គម្ពីរសញ្ញាថ្មី

ម៉ាថាយ 26:13-30 Khmer Christian Bible (KCB)

13. ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ជា​ប្រាកដ​ថា​ នៅ​ក្នុង​ពិភព​លោក​ទាំង​មូល​ នៅ​ទីណា​ក៏​ដោយ​ដែល​គេ​ប្រកាស​ដំណឹង​ល្អ​ គេ​ក៏​និយាយ​អំពី​អ្វី​ដែល​ស្ដ្រី​ម្នាក់​នេះ​បាន​ធ្វើ​ដែរ​ ដើម្បី​ជា​ការ​រំលឹក​ដល់​នាង»។​

14. នៅ​ពេល​នោះ​ សាវក​ម្នាក់​ក្នុង​ចំណោម​សាវក​ទាំង​ដប់​ពីរ​ ឈ្មោះ​ យូដាស​អ៊ីស្ការីយ៉ុត​ បាន​ទៅ​ជួប​ពួក​សម្ដេច​សង្ឃ​

15. ប្រាប់​ថា៖​ «ខ្ញុំ​នឹង​ប្រគល់​គាត់​ឲ្យ​ពួក​លោក​ តើ​ពួក​លោក​នឹង​ឲ្យ​អ្វី​ខ្ញុំ?»​ ពួកគេ​ក៏​ឲ្យ​គាត់​សាមសិប​កាក់​ប្រាក់។​

16. តាំង​ពី​ពេល​នោះ​មក​ គាត់​ក៏​រក​ឱកាស​ដើម្បី​ប្រគល់​ព្រះអង្គ​ឲ្យ​ពួកគេ។​

17. នៅ​ថ្ងៃ​ទី​មួយ​នៃ​ថ្ងៃ​បុណ្យ​នំបុ័ង​ឥត​មេ​ ពួក​សិស្ស​បាន​ចូល​មក​ជិត​ព្រះយេស៊ូ​ ទូល​សួរ​ថា៖​ «តើ​លោក​ចង់​ឲ្យ​យើង​រៀបចំ​ឲ្យ​លោក​បរិភោគ​ក្នុង​ពិធី​បុណ្យ​រំលង​នៅ​ទី​ណា?»​

18. ព្រះអង្គ​មាន​បន្ទូល​ថា៖​ «ចូរ​ទៅ​ឯ​បុរស​ម្នាក់​នៅ​ក្នុង​ក្រុង​ ហើយ​ប្រាប់​គាត់​ថា​ លោកគ្រូ​និយាយ​ថា​ ពេល​កំណត់​របស់​ខ្ញុំ​ជិត​ដល់​ហើយ​ ខ្ញុំ​នឹង​ធ្វើ​បុណ្យ​រំលង​ជាមួយ​ពួក​សិស្ស​របស់​ខ្ញុំ​នៅ​កន្លែង​អ្នក»។​

19. ពួក​សិស្ស​ក៏​ធ្វើ​ដូច​ដែល​ព្រះយេស៊ូ​បាន​បង្គាប់​ ហើយ​ពួកគេ​ក៏​រៀបចំ​ពិធី​បុណ្យ​រំលង។​

20. លុះ​ដល់​ពេល​ល្ងាច​ ព្រះអង្គ​ក៏​បាន​អង្គុយ​នៅ​តុ​អាហារ​ជាមួយ​សាវក​ទាំង​ដប់​ពីរ​

21. ហើយ​ពេល​ពួកគេ​កំពុង​បរិភោគ​ ព្រះអង្គ​មាន​បន្ទូល​ថា៖​ «ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ជា​ប្រាកដ​ថា​ ក្នុង​ចំណោម​អ្នក​រាល់គ្នា​ មាន​ម្នាក់​នឹង​ក្បត់​ខ្ញុំ»។​

22. ពួក​សិស្ស​កើត​ទុក្ខ​យ៉ាង​ខ្លាំង​ ហើយ​ចាប់​ផ្ដើម​ទូល​សួរ​ព្រះអង្គ​ម្នាក់​ម្ដងៗ​ថា៖​ «ព្រះអម្ចាស់​អើយ!​ មិន​មែន​ខ្ញុំ​ទេ​ មែន​ទេ?»​

23. ប៉ុន្ដែ​ព្រះអង្គ​មាន​បន្ទូល​ឆ្លើយ​ទៅ​ពួក​គេ​ថា៖​ «គឺ​អ្នក​ដែល​យក​ដៃ​ជ្រលក់​ក្នុង​ចាន​ជាមួយ​ខ្ញុំ​ អ្នក​នោះ​ហើយ​នឹង​ក្បត់​ខ្ញុំ​

24. ដ្បិត​កូន​មនុស្ស​ត្រូវ​ទៅ​ដូច​ដែល​មាន​ចែង​អំពី​លោក​មែន​ ប៉ុន្ដែ​វេទនា​ដល់​អ្នក​ដែល​ក្បត់​កូន​មនុស្ស​ ហើយ​ជា​ការ​ប្រសើរ​ជាង​ បើ​អ្នក​នោះ​មិន​បាន​កើត​មក​ទេ»​

25. នោះ​យូដាស​ ជា​អ្នក​ក្បត់​ព្រះអង្គ​ បាន​ទូល​តប​ថា៖​ «លោកគ្រូ​ មិន​មែន​ខ្ញុំ​ទេ​ មែន​ទេ?»​ ព្រះអង្គ​ក៏​មាន​បន្ទូល​ទៅ​គាត់​ថា៖​ «អ្នក​និយាយ​ត្រូវ​ហើយ»។​

26. កាល​ពួកគេ​កំពុង​បរិភោគ​ នោះ​ព្រះយេស៊ូ​បាន​យក​នំប៉័ង​មក​ឲ្យ​ពរ​ ហើយ​កាច់​ចែក​ឲ្យ​ពួក​សិស្ស​ទាំង​មាន​បន្ទូល​ថា៖​ «ចូរ​ទទួល​ ហើយ​បរិភោគ​ចុះ​ នេះ​ជា​រូប​កាយ​របស់​ខ្ញុំ»​

27. បន្ទាប់​មក​ ព្រះអង្គ​យក​ពែង​មក​អរព្រះគុណ​ ហើយ​ឲ្យ​ពែង​នោះ​ដល់​ពួកគេ​ ទាំង​មាន​បន្ទូល​ថា៖​ «ចូរ​អ្នក​ទាំង​អស់គ្នា​ផឹក​ពី​ពែងនេះ​ចុះ​

28. ដ្បិត​នេះ​ជា​ឈាម​របស់​ខ្ញុំ​ គឺ​ជា​ឈាម​នៃ​កិច្ច​ព្រម​ព្រៀង​ដែល​បាន​បង្ហូរ​ ដើម្បី​លើកលែង​ទោស​បាប​ដល់​មនុស្ស​ជា​ច្រើន។​

29. ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ថា​ ចាប់​ពី​ពេល​នេះ​ត​ទៅ​ ខ្ញុំ​នឹង​មិន​ផឹក​ពី​ផល​ទំពាំង​បាយជូរ​ទៀត​ទេ​ រហូត​ដល់​ថ្ងៃ​ដែល​ខ្ញុំ​នឹង​ផឹក​វា​ជា​ថ្មី​ជាមួយ​អ្នក​រាល់គ្នា​ នៅ​ក្នុង​នគរ​ព្រះវរបិតា​របស់​ខ្ញុំ»។​

30. ក្រោយ​ពី​ច្រៀង​ចម្រៀង​សរសើរ​តម្កើង​រួច​ ពួកគេ​ក៏​ចេញ​ទៅ​ភ្នំ​ដើម​អូលីវ។​

សូមអានជំពូកពេញលេញ ម៉ាថាយ 26