5. «ចូរប្រាប់កូនស្រីក្រុងស៊ីយ៉ូនថា មើល៍ ស្ដេចរបស់អ្នកយាងមកឯអ្នកហើយ ព្រះអង្គស្លូតត្រង់ ព្រះអង្គគង់លើកូនលា»។
6. សិស្សទាំងពីរនាក់ក៏ចេញទៅ ហើយធ្វើតាមដូចព្រះយេស៊ូបានបង្គាប់ពួកគេ
7. ពួកគេបានដឹកមេលា និងកូនរបស់វាមក ហើយបានក្រាលអាវរបស់គេលើខ្នងវា រួចព្រះអង្គគង់លើវា
8. ហើយបណ្ដាជនច្រើនកុះករនាំគ្នាក្រាលអាវរបស់គេនៅលើផ្លូវ ឯអ្នកផ្សេងទៀតនាំគ្នាកាត់មែកឈើមកក្រាលលើផ្លូវដែរ
9. បណ្ដាជនដែលដើរនាំមុខ និងដើរតាមក្រោយព្រះអង្គនាំគ្នាស្រែកឡើងថា៖ «ហូសាណា ដល់ពូជពង្សដាវីឌ សូមថ្វាយព្រះពរព្រះអង្គដែលយាងមកក្នុងព្រះនាមព្រះអម្ចាស់! ហូសាណា នៅស្ថានដ៏ខ្ពស់បំផុត»
10. កាលព្រះអង្គយាងចូលក្នុងក្រុងយេរូសាឡិម អ្នកក្រុងទាំងមូលក៏រំជើបរំជួលឡើងនិយាយគ្នាថា៖ «តើអ្នកនេះជាអ្នកណា?»
11. បណ្ដាជននាំគ្នានិយាយថា៖ «នេះគឺលោកយេស៊ូជាអ្នកនាំព្រះបន្ទូល មកពីក្រុងណាសារ៉ែតស្រុកកាលីឡេ»។
12. ព្រះយេស៊ូបានយាងចូលទៅក្នុងព្រះវិហារ ហើយបណ្ដេញមនុស្សទាំងអស់ដែលលក់ដូរនៅក្នុងព្រះវិហារ ព្រះអង្គផ្ដួលតុពួកអ្នកដូរលុយ និងកៅអីពួកអ្នកលក់សត្វព្រាប
13. ហើយព្រះអង្គមានបន្ទូលទៅគេថា៖ «មានសេចក្ដីចែងទុកថា ដំណាក់របស់យើងត្រូវហៅថាដំណាក់នៃការអធិស្ឋាន ប៉ុន្ដែអ្នករាល់គ្នាធ្វើឲ្យតំណាក់នេះត្រលប់ជាសំបុកចោរទៅវិញ»។
14. ពួកមនុស្សខ្វាក់ និងមនុស្សខ្វិនបានចូលមកជិតព្រះអង្គនៅក្នុងព្រះវិហារ ហើយព្រះអង្គក៏ប្រោសពួកគេឲ្យបានជា
15. ប៉ុន្ដែកាលពួកសម្ដេចសង្ឃ និងគ្រូវិន័យបានឃើញការអស្ចារ្យដែលព្រះអង្គបានធ្វើ ទាំងក្មេងៗនាំគ្នាស្រែកនៅក្នុងព្រះវិហារថា ហូសាណាដល់ពូជពង្សដាវីឌ ផងនោះ ពួកគេក៏ទាស់ចិត្ដជាខ្លាំង
16. ហើយពួកគេទូលព្រះអង្គថា៖ «តើអ្នកឮអ្វីដែលក្មេងៗទាំងនេះកំពុងនិយាយដែរទេ?» ព្រះយេស៊ូមានបន្ទូលទៅពួកគេថា៖ «បាទ ខ្ញុំឮហើយ តើពួកលោកមិនដែលអានទេឬថា ព្រះអង្គបានធ្វើឲ្យពាក្យសរសើរចេញពីមាត់ក្មេងៗ និងទារកដែលនៅបៅ?»
17. ព្រះអង្គបានចាកចេញពីពួកគេ ហើយយាងចេញពីក្រុងនោះឆ្ពោះទៅក្រុងបេថានី និងបានស្នាក់នៅទីនោះនៅយប់នោះ។
18. លុះព្រលឹមឡើងពេលកំពុងយាងត្រលប់ទៅក្រុងវិញ ព្រះអង្គឃ្លាន
19. កាលបានឃើញដើមល្វាមួយដើមនៅតាមផ្លូវ ព្រះអង្គក៏យាងទៅជិតដើមល្វានោះ ប៉ុន្ដែមិនឃើញមានផ្លែសោះនៅលើដើម មានតែស្លឹកប៉ុណ្ណោះ ព្រះអង្គមានបន្ទូលទៅដើមល្វានោះថា៖ «ដរាបតទៅ កុំឲ្យឯងមានផ្លែទៀតឡើយ» ស្រាប់តែដើមល្វានោះក្រៀមស្វិតមួយរំពេច។