គម្ពីរសញ្ញាថ្មី

ម៉ាថាយ 24:1-14 Khmer Christian Bible (KCB)

1. កាល​ព្រះយេស៊ូ​កំពុង​យាង​ចេញ​ពី​ព្រះ​វិហារ​ទៅ​ ពួក​សិស្ស​របស់​ព្រះអង្គ​ក៏​ចូល​មក​ជិត​ព្រះអង្គ​ ហើយ​បង្ហាញ​ព្រះអង្គ​ពី​អគារ​ព្រះ​វិហារ។​

2. ព្រះអង្គ​មាន​បន្ទូល​ឆ្លើយ​ទៅ​ពួកគេ​ថា៖​ «តើ​អ្នក​រាល់គ្នា​មិន​ឃើញ​របស់​ទាំង​អស់​នោះ​ទេ​ឬ?​ ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ជា​ប្រាកដ​ថា​ ថ្ម​ដែល​ត្រួត​លើ​គ្នា​នៅ​ទី​នេះ​នឹង​ត្រូវ​រើ​ចោល​គ្មាន​សល់​ឡើយ»។​

3. កាល​ព្រះអង្គ​អង្គុយ​នៅ​លើ​ភ្នំ​ដើម​អូលីវ​ នោះ​ពួក​សិស្ស​បាន​ចូល​មក​ជិត​ព្រះអង្គ​ដាច់​ឡែក​ពី​គេ​ ទូល​សួរ​ថា៖​ «សូម​ប្រាប់​យើង​ផង​ តើ​ការ​ទាំង​នេះ​នឹង​កើត​ឡើង​នៅ​ពេល​ណា?​ តើ​ទីសំគាល់​នៃ​ការ​មក​ដល់​របស់​លោក​ និង​គ្រា​ចុង​បញ្ចប់​មាន​អ្វី​ខ្លះ?»​

4. ព្រះយេស៊ូ​មាន​បន្ទូល​ឆ្លើយ​ទៅ​ពួកគេ​ថា៖​ «ចូរ​ប្រយ័ត្ន​ កុំ​ឲ្យ​អ្នកណា​បោក​បញ្ឆោត​អ្នក​រាល់គ្នា​បាន​ឡើយ​

5. ដ្បិត​មនុស្ស​ជា​ច្រើន​នឹង​មក​ក្នុង​ឈ្មោះ​ខ្ញុំ​ ហើយ​ថា​ ខ្ញុំ​នេះ​ហើយ​ជា​ព្រះគ្រិស្ដ​ ពួកគេ​នឹង​បោក​បញ្ឆោត​មនុស្ស​ជា​ច្រើន។​

6. អ្នក​រាល់គ្នា​នឹង​ឮ​ពី​សង្គ្រាម​ និង​ដំណឹង​អំពី​សង្គ្រាម​ ប៉ុន្ដែ​ចូរ​ប្រយ័ត្ន​ កុំ​ជ្រួល​ច្របល់​អី​ ព្រោះ​ការ​ទាំង​អស់​នេះ​ត្រូវ​តែ​កើត​ឡើង​ ប៉ុន្តែ​មិន​ទាន់​ដល់​ទី​បញ្ចប់​ទេ​

7. ដ្បិត​ជនជាតិ​មួយ​នឹង​ក្រោក​ឡើង​ទាស់​នឹង​ជនជាតិ​មួយ​ ប្រទេស​មួយ​ទាស់​នឹង​ប្រទេស​មួយ​ ព្រម​ទាំង​មាន​គ្រោះ​អត់​ឃ្លាន​ និង​ការរញ្ជួយ​ដី​ច្រើន​កន្លែង​

8. ទាំង​អស់​នេះ​ជា​ការ​ចាប់​ផ្តើម​នៃ​ទុក្ខ​វេទនា​ដ៏​សម្បើម​ដូច​ស្ដ្រី​ហៀប​នឹង​សម្រាល​កូន​

9. បន្ទាប់​មក​ ពួកគេ​នឹង​ប្រគល់​អ្នក​រាល់គ្នា​ទៅ​ឲ្យ​មាន​សេចក្ដី​វេទនា​ រួច​ពួកគេ​នឹង​សម្លាប់​អ្នក​រាល់គ្នា​ ហើយ​ជនជាតិ​ទាំង​អស់​នឹង​ស្អប់​អ្នក​រាល់គ្នា​ ដោយ​ព្រោះ​ឈ្មោះ​ខ្ញុំ​

10. នៅ​ពេល​នោះ​ មនុស្ស​ជា​ច្រើន​នឹង​ជំពប់​ដួល​ ពួកគេ​ក្បត់​គ្នា​ទៅ​វិញ​ទៅ​មក​ ហើយ​ស្អប់​គ្នា​ទៅ​វិញ​ទៅ​មក។​

11. អ្នក​នាំ​ព្រះបន្ទូល​ក្លែងក្លាយ​ជា​ច្រើន​នឹង​ក្រោក​ឡើង​ ហើយ​ពួកគេ​នឹង​បោក​បញ្ឆោត​មនុស្ស​ជាច្រើន។​

12. ព្រោះ​តែ​សេចក្ដី​ទុច្ចរិត​កើន​ឡើង​ នោះ​សេចក្ដី​ស្រឡាញ់​របស់​មនុស្ស​ជា​ច្រើន​នឹង​រសាយ​ទៅ​

13. តែ​អ្នក​ដែល​ស៊ូ​ទ្រាំ​ដល់​ទី​បំផុត​ អ្នក​នោះ​នឹង​ទទួល​បាន​សេចក្ដី​សង្គ្រោះ។​

14. ដំណឹង​ល្អ​អំពី​នគរ​ព្រះជាម្ចាស់​នេះ​ នឹង​ត្រូវ​ប្រកាស​ទូ​ទាំង​ពិភព​លោក​ ទុក​ជា​ទី​បន្ទាល់​មួយ​ដល់​ជន​ជាតិ​ទាំង​អស់​ បន្ទាប់​មក​ទៀត​ ទី​បញ្ចប់​ក៏​មក​ដល់។​

សូមអានជំពូកពេញលេញ ម៉ាថាយ 24