គម្ពីរសញ្ញាថ្មី

ម៉ាថាយ 26:39-53 Khmer Christian Bible (KCB)

39. កាល​យាង​ទៅ​មុខ​បាន​បន្ដិច​ ព្រះអង្គ​ក៏​ក្រាប​ផ្កាប់​មុខ​ចុះ​ ហើយ​អធិស្ឋាន​ថា៖​ «ឱ​ព្រះវរបិតា​របស់​ខ្ញុំ​អើយ!​ ប្រសិន​បើ​អាច​ សូម​ឲ្យ​ពែង​នេះ​រំលង​ផុត​ពី​ខ្ញុំ​ទៅ​ ប៉ុន្ដែ​កុំ​តាម​បំណង​របស់​ខ្ញុំ​ឡើយ​ គឺ​តាម​បំណង​របស់​ព្រះអង្គ​វិញ»​

40. រួច​ព្រះអង្គ​យាង​មក​ឯ​ពួក​សិស្ស​វិញ​ ក៏​ឃើញ​ពួកគេ​ដេក​លក់​អស់​ នោះ​ព្រះអង្គ​មាន​បន្ទូល​ទៅ​លោក​ពេត្រុស​ថា៖​ «តើ​ពួក​អ្នក​ទ្រាំ​នៅ​ជាមួយ​ខ្ញុំ​ដោយ​មិន​ដេក​តែ​មួយ​ម៉ោង​មិន​បានទេ​ឬ?​

41. ចូរ​ប្រុង​ស្មារតី​ឡើង​ ហើយ​អធិស្ឋាន​ចុះ​ ដើម្បី​កុំ​ឲ្យ​ធ្លាក់​ក្នុង​សេចក្ដី​ល្បួង​ ដ្បិត​វិញ្ញាណ​ប្រុងប្រៀប​ជា​ស្រេច​មែន​ ប៉ុន្ដែ​រូប​កាយ​ខ្សោយ​ទេ»។​

42. ព្រះអង្គ​ក៏​យាង​ទៅ​ម្ដង​ទៀត​ ហើយ​អធិស្ឋាន​ជា​លើក​ទី​ពីរ​ថា៖​ «ឱ​ព្រះវរបិតា​របស់​ខ្ញុំ​អើយ!​ ប្រសិន​បើ​ខ្ញុំ​ត្រូវ​តែ​ផឹក​ពី​ពែង​នេះ​ដោយ​ចៀស​ពុំ​រួច​មែន​ សូម​ឲ្យ​សម្រេច​តាម​បំណង​ព្រះអង្គ​ចុះ»​

43. ពេល​ព្រះអង្គ​យាង​មក​វិញ​ ក៏​ឃើញ​ពួកគេ​ដេក​លក់​ទៀត​ ព្រោះ​ពួកគេ​បើក​ភ្នែក​មិន​រួច​

44. ព្រះអង្គ​ក៏​យាង​ចេញ​ពី​ពួកគេ​ម្ដង​ទៀត​ ហើយ​មាន​បន្ទូល​អធិស្ឋាន​ជា​លើក​ទី​បី​តាម​ពាក្យ​ដដែល។​

45. ក្រោយ​មក​ ព្រះអង្គ​ក៏​យាង​មក​ឯ​ពួក​សិស្ស​វិញ​ ហើយ​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «តើ​អ្នក​រាល់គ្នា​នៅ​ដេក​ និង​សម្រាក​ដល់​ពេល​ណា​ទៀត​ មើល៍​ ជិត​ដល់​ពេល​កំណត់​ហើយ​ កូន​មនុស្ស​នឹង​ត្រូវ​គេ​ប្រគល់​ទៅ​ក្នុង​ដៃ​របស់​ពួក​មនុស្ស​បាប​

46. ចូរ​ក្រោក​ឡើង​ យើង​នាំ​គ្នា​ទៅ​ មើល៍​ អ្នក​ក្បត់​ខ្ញុំ​មក​ជិត​ដល់​ហើយ»។​

47. កាល​ព្រះអង្គ​កំពុង​មាន​បន្ទូល​នៅ​ឡើយ​ នោះ​យូដាស​ ជា​ម្នាក់​ក្នុង​ចំណោម​សាវក​ទាំង​ដប់​ពីរ​ក៏​មក​ដល់​ ហើយ​មាន​បណ្ដាជន​ជា​ច្រើន​ប្រដាប់​ដោយ​ដាវ​ និង​ដំបង​មក​ជាមួយ​គាត់​ដែរ​ អ្នក​ទាំង​នោះ​មក​ពី​ខាង​ពួក​សម្ដេច​សង្ឃ​ និង​ពួក​ចាស់ទុំ​របស់​ប្រជាជន។​

48. អ្នក​ក្បត់​ព្រះអង្គ​ម្នាក់​នោះ​បាន​ឲ្យ​សញ្ញា​ដល់​ពួកគេ​ ដោយ​និយាយ​ថា៖​ «ខ្ញុំ​ថើប​អ្នកណា​ គឺ​អ្នក​នោះ​ហើយ​ ចូរ​ចាប់​គាត់​ចុះ»​

49. គាត់​ចូល​មក​ជិត​ព្រះយេស៊ូ​ភ្លាម​ ហើយ​ទូល​ថា៖​ «ជម្រាប​សួរ​លោកគ្រូ»​ រួច​ក៏​ថើប​ព្រះអង្គ។​

50. ព្រះយេស៊ូ​មាន​បន្ទូល​ទៅ​គាត់​ថា៖​ «សម្លាញ់​អើយ!​ អ្នក​មក​ដើម្បី​អ្វី​ ចូរ​ធ្វើ​ចុះ»​ បន្ទាប់​មក​ ពួកគេ​ក៏​ចូល​មក​ជិត​ ហើយ​លូក​ដៃ​ចាប់​ព្រះយេស៊ូ​

51. នោះ​មាន​ម្នាក់​ក្នុង​ចំណោម​ពួក​អ្នក​នៅ​ជាមួយ​ព្រះយេស៊ូ​ បាន​លូក​ដៃ​ហូត​ដាវ​របស់​ខ្លួន​ កាប់​ដាច់​ត្រចៀក​បាវបម្រើ​ម្នាក់​របស់​សម្ដេច​សង្ឃ​

52. ពេល​នោះ​ព្រះយេស៊ូ​មាន​បន្ទូល​ទៅ​គាត់​ថា៖​ «ចូរ​ទុក​ដាវ​របស់​អ្នក​ទៅ​ក្នុង​កន្លែង​របស់​វា​វិញ​ទៅ​ ដ្បិត​អស់​អ្នក​ដែល​រើស​យក​ដាវ​ នឹង​ស្លាប់​ដោយ​ដាវ​

53. ឬ​មួយ​អ្នក​គិត​ថា​ នៅ​ពេល​នេះ​ ខ្ញុំ​មិន​អាច​សុំ​ព្រះវរបិតា​របស់​ខ្ញុំ​ឲ្យ​ព្រះអង្គ​ប្រទាន​ពួក​ទេវតា​លើស​ពី​ដប់ពីរ​កង​ដល់​ខ្ញុំ​បាន​ទេ​ឬ?​

សូមអានជំពូកពេញលេញ ម៉ាថាយ 26