51. នោះមានម្នាក់ក្នុងចំណោមពួកអ្នកនៅជាមួយព្រះយេស៊ូ បានលូកដៃហូតដាវរបស់ខ្លួន កាប់ដាច់ត្រចៀកបាវបម្រើម្នាក់របស់សម្ដេចសង្ឃ
52. ពេលនោះព្រះយេស៊ូមានបន្ទូលទៅគាត់ថា៖ «ចូរទុកដាវរបស់អ្នកទៅក្នុងកន្លែងរបស់វាវិញទៅ ដ្បិតអស់អ្នកដែលរើសយកដាវ នឹងស្លាប់ដោយដាវ
53. ឬមួយអ្នកគិតថា នៅពេលនេះ ខ្ញុំមិនអាចសុំព្រះវរបិតារបស់ខ្ញុំឲ្យព្រះអង្គប្រទានពួកទេវតាលើសពីដប់ពីរកងដល់ខ្ញុំបានទេឬ?
54. បើធ្វើដូច្នេះ តើបទគម្ពីរដែលចែងថា ត្រូវតែកើតឡើងដូច្នេះ នឹងអាចសម្រេចបានយ៉ាងដូចម្ដេច?»
55. នៅពេលនោះ ព្រះយេស៊ូក៏មានបន្ទូលទៅបណ្ដាជនថា៖ «តើអ្នករាល់គ្នាមកតទល់នឹងចោរឬអី បានជាមកចាប់ខ្ញុំទាំងមានដាវ និងដំបងដូច្នេះ? ខ្ញុំអង្គុយបង្រៀននៅក្នុងព្រះវិហាររាល់ថ្ងៃ នោះអ្នករាល់គ្នាមិនចាប់ខ្ញុំទេ
56. ប៉ុន្ដែការទាំងអស់នេះកើតឡើង ដើម្បីសម្រេចតាមបទគម្ពីររបស់អ្នកនាំព្រះបន្ទូល»។ ពេលនោះ ពួកសិស្សក៏រត់គេចខ្លួនចោលព្រះអង្គទាំងអស់គ្នា។
57. ពួកអ្នកដែលចាប់ព្រះយេស៊ូក៏នាំព្រះអង្គទៅឯសម្ដេចសង្ឃកៃផា ជាកន្លែងដែលពួកគ្រូវិន័យ និងពួកចាស់ទុំបានជួបជុំគ្នា។
58. លោកពេត្រុសបានដើរតាមព្រះអង្គពីចម្ងាយ រហូតដល់ក្នុងផ្ទះរបស់សម្ដេចសង្ឃ ហើយបានចូលទៅអង្គុយជាមួយពួកអ្នកបម្រើការនៅខាងក្នុង ដើម្បីមើលលទ្ធផល។
59. ពួកសម្ដេចសង្ឃ និងក្រុមបឹ្រក្សាកំពូលទាំងមូលបានរកភស្តុតាងក្លែងក្លាយប្រឆាំងព្រះយេស៊ូ ដើម្បីអាចសម្លាប់ព្រះអង្គបាន
60. ប៉ុន្ដែពួកគេរកមិនបានសោះ ទោះបីមានសាក្សីក្លែងក្លាយជាច្រើនបានចូលមកក៏ដោយ។ នៅទីបំផុត ក៏មានពីរនាក់បានចូលមក
61. និយាយថា៖ «ម្នាក់នេះបាននិយាយថា ខ្ញុំអាចបំផ្លាញព្រះវិហាររបស់ព្រះជាម្ចាស់បាន ហើយសង់ឡើងវិញក្នុងរយៈពេលបីថ្ងៃ»។