គម្ពីរសញ្ញាថ្មី

ម៉ាថាយ 26:50-65 Khmer Christian Bible (KCB)

50. ព្រះយេស៊ូ​មាន​បន្ទូល​ទៅ​គាត់​ថា៖​ «សម្លាញ់​អើយ!​ អ្នក​មក​ដើម្បី​អ្វី​ ចូរ​ធ្វើ​ចុះ»​ បន្ទាប់​មក​ ពួកគេ​ក៏​ចូល​មក​ជិត​ ហើយ​លូក​ដៃ​ចាប់​ព្រះយេស៊ូ​

51. នោះ​មាន​ម្នាក់​ក្នុង​ចំណោម​ពួក​អ្នក​នៅ​ជាមួយ​ព្រះយេស៊ូ​ បាន​លូក​ដៃ​ហូត​ដាវ​របស់​ខ្លួន​ កាប់​ដាច់​ត្រចៀក​បាវបម្រើ​ម្នាក់​របស់​សម្ដេច​សង្ឃ​

52. ពេល​នោះ​ព្រះយេស៊ូ​មាន​បន្ទូល​ទៅ​គាត់​ថា៖​ «ចូរ​ទុក​ដាវ​របស់​អ្នក​ទៅ​ក្នុង​កន្លែង​របស់​វា​វិញ​ទៅ​ ដ្បិត​អស់​អ្នក​ដែល​រើស​យក​ដាវ​ នឹង​ស្លាប់​ដោយ​ដាវ​

53. ឬ​មួយ​អ្នក​គិត​ថា​ នៅ​ពេល​នេះ​ ខ្ញុំ​មិន​អាច​សុំ​ព្រះវរបិតា​របស់​ខ្ញុំ​ឲ្យ​ព្រះអង្គ​ប្រទាន​ពួក​ទេវតា​លើស​ពី​ដប់ពីរ​កង​ដល់​ខ្ញុំ​បាន​ទេ​ឬ?​

54. បើ​ធ្វើ​ដូច្នេះ​ តើ​បទ​គម្ពីរ​ដែល​ចែង​ថា​ ត្រូវ​តែ​កើត​ឡើង​ដូច្នេះ​ នឹង​អាច​សម្រេច​បាន​យ៉ាង​ដូច​ម្ដេច?»​

55. នៅ​ពេល​នោះ​ ព្រះយេស៊ូ​ក៏​មាន​បន្ទូល​ទៅ​បណ្ដាជន​ថា៖​ «តើ​អ្នក​រាល់គ្នា​មក​ត​ទល់​នឹង​ចោរ​ឬ​អី​ បាន​ជា​មក​ចាប់​ខ្ញុំ​ទាំង​មាន​ដាវ​ និង​ដំបង​ដូច្នេះ?​ ខ្ញុំ​អង្គុយ​បង្រៀន​នៅ​ក្នុង​ព្រះ​វិហារ​រាល់​ថ្ងៃ​ នោះ​អ្នក​រាល់គ្នា​មិន​ចាប់​ខ្ញុំ​ទេ​

56. ប៉ុន្ដែ​ការ​ទាំង​អស់​នេះ​កើត​ឡើង​ ដើម្បី​សម្រេច​តាម​បទ​គម្ពីរ​របស់​អ្នក​នាំ​ព្រះបន្ទូល»។​ ពេល​នោះ​ ពួក​សិស្ស​ក៏​រត់​គេច​ខ្លួន​ចោល​ព្រះអង្គ​ទាំង​អស់​គ្នា។​

57. ពួក​អ្នក​ដែល​ចាប់​ព្រះយេស៊ូ​ក៏​នាំ​ព្រះអង្គ​ទៅ​ឯ​សម្ដេច​សង្ឃ​កៃផា​ ជា​កន្លែង​ដែល​ពួក​គ្រូវិន័យ​ និង​ពួក​ចាស់ទុំ​បាន​ជួបជុំ​គ្នា។​

58. លោក​ពេត្រុស​បាន​ដើរ​តាម​ព្រះអង្គ​ពី​ចម្ងាយ​ រហូត​ដល់​ក្នុង​ផ្ទះ​របស់​សម្ដេច​សង្ឃ​ ហើយ​បាន​ចូល​ទៅ​អង្គុយ​ជា​មួយ​ពួក​អ្នកបម្រើ​ការ​នៅ​ខាង​ក្នុង​ ដើម្បី​មើល​លទ្ធផល។​

59. ពួក​សម្ដេច​សង្ឃ​ និង​ក្រុម​បឹ្រក្សា​កំពូល​ទាំង​មូល​បាន​រក​ភស្តុតាង​ក្លែងក្លាយ​ប្រឆាំង​ព្រះយេស៊ូ​ ដើម្បី​អាច​សម្លាប់​ព្រះអង្គ​បាន​

60. ប៉ុន្ដែ​ពួកគេ​រក​មិន​បាន​សោះ​ ទោះ​បី​មាន​សាក្សី​ក្លែងក្លាយ​ជា​ច្រើន​បាន​ចូល​មក​ក៏​ដោយ។​ នៅ​ទី​បំផុត​ ក៏​មាន​ពីរ​នាក់​បាន​ចូល​មក​

61. និយាយ​ថា៖​ «ម្នាក់​នេះ​បាន​និយាយ​ថា​ ខ្ញុំ​អាច​បំផ្លាញ​ព្រះ​វិហារ​របស់​ព្រះជាម្ចាស់​បាន​ ហើយ​សង់​ឡើង​វិញ​ក្នុង​រយៈ​ពេល​បី​ថ្ងៃ»។​

62. សម្ដេច​សង្ឃ​ក៏​ក្រោក​ឈរ​ឡើង​ និយាយ​ទៅ​ព្រះអង្គ​ថា៖​ «តើ​អ្នក​គ្មាន​ចម្លើយ​អ្វី​សម្រាប់​ការ​ដែល​អ្នក​ទាំង​នេះ​បាន​ចោទ​ប្រកាន់​អ្នក​ទេ​ឬ?»​

63. ព្រះយេស៊ូ​នៅ​ស្ងៀម​ សម្ដេច​សង្ឃ​ក៏​និយាយ​ទៅ​ព្រះអង្គ​ទៀត​ថា៖​ «ខ្ញុំ​សូម​ឲ្យ​អ្នក​ស្បថ​នឹង​ព្រះជាម្ចាស់​ដ៏​មាន​ព្រះជន្ម​រស់​ ចូរ​អ្នក​ប្រាប់​យើង​មក​ តើ​អ្នក​ជា​ព្រះគ្រិស្ដ​ដែល​ជា​ព្រះរាជ​បុត្រា​របស់​ព្រះជាម្ចាស់​មែន​ឬ?»​

64. នោះ​ព្រះយេស៊ូ​មាន​បន្ទូល​ទៅ​គាត់​ថា៖​ «លោក​និយាយ​ត្រូវ​ហើយ​ តែ​ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ថា​ ចាប់​ពី​ពេល​នេះ​ត​ទៅ​ អ្នក​រាល់គ្នា​នឹង​ឃើញ​កូន​មនុស្ស​អង្គុយ​នៅ​ខាង​ស្ដាំ​ព្រះជាម្ចាស់​ដ៏​មាន​អំណាច​ ហើយ​មក​ជាមួយ​ពពក​លើ​មេឃ»។​

65. ពេល​នោះ​ សម្ដេច​សង្ឃ​ក៏​ហែក​អាវ​របស់​ខ្លួន​ រួច​និយាយ​ថា៖​ «វា​ប្រមាថ​ព្រះជាម្ចាស់​ហើយ​ តើ​យើង​នៅ​ត្រូវការ​សាក្សី​ធ្វើ​អ្វី​ទៀត?​ ពេល​នេះ​ អ្នក​រាល់គ្នា​បាន​ស្ដាប់​ឮ​ពាក្យ​ប្រមាថ​ដល់​ព្រះជាម្ចាស់​ហើយ​

សូមអានជំពូកពេញលេញ ម៉ាថាយ 26