គម្ពីរសញ្ញាថ្មី

ម៉ាថាយ 26:67-75 Khmer Christian Bible (KCB)

67. បន្ទាប់មក​ ពួកគេ​ស្ដោះ​ទឹក​មាត់​ដាក់​ព្រះភក្ដ្រ​ព្រះអង្គ​ ដាល់​ព្រះអង្គ​ ហើយ​ទះ​កំផ្លៀង​ព្រះអង្គ​

68. ទាំង​និយាយ​ថា៖​ «ព្រះគ្រិស្ដ​អើយ!​ ទាយ​ប្រាប់​យើង​មើល៍​ តើ​អ្នកណា​វាយ​ឯង?»​

69. ពេល​លោក​ពេត្រុស​កំពុង​អង្គុយ​នៅ​ខាង​ក្រៅ​ផ្ទះ​ មាន​ស្រី​បម្រើ​ម្នាក់​ចូល​មក​ជិត​គាត់​ និយាយ​ថា៖​ «អ្នក​ក៏​នៅ​ជាមួយ​យេស៊ូ​អ្នក​ស្រុក​កាលីឡេ​ដែរ»​

70. ប៉ុន្ដែ​លោក​ពេត្រុស​បដិសេធ​នៅ​ចំពោះ​មុខ​មនុស្ស​គ្រប់​គ្នា​ថា៖​ «ខ្ញុំ​មិន​ដឹង​ថា​ អ្នក​កំពុង​និយាយ​អំពី​អ្វី​ទេ»។​

71. ពេល​ចេញ​ទៅ​ក្រៅ​ដល់​មាត់​ទ្វារ​ មាន​ស្រី​ម្នាក់​ទៀត​បាន​ឃើញ​គាត់​ ក៏​ប្រាប់​ពួក​អ្នក​នៅ​ទី​នោះ​ថា៖​ «ម្នាក់​នេះ​ក៏​នៅ​ជាមួយ​យេស៊ូ​អ្នក​ក្រុង​ណាសារ៉ែត​ដែរ»​

72. នោះ​លោក​ពេត្រុស​បាន​បដិសេធ​ដោយ​ស្បថ​ម្ដង​ទៀត​ថា៖​ «ខ្ញុំ​មិន​ស្គាល់​មនុស្ស​នោះ​ទេ»​

73. បន្តិច​ក្រោយ​មក​ ពួក​អ្នក​កំពុង​ឈរ​ ក៏​ចូល​មក​ជិត​លោក​ពេត្រុស​ និយាយ​ថា៖​ «ប្រាកដ​ណាស់​ អ្នក​ជា​ម្នាក់​នៅ​ក្នុង​ចំណោម​ពួកគេ​ដែរ​ ព្រោះ​សូម្បីតែ​សម្លេង​របស់​អ្នក​ក៏​បញ្ជាក់​ច្បាស់​ដែរ»​

74. ពេល​នោះ​ លោក​ពេត្រុស​ក៏​ចាប់​ផ្ដើម​ប្រមាថ​ ទាំង​ស្បថ​ថា៖​ «ខ្ញុំ​មិន​ស្គាល់​មនុស្ស​នោះ​ទេ»​ ស្រាប់​តែ​មាន់​រងាវ​ឡើង។​

75. លោក​ពេត្រុស​ក៏​នឹក​ចាំ​ពី​ព្រះបន្ទូល​របស់​ព្រះយេស៊ូ​ដែល​មាន​បន្ទូល​ថា​ «មុន​មាន់​រងាវ​ អ្នក​នឹង​បដិសេធ​ខ្ញុំ​បី​ដង»។​ គាត់​ក៏​ចេញ​ទៅ​ក្រៅ​ ទាំង​ទ្រហោ​យំ​យ៉ាង​ក្ដុកក្ដួល។​

សូមអានជំពូកពេញលេញ ម៉ាថាយ 26