គម្ពីរសញ្ញាថ្មី

ម៉ាថាយ 24:6-19 Khmer Christian Bible (KCB)

6. អ្នក​រាល់គ្នា​នឹង​ឮ​ពី​សង្គ្រាម​ និង​ដំណឹង​អំពី​សង្គ្រាម​ ប៉ុន្ដែ​ចូរ​ប្រយ័ត្ន​ កុំ​ជ្រួល​ច្របល់​អី​ ព្រោះ​ការ​ទាំង​អស់​នេះ​ត្រូវ​តែ​កើត​ឡើង​ ប៉ុន្តែ​មិន​ទាន់​ដល់​ទី​បញ្ចប់​ទេ​

7. ដ្បិត​ជនជាតិ​មួយ​នឹង​ក្រោក​ឡើង​ទាស់​នឹង​ជនជាតិ​មួយ​ ប្រទេស​មួយ​ទាស់​នឹង​ប្រទេស​មួយ​ ព្រម​ទាំង​មាន​គ្រោះ​អត់​ឃ្លាន​ និង​ការរញ្ជួយ​ដី​ច្រើន​កន្លែង​

8. ទាំង​អស់​នេះ​ជា​ការ​ចាប់​ផ្តើម​នៃ​ទុក្ខ​វេទនា​ដ៏​សម្បើម​ដូច​ស្ដ្រី​ហៀប​នឹង​សម្រាល​កូន​

9. បន្ទាប់​មក​ ពួកគេ​នឹង​ប្រគល់​អ្នក​រាល់គ្នា​ទៅ​ឲ្យ​មាន​សេចក្ដី​វេទនា​ រួច​ពួកគេ​នឹង​សម្លាប់​អ្នក​រាល់គ្នា​ ហើយ​ជនជាតិ​ទាំង​អស់​នឹង​ស្អប់​អ្នក​រាល់គ្នា​ ដោយ​ព្រោះ​ឈ្មោះ​ខ្ញុំ​

10. នៅ​ពេល​នោះ​ មនុស្ស​ជា​ច្រើន​នឹង​ជំពប់​ដួល​ ពួកគេ​ក្បត់​គ្នា​ទៅ​វិញ​ទៅ​មក​ ហើយ​ស្អប់​គ្នា​ទៅ​វិញ​ទៅ​មក។​

11. អ្នក​នាំ​ព្រះបន្ទូល​ក្លែងក្លាយ​ជា​ច្រើន​នឹង​ក្រោក​ឡើង​ ហើយ​ពួកគេ​នឹង​បោក​បញ្ឆោត​មនុស្ស​ជាច្រើន។​

12. ព្រោះ​តែ​សេចក្ដី​ទុច្ចរិត​កើន​ឡើង​ នោះ​សេចក្ដី​ស្រឡាញ់​របស់​មនុស្ស​ជា​ច្រើន​នឹង​រសាយ​ទៅ​

13. តែ​អ្នក​ដែល​ស៊ូ​ទ្រាំ​ដល់​ទី​បំផុត​ អ្នក​នោះ​នឹង​ទទួល​បាន​សេចក្ដី​សង្គ្រោះ។​

14. ដំណឹង​ល្អ​អំពី​នគរ​ព្រះជាម្ចាស់​នេះ​ នឹង​ត្រូវ​ប្រកាស​ទូ​ទាំង​ពិភព​លោក​ ទុក​ជា​ទី​បន្ទាល់​មួយ​ដល់​ជន​ជាតិ​ទាំង​អស់​ បន្ទាប់​មក​ទៀត​ ទី​បញ្ចប់​ក៏​មក​ដល់។​

15. ដូច្នេះ​ នៅ​ពេល​អ្នក​រាល់គ្នា​ឃើញ​អំពើ​បំផ្លិច​បំផ្លាញ​ដ៏​លាមក​ កើត​ឡើង​នៅ​ទី​បរិសុទ្ធ​ ដូច​ដែល​បាន​ថ្លែង​ទុក​តាមរយៈ​លោក​ដានីយ៉ែល​ ជា​អ្នក​នាំ​ព្រះបន្ទូល។​ នោះ​ចូរ​ឲ្យ​អ្នក​អាន​យល់​ចុះ។​

16. នៅ​ពេល​នោះ​ ចូរ​ឲ្យ​ពួក​អ្នក​នៅ​ស្រុក​យូដា​ភៀស​ខ្លួន​ទៅ​ភ្នំ​ចុះ​

17. ហើយ​កុំ​ឲ្យ​អ្នក​នៅ​លើ​ដំបូល​ផ្ទះ​ ចុះ​មក​ក្រោម​យក​របស់​របរ​ពី​ក្នុង​ផ្ទះ​របស់​គាត់​ឲ្យ​សោះ។​

18. កុំ​ឲ្យ​អ្នក​នៅ​ស្រែ​ចម្ការ​បក​ក្រោយ​ទៅ​យក​អាវ​គាត់​ឲ្យ​សោះ។​

19. នៅ​គ្រា​នោះ​ ពួក​ស្ដ្រី​មាន​ផ្ទៃ​ពោះ​ និង​ពួក​ស្ដ្រី​កំពុង​បំបៅ​កូន​នឹង​វេទនា​ណាស់។​

សូមអានជំពូកពេញលេញ ម៉ាថាយ 24