គម្ពីរសញ្ញាថ្មី

ម៉ាថាយ 24:22-39 Khmer Christian Bible (KCB)

22. ហើយ​ដរាប​ណា​ព្រះអម្ចាស់​មិន​បង្រួញ​ថ្ងៃ​ទាំង​នោះ​ទេ​ នោះ​គ្មាន​មនុស្ស​ណា​ម្នាក់​បាន​ទទួល​សេចក្ដី​សង្គ្រោះ​ឡើយ​ ប៉ុន្ដែ​ព្រះអង្គ​បង្រួញ​ថ្ងៃ​ទាំង​នោះ​សម្រាប់​អស់​អ្នក​ដែល​ព្រះអង្គ​បាន​ជ្រើស​រើស​

23. នៅ​ពេល​នោះ​ ប្រសិន​បើ​មាន​នរណា​ម្នាក់​ប្រាប់​អ្នក​រាល់គ្នា​ថា​ មើល៍​នែ​ ព្រះគ្រិស្ដ​នៅ​ទី​នេះ​ ឬ​នៅ​ទី​នោះ​ ចូរ​កុំ​ជឿ​ឲ្យ​សោះ​

24. ព្រោះ​ពួក​មនុស្ស​ដែល​ក្លែង​ជា​ព្រះគ្រិស្ដ​ និង​ពួក​អ្នក​នាំ​ព្រះបន្ទូល​ក្លែងក្លាយ​ជា​ច្រើន​នឹង​ក្រោក​ឡើង​ ហើយ​គេ​នឹង​សំដែង​ទីសំគាល់​ដ៏​អស្ចារ្យ​ និង​ការ​អស្ចារ្យ​ ដើម្បី​បោក​បញ្ឆោត​ សូម្បី​អស់​អ្នក​ដែល​ត្រូវ​បាន​ជ្រើស​រើស​ ប្រសិនបើ​អាច​ធ្វើ​បាន​នោះ។​

25. មើល៍​ ខ្ញុំ​បាន​ប្រាប់​អ្នក​រាល់គ្នា​ជា​មុន​រួច​ហើយ​

26. ដូច្នេះ​ បើ​គេ​ប្រាប់​អ្នក​រាល់គ្នា​ថា​ ព្រះអង្គ​នៅ​ទីរហោឋាន​ នោះ​កុំ​ចេញ​ទៅ​ឲ្យ​សោះ​ ឬ​ថា​ មើល៍​ ព្រះអង្គ​នៅ​ក្នុង​បន្ទប់​ នោះ​កុំ​ជឿ​ឲ្យ​សោះ​

27. ដ្បិត​កូន​មនុស្ស​នឹង​មក​ដូច​ជា​ផ្លេក​បន្ទោរ​ជះ​ពន្លឺ​ពី​ទិស​ខាង​កើត​ដល់​ទិស​ខាង​លិច​

28. ទី​ណា​មាន​សាក​សព​ សត្វ​ត្មាត​ប្រមូល​ផ្ដុំ​គ្នា​នៅ​ទី​នោះ។​

29. ប៉ុន្ដែ​នៅ​ក្រោយ​គ្រា​ទុក្ខ​វេទនា​ទាំង​នោះ​ភ្លាម​ ដួង​អាទិត្យ​នឹង​អាប់​រស្មី​ ហើយ​លោក​ខែ​នឹង​មិន​បញ្ចេញ​ពន្លឺ​ទៀត​ទេ​ ឯ​ផ្កាយ​ទាំងឡាយ​នឹង​ធ្លាក់​ចុះ​ពី​លើ​មេឃ​ ហើយ​អំណាច​នៅ​ស្ថានសួគ៌​នឹង​រង្គោះ​រង្គើ។​

30. នៅ​ពេល​នោះ​ ទីសំគាល់​របស់​កូន​មនុស្ស​នឹង​លេច​មក​នៅ​លើ​មេឃ​ ឯ​កុលសម្ព័ន្ធ​ទាំង​អស់​នៅ​លើ​ផែនដី​នឹង​កាន់​ទុក្ខ​ ហើយ​ពួកគេ​នឹង​ឃើញ​កូន​មនុស្ស​មក​ នៅ​លើ​ពពក​នា​អាកាស​ប្រកប​ដោយ​អំណាច​ និង​សិរី​រុងរឿង​ដ៏​អស្ចារ្យ។​

31. លោក​នឹង​ចាត់​ពួក​ទេវតា​របស់​លោក​ ដោយ​សំឡេង​ត្រែ​លាន់​រំពង​ ហើយ​ពួក​ទេវតា​នឹង​ប្រមូល​អស់​អ្នក​ ដែល​លោក​បាន​ជ្រើស​រើស​ទាំង​បួន​ទិស​ គឺ​ពី​ជើង​មេឃ​ម្ខាង​រហូត​ដល់​ជើង​មេឃ​ម្ខាង​ទៀត។​

32. ចូរ​រៀន​ពី​រឿង​ប្រៀប​ប្រដូច​អំពី​ដើម​ល្វា​ចុះ​ កាល​ណា​មែក​វា​ទន់​ ហើយ​ស្លឹក​វា​លាស់​ឡើង​ នោះ​អ្នក​រាល់គ្នា​ដឹង​ថា​រដូវ​ក្ដៅ​ជិត​មក​ដល់​ហើយ​

33. ដូច្នេះ​ កាល​ណា​អ្នក​រាល់គ្នា​ឃើញ​ហេតុ​ការណ៍​ទាំង​អស់​នេះ​កើត​ឡើង​ នោះ​អ្នក​រាល់គ្នា​ដឹង​ថា​ ពេល​វេលា​កាន់តែ​កៀក​បំផុត​ហើយ។​

34. ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ជា​ប្រាកដ​ថា​ មនុស្ស​ជំនាន់​នេះ​នឹង​មិន​ស្លាប់​អស់​ឡើយ​ លុះត្រា​តែ​ហេតុ​ការណ៍​ទាំង​អស់​នេះ​កើត​ឡើង​សិន។​

35. ផ្ទៃ​មេឃ​ និង​ផែនដី​នឹង​រលាយ​បាត់​ទៅ​ ប៉ុន្ដែ​ពាក្យ​របស់​ខ្ញុំ​នឹង​មិន​រលាយ​បាត់​សោះ​ឡើយ។​

36. ឯ​ពេល​វេលា​ និង​ថ្ងៃ​កំណត់​ ក្រៅ​ពី​ព្រះវរបិតា​តែ​មួយ​អង្គ​គត់​ គ្មាន​អ្នកណា​ម្នាក់​ដឹង​ឡើយ​ សូម្បីតែ​ពួក​ទេវតា​នៅ​ស្ថានសួគ៌​ ឬ​ព្រះរាជបុត្រា​

37. ដ្បិត​នៅ​សម័យ​លោក​ណូអេ​មាន​កើត​ឡើង​ជា​យ៉ាង​ណា​ កូន​មនុស្ស​នឹង​មក​ជា​យ៉ាង​នោះ​ដែរ។​

38. សម័យ​នោះ​ មុន​មាន​ទឹក​ជំនន់​ ពួកគេ​ស៊ី​ផឹក​ និង​រៀបការ​ជា​ប្ដី​ប្រពន្ធ​រហូត​ដល់​ថ្ងៃ​លោក​ណូអេ​ចូល​ក្នុង​ទូក​ធំ​

39. គឺ​ពួកគេ​មិន​បាន​ដឹង​ទាល់​តែ​សោះ​ រហូត​ដល់​ទឹក​ជំនន់​មក​ដល់​ ក៏​ហូរ​នាំ​អ្វីៗ​ទាំង​អស់​ទៅ​ ឯ​ការ​មក​ដល់​របស់​កូន​មនុស្ស​ក៏​នឹង​កើត​ឡើង​ជា​យ៉ាង​នោះ​ដែរ។​

សូមអានជំពូកពេញលេញ ម៉ាថាយ 24