គម្ពីរសញ្ញាថ្មី

ម៉ាថាយ 26:1-13 Khmer Christian Bible (KCB)

1. កាល​ព្រះយេស៊ូ​បាន​បញ្ចប់​ព្រះបន្ទូល​ទាំង​អស់​នេះ​ហើយ​ ព្រះអង្គ​ក៏​មាន​បន្ទូល​ទៅ​ពួក​សិស្ស​របស់​ព្រះអង្គ​ថា៖​

2. «អ្នក​រាល់គ្នា​ដឹង​ថា​ ពីរ​ថ្ងៃ​ទៀត​ដល់​ថ្ងៃ​បុណ្យ​រំលង​ហើយ​ ឯ​កូន​មនុស្ស​វិញ​ ក៏​ត្រូវ​គេ​បញ្ជូន​ឲ្យ​ទៅ​ជាប់​ឆ្កាង​ដែរ»។​

3. នៅ​ពេល​នោះ​ ពួក​សម្ដេច​សង្ឃ​ និង​ពួក​ចាស់ទុំ​របស់​ប្រជាជន​បាន​ប្រមូល​ផ្ដុំ​គ្នា​នៅ​ក្នុង​ផ្ទះ​របស់​សម្ដេច​សង្ឃ​ម្នាក់​ឈ្មោះ​កៃផា​

4. ពួកគេ​បាន​ពិភាក្សា​គ្នា​ ដើម្បី​ចាប់​ព្រះយេស៊ូ​ដោយ​ឧបាយ​កល​ រួច​សម្លាប់​ព្រះអង្គ​

5. ប៉ុន្ដែ​ពួកគេ​និយាយ​ថា៖​ «កុំ​ធ្វើ​នៅ​ក្នុង​ពេល​បុណ្យ​អី​ ក្រែង​លោ​កើត​មាន​ចលាចល​ក្នុង​ចំណោម​ប្រជាជន»។​

6. ពេល​ព្រះយេស៊ូ​កំពុង​គង់​នៅ​ក្នុង​ផ្ទះ​របស់​លោក​ស៊ីម៉ូន​ ជា​មនុស្ស​ឃ្លង់​នៅ​ក្រុង​បេថានី​

7. នោះ​ស្ដ្រី​ម្នាក់​បាន​ចូល​មក​ជិត​ព្រះអង្គ​ ដោយ​មាន​កាន់​ប្រេង​ក្រអូប​មួយ​ដប​ដ៏​មាន​តម្លៃ​បំផុត​ផង។​ នាង​ក៏​ចាក់​ប្រេង​ក្រអូប​នោះ​លើ​ព្រះសិរ​របស់​ព្រះអង្គ​ ពេល​ព្រះអង្គ​កំពុង​អង្គុយ​នៅ​តុ​អាហារ។​

8. ពេល​ពួក​សិស្ស​ឃើញ​ដូច្នេះ​ ក៏​និយាយ​ទាំង​ខឹង​ថា៖​ «ម្ដេច​បង្ហិន​ដូច្នេះ?​

9. ដ្បិត​ប្រេង​នេះ​អាច​លក់​បាន​ថ្លៃ​ ហើយ​អាច​ចែក​ទានដល់​អ្នក​ក្រ​បាន»។​

10. កាល​ព្រះយេស៊ូ​ជ្រាប​ហើយ​ ក៏​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «ហេតុ​អ្វី​អ្នក​រាល់គ្នា​បង្ក​រឿង​នឹង​ស្ដ្រី​នេះ​ដូច្នេះ?​ គឺ​នាង​បាន​ធ្វើ​កិច្ចការ​ដ៏​ប្រសើរ​ដល់​ខ្ញុំ។​

11. ដ្បិត​អ្នក​ក្រ​តែង​នៅ​ជាមួយ​អ្នក​រាល់គ្នា​ជានិច្ច ឯ​ខ្ញុំ​វិញ​ មិន​នៅ​ជាមួយ​អ្នក​រាល់គ្នា​រហូត​ទេ​

12. ប៉ុន្ដែ​ស្ដ្រី​នេះ​បាន​ចាក់​ប្រេង​ក្រអូប​នេះ​លើ​ខ្លួន​ខ្ញុំ​ ដើម្បី​រៀបចំ​បញ្ចុះ​សព​របស់​ខ្ញុំ​

13. ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ជា​ប្រាកដ​ថា​ នៅ​ក្នុង​ពិភព​លោក​ទាំង​មូល​ នៅ​ទីណា​ក៏​ដោយ​ដែល​គេ​ប្រកាស​ដំណឹង​ល្អ​ គេ​ក៏​និយាយ​អំពី​អ្វី​ដែល​ស្ដ្រី​ម្នាក់​នេះ​បាន​ធ្វើ​ដែរ​ ដើម្បី​ជា​ការ​រំលឹក​ដល់​នាង»។​

សូមអានជំពូកពេញលេញ ម៉ាថាយ 26