គម្ពីរសញ្ញាថ្មី

ម៉ាថាយ 24:36-48 Khmer Christian Bible (KCB)

36. ឯ​ពេល​វេលា​ និង​ថ្ងៃ​កំណត់​ ក្រៅ​ពី​ព្រះវរបិតា​តែ​មួយ​អង្គ​គត់​ គ្មាន​អ្នកណា​ម្នាក់​ដឹង​ឡើយ​ សូម្បីតែ​ពួក​ទេវតា​នៅ​ស្ថានសួគ៌​ ឬ​ព្រះរាជបុត្រា​

37. ដ្បិត​នៅ​សម័យ​លោក​ណូអេ​មាន​កើត​ឡើង​ជា​យ៉ាង​ណា​ កូន​មនុស្ស​នឹង​មក​ជា​យ៉ាង​នោះ​ដែរ។​

38. សម័យ​នោះ​ មុន​មាន​ទឹក​ជំនន់​ ពួកគេ​ស៊ី​ផឹក​ និង​រៀបការ​ជា​ប្ដី​ប្រពន្ធ​រហូត​ដល់​ថ្ងៃ​លោក​ណូអេ​ចូល​ក្នុង​ទូក​ធំ​

39. គឺ​ពួកគេ​មិន​បាន​ដឹង​ទាល់​តែ​សោះ​ រហូត​ដល់​ទឹក​ជំនន់​មក​ដល់​ ក៏​ហូរ​នាំ​អ្វីៗ​ទាំង​អស់​ទៅ​ ឯ​ការ​មក​ដល់​របស់​កូន​មនុស្ស​ក៏​នឹង​កើត​ឡើង​ជា​យ៉ាង​នោះ​ដែរ។​

40. នៅ​ពេល​នោះ​ បុរស​ពីរ​នាក់​នៅ​ស្រែ​ចម្ការ​ ម្នាក់​នឹង​ត្រូវ​ដក​យក​ទៅ​ ហើយ​ម្នាក់​ទៀត​នឹង​ត្រូវ​ទុក​នៅ​ទីនោះ​

41. ឯ​ស្ដ្រី​ពីរ​នាក់​កំពុង​កិន​ស្រូវ​ ម្នាក់​នឹង​ត្រូវ​ដក​យក​ទៅ​ ហើយ​ម្នាក់​ទៀត​នឹង​ត្រូវ​ទុក​នៅ​ទីនោះ។​

42. ដូច្នេះ​ ចូរ​ប្រុង​ស្មារតី​ ព្រោះ​អ្នក​រាល់គ្នា​មិន​ដឹង​ថា​ ព្រះអម្ចាស់​របស់​អ្នក​រាល់គ្នា​នឹង​មក​នៅ​ថ្ងៃ​ណា​ទេ​

43. ចូរ​អ្នក​រាល់គ្នា​ដឹង​ការ​នេះ​ចុះ​ថា​ បើ​ម្ចាស់​ផ្ទះ​ដឹង​ថា​ ចោរ​នឹង​មក​នៅ​ពេល​ណា​មួយ​ នោះ​គាត់​មុខជា​មិន​ដេក​ទេ​ ហើយ​មិន​បណ្តោយ​ឲ្យ​វា​គាស់​ផ្ទះ​របស់​គាត់​បាន​ឡើយ​

44. ហេតុនេះ​ហើយ​ ចូរ​អ្នករាល់គ្នា​ប្រុង​ប្រៀប​ដូច្នេះ​ដែរ​ ព្រោះ​អ្នក​រាល់គ្នា​ស្មាន​មិន​ត្រូវ​ទេ​ថា​ កូន​មនុស្ស​មក​នៅ​ពេល​ណា។​

45. ដូច្នេះ​ តើ​អ្នកណា​ជា​បាវបម្រើ​ដ៏​ស្មោះ​ត្រង់​ ហើយ​ឆ្លាត​ ដែល​ចៅហ្វាយ​បាន​តែងតាំង​ឲ្យ​មើល​ខុសត្រូវ​លើ​បាវបម្រើ​នៅ​ក្នុង​ផ្ទះ​ ដើម្បី​ចែក​អាហារ​ឲ្យ​ពួកគេ​តាម​ពេល​វេលា?​

46. មាន​ពរ​ហើយ​ បាវបម្រើ​ណា​ដែល​ចៅហ្វាយ​មក​ដល់​ ហើយ​ឃើញ​កំពុង​ធ្វើ​យ៉ាង​ដូច្នោះ​

47. ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ជា​ប្រាកដ​ថា​ គាត់​នឹង​តែងតាំង​អ្នក​នោះ​ឲ្យ​មើល​ខុស​ត្រូវ​លើ​ទ្រព្យ​សម្បត្ដិ​របស់​គាត់​ទាំង​អស់​

48. ប៉ុន្ដែ​ប្រសិន​បើ​បាវបម្រើ​នោះ​អាក្រក់​វិញ​ នោះ​វា​គិត​ក្នុង​ចិត្ដ​ថា​ ចៅហ្វាយ​របស់​អញ​ក្រ​មក​ណាស់​

សូមអានជំពូកពេញលេញ ម៉ាថាយ 24