គម្ពីរសញ្ញាថ្មី

ម៉ាថាយ 22:3-15 Khmer Christian Bible (KCB)

3. ស្ដេច​បាន​ចាត់​ពួក​បាវបម្រើ​ឲ្យ​ទៅ​ហៅ​ភ្ញៀវ​ដែល​បាន​អញ្ជើញ​ឲ្យ​មក​ចូល​រួម​ពិធី​មង្គលការ​ ប៉ុន្ដែ​ពួកគេ​មិន​ចង់​មក​ទេ។​

4. ស្ដេច​ក៏​ចាត់​ពួក​បាវបម្រើ​ផ្សេង​ទៀត​ឲ្យ​ទៅ​ម្ដង​ទៀត​ ដោយ​មាន​បន្ទូល​ថា​ ចូរ​ប្រាប់​ភ្ញៀវ​ដែល​បាន​អញ្ជើញ​ថា​ មើល៍​ យើង​បាន​រៀបចំ​អាហារ​របស់​យើង​រួច​ហើយ​ គោ​ និង​សត្វ​បំប៉ន​ធាត់ៗ​បាន​សម្លាប់​រួច​ហើយ​ អ្វីៗ​ត្រូវ​បាន​រៀបចំ​ជា​ស្រេច​ សូម​អញ្ជើញ​មក​ចូលរួម​ពិធី​មង្គលការ​ចុះ។​

5. ប៉ុន្ដែ​ពួក​ភ្ញៀវ​មិន​ខ្វល់​ទេ​ ម្នាក់​ចេញ​ទៅ​ចម្ការ​របស់​ខ្លួន​ ម្នាក់​ទៀត​ទៅ​ប្រកប​របរ​រកស៊ី​របស់​ខ្លួន​

6. ហើយ​អ្នក​ខ្លះ​ទៀត​បាន​ចាប់​ពួក​បាវបម្រើ​ទាំង​នោះ​ធ្វើ​បាប​ ហើយ​សម្លាប់​ចោល។​

7. ដូច្នេះ​ ស្ដេច​ក៏​ខឹង​ ហើយ​បាន​ចាត់​ទាហាន​របស់​ខ្លួន​ឲ្យ​ទៅ​កម្ទេច​ឃាតក​ទាំង​នោះ​ ទាំង​ដុត​ក្រុង​របស់​ពួកគេ​ចោល​ផង​

8. បន្ទាប់​មក​ ស្ដេច​មាន​បន្ទូល​ទៅ​ពួក​បាវបម្រើ​របស់​ខ្លួន​ថា​ ពិធី​មង្គលការ​បាន​រៀបចំ​រួច​ជា​ស្រេច​ហើយ​ ប៉ុន្ដែ​ភ្ញៀវ​ដែល​បាន​អញ្ជើញ​ទាំង​នោះ​ មិន​ស័ក្តិសម​នឹង​ចូលរួម​ទេ​

9. ដូច្នេះ​ ចូរ​ទៅ​ផ្លូវ​បំបែក​ ហើយ​អញ្ជើញ​អស់​អ្នក​ដែល​អ្នក​ជួប​ឲ្យ​មក​ចូលរួម​ពិធី​មង្គលការ​ចុះ​

10. ពួក​បាវបម្រើ​ទាំង​នោះ​ក៏​បាន​ចេញ​ទៅ​តាម​ផ្លូវ​ ប្រមូល​មនុស្ស​គ្រប់​គ្នា​ដែល​គេ​បាន​ជួប​ទាំង​ល្អ​ ទាំង​អាក្រក់​ ហើយ​ពិធី​មង្គលការ​ក៏​មាន​ភ្ញៀវ​ពេញ​

11. កាល​ស្ដេច​យាង​មក​ជួប​ភ្ញៀវ​កំពុង​អង្គុយ​នៅ​តុ​អាហារ​ នោះ​ស្ដេច​បាន​ឃើញ​បុរស​ម្នាក់​ ដែល​មិន​បាន​ស្លៀក​សម្លៀក​បំពាក់​សម្រាប់​ពិធី​មង្គលការ​

12. ស្ដេច​ក៏​មាន​បន្ទូល​ទៅ​គាត់​ថា​ សម្លាញ់​អើយ‍!​ ដូច​ម្ដេច​បាន​ជា​អ្នក​ចូល​មក​ទី​នេះ​ ដោយ​គ្មាន​សម្លៀក​បំពាក់​សម្រាប់​ពិធី​មង្គលការ​ដូច្នេះ?​ តែ​បុរស​នោះ​មិន​ចេញ​ស្ដី​សោះ​

13. បន្ទាប់​មក​ ស្ដេច​មាន​បន្ទូល​ទៅ​ពួក​អ្នកបម្រើ​ថា​ ចូរ​ចង​ដៃ​ ចង​ជើង​អ្នក​នេះ​ ហើយ​បោះ​វា​ទៅ​ក្នុង​សេចក្ដី​ងងឹត​នៅ​ខាង​ក្រៅ​ទៅ។​ នៅ​ទី​នោះ​មាន​តែ​ការ​ទ្រហោ​យំ​ និង​ការ​សង្កៀត​ធ្មេញ​

14. ដ្បិត​ហៅ​បាន​ច្រើន​នាក់​មែន​ ប៉ុន្ដែ​ជ្រើស​រើស​បាន​តិច​តួច​ទេ‍។​»

15. បន្ទាប់​មក​ ពួក​អ្នក​ខាង​គណៈ​ផារិស៊ី​បាន​ចេញ​ទៅ​ពិគ្រោះ​គ្នា​ ដើម្បី​ចាប់​កំហុស​ពេល​ព្រះអង្គ​មាន​បន្ទូល​

សូមអានជំពូកពេញលេញ ម៉ាថាយ 22