គម្ពីរសញ្ញាថ្មី

ម៉ាថាយ 26:39-46 Khmer Christian Bible (KCB)

39. កាល​យាង​ទៅ​មុខ​បាន​បន្ដិច​ ព្រះអង្គ​ក៏​ក្រាប​ផ្កាប់​មុខ​ចុះ​ ហើយ​អធិស្ឋាន​ថា៖​ «ឱ​ព្រះវរបិតា​របស់​ខ្ញុំ​អើយ!​ ប្រសិន​បើ​អាច​ សូម​ឲ្យ​ពែង​នេះ​រំលង​ផុត​ពី​ខ្ញុំ​ទៅ​ ប៉ុន្ដែ​កុំ​តាម​បំណង​របស់​ខ្ញុំ​ឡើយ​ គឺ​តាម​បំណង​របស់​ព្រះអង្គ​វិញ»​

40. រួច​ព្រះអង្គ​យាង​មក​ឯ​ពួក​សិស្ស​វិញ​ ក៏​ឃើញ​ពួកគេ​ដេក​លក់​អស់​ នោះ​ព្រះអង្គ​មាន​បន្ទូល​ទៅ​លោក​ពេត្រុស​ថា៖​ «តើ​ពួក​អ្នក​ទ្រាំ​នៅ​ជាមួយ​ខ្ញុំ​ដោយ​មិន​ដេក​តែ​មួយ​ម៉ោង​មិន​បានទេ​ឬ?​

41. ចូរ​ប្រុង​ស្មារតី​ឡើង​ ហើយ​អធិស្ឋាន​ចុះ​ ដើម្បី​កុំ​ឲ្យ​ធ្លាក់​ក្នុង​សេចក្ដី​ល្បួង​ ដ្បិត​វិញ្ញាណ​ប្រុងប្រៀប​ជា​ស្រេច​មែន​ ប៉ុន្ដែ​រូប​កាយ​ខ្សោយ​ទេ»។​

42. ព្រះអង្គ​ក៏​យាង​ទៅ​ម្ដង​ទៀត​ ហើយ​អធិស្ឋាន​ជា​លើក​ទី​ពីរ​ថា៖​ «ឱ​ព្រះវរបិតា​របស់​ខ្ញុំ​អើយ!​ ប្រសិន​បើ​ខ្ញុំ​ត្រូវ​តែ​ផឹក​ពី​ពែង​នេះ​ដោយ​ចៀស​ពុំ​រួច​មែន​ សូម​ឲ្យ​សម្រេច​តាម​បំណង​ព្រះអង្គ​ចុះ»​

43. ពេល​ព្រះអង្គ​យាង​មក​វិញ​ ក៏​ឃើញ​ពួកគេ​ដេក​លក់​ទៀត​ ព្រោះ​ពួកគេ​បើក​ភ្នែក​មិន​រួច​

44. ព្រះអង្គ​ក៏​យាង​ចេញ​ពី​ពួកគេ​ម្ដង​ទៀត​ ហើយ​មាន​បន្ទូល​អធិស្ឋាន​ជា​លើក​ទី​បី​តាម​ពាក្យ​ដដែល។​

45. ក្រោយ​មក​ ព្រះអង្គ​ក៏​យាង​មក​ឯ​ពួក​សិស្ស​វិញ​ ហើយ​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «តើ​អ្នក​រាល់គ្នា​នៅ​ដេក​ និង​សម្រាក​ដល់​ពេល​ណា​ទៀត​ មើល៍​ ជិត​ដល់​ពេល​កំណត់​ហើយ​ កូន​មនុស្ស​នឹង​ត្រូវ​គេ​ប្រគល់​ទៅ​ក្នុង​ដៃ​របស់​ពួក​មនុស្ស​បាប​

46. ចូរ​ក្រោក​ឡើង​ យើង​នាំ​គ្នា​ទៅ​ មើល៍​ អ្នក​ក្បត់​ខ្ញុំ​មក​ជិត​ដល់​ហើយ»។​

សូមអានជំពូកពេញលេញ ម៉ាថាយ 26