9. ដ្បិតប្រេងនេះអាចលក់បានថ្លៃ ហើយអាចចែកទានដល់អ្នកក្របាន»។
10. កាលព្រះយេស៊ូជ្រាបហើយ ក៏មានបន្ទូលទៅពួកគេថា៖ «ហេតុអ្វីអ្នករាល់គ្នាបង្ករឿងនឹងស្ដ្រីនេះដូច្នេះ? គឺនាងបានធ្វើកិច្ចការដ៏ប្រសើរដល់ខ្ញុំ។
11. ដ្បិតអ្នកក្រតែងនៅជាមួយអ្នករាល់គ្នាជានិច្ច ឯខ្ញុំវិញ មិននៅជាមួយអ្នករាល់គ្នារហូតទេ
12. ប៉ុន្ដែស្ដ្រីនេះបានចាក់ប្រេងក្រអូបនេះលើខ្លួនខ្ញុំ ដើម្បីរៀបចំបញ្ចុះសពរបស់ខ្ញុំ
13. ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា នៅក្នុងពិភពលោកទាំងមូល នៅទីណាក៏ដោយដែលគេប្រកាសដំណឹងល្អ គេក៏និយាយអំពីអ្វីដែលស្ដ្រីម្នាក់នេះបានធ្វើដែរ ដើម្បីជាការរំលឹកដល់នាង»។
14. នៅពេលនោះ សាវកម្នាក់ក្នុងចំណោមសាវកទាំងដប់ពីរ ឈ្មោះ យូដាសអ៊ីស្ការីយ៉ុត បានទៅជួបពួកសម្ដេចសង្ឃ
15. ប្រាប់ថា៖ «ខ្ញុំនឹងប្រគល់គាត់ឲ្យពួកលោក តើពួកលោកនឹងឲ្យអ្វីខ្ញុំ?» ពួកគេក៏ឲ្យគាត់សាមសិបកាក់ប្រាក់។
16. តាំងពីពេលនោះមក គាត់ក៏រកឱកាសដើម្បីប្រគល់ព្រះអង្គឲ្យពួកគេ។
17. នៅថ្ងៃទីមួយនៃថ្ងៃបុណ្យនំបុ័ងឥតមេ ពួកសិស្សបានចូលមកជិតព្រះយេស៊ូ ទូលសួរថា៖ «តើលោកចង់ឲ្យយើងរៀបចំឲ្យលោកបរិភោគក្នុងពិធីបុណ្យរំលងនៅទីណា?»
18. ព្រះអង្គមានបន្ទូលថា៖ «ចូរទៅឯបុរសម្នាក់នៅក្នុងក្រុង ហើយប្រាប់គាត់ថា លោកគ្រូនិយាយថា ពេលកំណត់របស់ខ្ញុំជិតដល់ហើយ ខ្ញុំនឹងធ្វើបុណ្យរំលងជាមួយពួកសិស្សរបស់ខ្ញុំនៅកន្លែងអ្នក»។
19. ពួកសិស្សក៏ធ្វើដូចដែលព្រះយេស៊ូបានបង្គាប់ ហើយពួកគេក៏រៀបចំពិធីបុណ្យរំលង។
20. លុះដល់ពេលល្ងាច ព្រះអង្គក៏បានអង្គុយនៅតុអាហារជាមួយសាវកទាំងដប់ពីរ
21. ហើយពេលពួកគេកំពុងបរិភោគ ព្រះអង្គមានបន្ទូលថា៖ «ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា ក្នុងចំណោមអ្នករាល់គ្នា មានម្នាក់នឹងក្បត់ខ្ញុំ»។