គម្ពីរសញ្ញាថ្មី

ម៉ាថាយ 26:22-39 Khmer Christian Bible (KCB)

22. ពួក​សិស្ស​កើត​ទុក្ខ​យ៉ាង​ខ្លាំង​ ហើយ​ចាប់​ផ្ដើម​ទូល​សួរ​ព្រះអង្គ​ម្នាក់​ម្ដងៗ​ថា៖​ «ព្រះអម្ចាស់​អើយ!​ មិន​មែន​ខ្ញុំ​ទេ​ មែន​ទេ?»​

23. ប៉ុន្ដែ​ព្រះអង្គ​មាន​បន្ទូល​ឆ្លើយ​ទៅ​ពួក​គេ​ថា៖​ «គឺ​អ្នក​ដែល​យក​ដៃ​ជ្រលក់​ក្នុង​ចាន​ជាមួយ​ខ្ញុំ​ អ្នក​នោះ​ហើយ​នឹង​ក្បត់​ខ្ញុំ​

24. ដ្បិត​កូន​មនុស្ស​ត្រូវ​ទៅ​ដូច​ដែល​មាន​ចែង​អំពី​លោក​មែន​ ប៉ុន្ដែ​វេទនា​ដល់​អ្នក​ដែល​ក្បត់​កូន​មនុស្ស​ ហើយ​ជា​ការ​ប្រសើរ​ជាង​ បើ​អ្នក​នោះ​មិន​បាន​កើត​មក​ទេ»​

25. នោះ​យូដាស​ ជា​អ្នក​ក្បត់​ព្រះអង្គ​ បាន​ទូល​តប​ថា៖​ «លោកគ្រូ​ មិន​មែន​ខ្ញុំ​ទេ​ មែន​ទេ?»​ ព្រះអង្គ​ក៏​មាន​បន្ទូល​ទៅ​គាត់​ថា៖​ «អ្នក​និយាយ​ត្រូវ​ហើយ»។​

26. កាល​ពួកគេ​កំពុង​បរិភោគ​ នោះ​ព្រះយេស៊ូ​បាន​យក​នំប៉័ង​មក​ឲ្យ​ពរ​ ហើយ​កាច់​ចែក​ឲ្យ​ពួក​សិស្ស​ទាំង​មាន​បន្ទូល​ថា៖​ «ចូរ​ទទួល​ ហើយ​បរិភោគ​ចុះ​ នេះ​ជា​រូប​កាយ​របស់​ខ្ញុំ»​

27. បន្ទាប់​មក​ ព្រះអង្គ​យក​ពែង​មក​អរព្រះគុណ​ ហើយ​ឲ្យ​ពែង​នោះ​ដល់​ពួកគេ​ ទាំង​មាន​បន្ទូល​ថា៖​ «ចូរ​អ្នក​ទាំង​អស់គ្នា​ផឹក​ពី​ពែងនេះ​ចុះ​

28. ដ្បិត​នេះ​ជា​ឈាម​របស់​ខ្ញុំ​ គឺ​ជា​ឈាម​នៃ​កិច្ច​ព្រម​ព្រៀង​ដែល​បាន​បង្ហូរ​ ដើម្បី​លើកលែង​ទោស​បាប​ដល់​មនុស្ស​ជា​ច្រើន។​

29. ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ថា​ ចាប់​ពី​ពេល​នេះ​ត​ទៅ​ ខ្ញុំ​នឹង​មិន​ផឹក​ពី​ផល​ទំពាំង​បាយជូរ​ទៀត​ទេ​ រហូត​ដល់​ថ្ងៃ​ដែល​ខ្ញុំ​នឹង​ផឹក​វា​ជា​ថ្មី​ជាមួយ​អ្នក​រាល់គ្នា​ នៅ​ក្នុង​នគរ​ព្រះវរបិតា​របស់​ខ្ញុំ»។​

30. ក្រោយ​ពី​ច្រៀង​ចម្រៀង​សរសើរ​តម្កើង​រួច​ ពួកគេ​ក៏​ចេញ​ទៅ​ភ្នំ​ដើម​អូលីវ។​

31. ក្រោយ​មក​ ព្រះយេស៊ូ​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «យប់​នេះ​ ដោយ​ព្រោះ​ខ្ញុំ​ អ្នក​ទាំង​អស់​គ្នា​នឹង​ជំពប់​ដួល​ ដ្បិត​មាន​សេចក្ដី​ចែង​ទុក​មក​ថា​ យើង​នឹង​វាយ​អ្នក​គង្វាល​ ហើយ​ហ្វូង​ចៀម​នឹង​ខ្ចាត់​ខ្ចាយ​ទៅ​

32. ប៉ុន្ដែ​បន្ទាប់​ពី​ខ្ញុំ​រស់​ឡើង​វិញ​ ខ្ញុំ​នឹង​ទៅ​ស្រុក​កាលីឡេ​មុន​អ្នក​រាល់គ្នា»។​

33. លោក​ពេត្រុស​ទូល​ទៅ​ព្រះអង្គ​ថា៖​ «ទោះ​ជា​មនុស្ស​គ្រប់​គ្នា​ជំពប់​ដួល​ក៏​ដោយ​ ក៏​ខ្ញុំ​មិន​ជំពប់​ដួល​ឡើយ»​

34. ព្រះយេស៊ូ​ក៏​មាន​បន្ទូល​ទៅ​គាត់​ថា៖​ «ខ្ញុំ​ប្រាប់​អ្នក​ជា​ប្រាកដ​ថា​ នៅ​យប់​នេះ​ មុន​មាន់​រងាវ​ អ្នក​នឹង​បដិសេធ​បី​ដង​ថា​មិន​ស្គាល់​ខ្ញុំ»​

35. នោះ​លោក​ពេត្រុស​ទូល​ទៅ​ព្រះអង្គ​វិញ​ថា៖​ «ទោះបី​ខ្ញុំ​ត្រូវ​ស្លាប់​ជាមួយ​លោក​ក៏​ដោយ​ ក៏​ខ្ញុំ​មិន​បដិសេធ​លោក​ជា​ដាច់​ខាត»។​ ពួក​សិស្ស​ទាំង​អស់​គ្នា​ក៏​និយាយ​ដូច្នោះ​ដែរ។​

36. ក្រោយ​មក​ ព្រះយេស៊ូ​ជាមួយ​ពួក​សិស្ស​បាន​មក​ដល់​កន្លែង​មួយ​ដែល​មាន​ឈ្មោះ​ថា​ សួន​គែតសេ​ម៉ានី​ ព្រះអង្គ​ក៏​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖ «ចូរ​អង្គុយ​នៅទីនេះ​ចុះ​ នៅ​ពេល​ខ្ញុំ​ទៅ​អធិស្ឋាន​នៅ​ទី​នោះ»។​

37. ព្រះអង្គ​យក​លោក​ពេត្រុស​ និង​កូន​ប្រុស​ទាំង​ពីរ​នាក់​របស់​លោក​សេបេដេ​ទៅ​ជាមួយ​ ហើយ​ព្រះអង្គ​ចាប់​ផ្ដើម​មាន​ទុក្ខ​ព្រួយ​ និង​ពិបាក​ចិត្ដ​យ៉ាង​ខ្លាំង។​

38. ព្រះអង្គ​មាន​បន្ទូល​ទៅ​អ្នក​ទាំង​បី​នោះ​ថា៖​ «ខ្ញុំ​ព្រួយ​ចិត្ត​ខ្លាំង​ណាស់​ ស្ទើរ​ស្លាប់​ទៅ​ហើយ​ ចូរ​នៅ​ទី​នេះ​ជាមួយ​ខ្ញុំ​ ហើយ​ប្រុង​ស្មារតី​ឡើង»។​

39. កាល​យាង​ទៅ​មុខ​បាន​បន្ដិច​ ព្រះអង្គ​ក៏​ក្រាប​ផ្កាប់​មុខ​ចុះ​ ហើយ​អធិស្ឋាន​ថា៖​ «ឱ​ព្រះវរបិតា​របស់​ខ្ញុំ​អើយ!​ ប្រសិន​បើ​អាច​ សូម​ឲ្យ​ពែង​នេះ​រំលង​ផុត​ពី​ខ្ញុំ​ទៅ​ ប៉ុន្ដែ​កុំ​តាម​បំណង​របស់​ខ្ញុំ​ឡើយ​ គឺ​តាម​បំណង​របស់​ព្រះអង្គ​វិញ»​

សូមអានជំពូកពេញលេញ ម៉ាថាយ 26