក​ទោស​ម្នាក់​ឲ្យ​បណ្ដាជន​តាម​ដែល​ពួកគេ​ចង់​បាន។​

16. គ្រា​នោះ​ មាន​អ្នក​ទោស​ម្នាក់​ល្បី​អសោច​ ឈ្មោះ​យេស៊ូ​បារ៉ាបាស​

17. ដូច្នេះ​ កាល​ពួកគេ​បាន​មក​ជួបជុំ​គ្នា​ លោក​ពីឡាត់​ក៏​សួរ​ពួកគេ​ថា៖​ «តើ​អ្នក​រាល់គ្នា​ចង់​ឲ្យ​ខ្ញុំ​ដោះលែង​អ្នកណា​ឲ្យ​អ្នក​រាល់គ្នា​ យេស៊ូ​បារ៉ាបាស​ ឬ​យេស៊ូ​ដែល​ហៅ​ថា​ ព្រះគ្រិស្ដ?»​

18. ដ្បិត​គាត់​ដឹង​ថា​ ពួកគេ​បញ្ជូន​ព្រះអង្គ​មក​នេះ​ ព្រោះ​តែ​សេចក្ដី​ឈ្នានីស។​

19. ពេល​គាត់​កំពុង​អង្គុយ​លើ​ទី​កាត់​ក្ដី​ ប្រពន្ធ​របស់​គាត់​បាន​ចាត់​គេ​ឲ្យ​មក​ប្រាប់​គាត់​ថា៖​ «លោក​កុំ​ធ្វើ​អ្វី​ដល់​មនុស្ស​សុចរិត​នេះ​ឲ្យ​សោះ​ ព្រោះ​ថ្ងៃ​នេះ​ ដោយសារ​គាត់​ ខ្ញុំ​បាន​ទទួល​រងទុក្ខ​ខ្លាំង​ណាស់​នៅ​ក្នុង​យល់សប្ដិ»។​

20. ពួក​សម្ដេច​សង្ឃ​ និង​ពួក​ចាស់ទុំ​បាន​ញុះញង់​បណ្ដាជន​ឲ្យ​សុំ​យក​បារ៉ាបាស​ ហើយ​ឲ្យ​សម្លាប់​ព្រះយេស៊ូ​វិញ។​

21. លោក​អភិបាល​ឆ្លើយ​ទៅ​ពួកគេ​ថា៖​ «ក្នុង​ចំណោម​អ្នក​ទាំង​ពីរ​នេះ​ តើ​អ្នក​រាល់គ្នា​ចង់​ឲ្យ​ខ្ញុំ​ដោះលែង​អ្នកណា?»​ ពួកគេ​និយាយ​ថា៖​ «បារ៉ាបាស»​

22. នោះ​លោក​ពីឡាត់​ក៏​និយាយ​ទៅ​ពួកគេ​វិញ​ថា៖​ «តើ​ឲ្យ​ខ្ញុំ​ធ្វើ​ដូច​ម្ដេច​ចំពោះ​យេស៊ូ​ដែល​ហៅ​ថា​ព្រះគ្រិស្ដ​នេះ?»​ គេ​ក៏​និយាយ​ទាំង​អស់​គ្នា​ថា៖​ «ឆ្កាង​វា​ទៅ!»​

23. លោក​ពីឡាត់​បាន​សួរ​ទៀត​ថា៖​ «ហេតុ​អ្វី?​ តើ​គាត់​បាន​ធ្វើ​អំពើ​អ្វី​អាក្រក់​ឬ?»​ នោះ​ពួកគេ​ស្រែក​កាន់​តែ​ខ្លាំង​ឡើង​ថា៖​ «ឆ្កាង​វា​ទៅ!»​

24. កាល​លោក​ពីឡាត់​ឃើញ​ថា​ គាត់​ធ្វើ​អ្វី​ក៏​មិន​បាន​ការ​ដូច្នេះ​ ហើយ​បែរ​ជា​មាន​ចលាចល​ខ្លាំង​ឡើង​ គាត់​ក៏​យក​ទឹក​មក​លាង​ដៃ​នៅ​ចំពោះ​មុខ​បណ្ដាជន​ ហើយ​និយាយ​ថា៖​ «ខ្ញុំ​មិន​ជំពាក់​អ្វី​នឹង​ឈាម​របស់​មនុស្ស​នេះ​ទេ​ គឺ​អ្នក​រាល់គ្នា​ជា​អ្នក​ទទួល​ខុស​ត្រូវ»​

25. ប្រជាជន​ទាំង​អស់​ឆ្លើយ​ឡើង​ថា៖​ «ចូរ​ឲ្យ​ឈាម​របស់​អ្នក​នេះ​ធ្លាក់​មក​លើ​យើង​ និង​កូន​ចៅ​របស់​យើង​ចុះ»​

26. បន្ទាប់​មក​ លោក​ពីឡាត់​ក៏​ដោះលែង​បារ៉ាបាស​ឲ្យ​ពួកគេ​ ឯ​ព្រះយេស៊ូ​វិញ​ គាត់​ឲ្យ​គេ​វាយ​នឹង​ខ្សែតី​ ហើយ​ប្រគល់​ព្រះអង្គ​ទៅ​ឲ្យ​គេ​ឆ្កាង។​

27. បន្ទាប់​មក​ ទាហាន​របស់​លោក​អភិបាល​បាន​យក​ព្រះយេស៊ូ​ទៅ​ក្នុង​បន្ទាយ​ទ័ព​ ហើយ​ប្រមូល​ទាហាន​ទាំង​អស់​មក​ចោម​រោម​ព្រះអង្គ។​

សូមអានជំពូកពេញលេញ ម៉ាថាយ 27