37. នៅទីបំផុត គាត់ក៏ចាត់កូនប្រុសរបស់គាត់ឲ្យទៅឯពួកអ្នកចម្ការដោយនិយាយថា ពួកគេនឹងគោរពកូនប្រុសរបស់ខ្ញុំ
38. ប៉ុន្ដែកាលពួកអ្នកចម្ការឃើញកូនប្រុសនោះ ក៏និយាយគ្នាថា ម្នាក់នេះជាអ្នកស្នងមរតក ចូរយើងសម្លាប់វាចោលទៅ ដើម្បីយកមរតករបស់វា។
39. ពួកគេក៏ចាប់កូនប្រុសនោះបោះទៅក្រៅចម្ការទំពាំងបាយជូរ ហើយសម្លាប់ចោល។
40. ដូច្នេះ ពេលម្ចាស់ចម្ការមកវិញ តើគាត់នឹងធ្វើយ៉ាងដូចម្ដេចចំពោះពួកអ្នកចម្ការទាំងនោះ?»
41. ពួកគេទូលព្រះអង្គថា៖ «គាត់នឹងសម្លាប់ពួកមនុស្សអាក្រក់ទាំងនោះដោយឥតប្រណីឡើយ ហើយគាត់នឹងប្រវាស់ចម្ការទំពាំងបាយជូរនោះឲ្យទៅពួកអ្នកចម្ការផ្សេងទៀត ដែលផ្ដល់ផលឲ្យគាត់តាមរដូវ»។
42. ព្រះយេស៊ូមានបន្ទូលទៅពួកគេថា៖ «តើពួកលោកមិនដែលអាននៅក្នុងបទគម្ពីរទេឬថា ថ្មដែលជាងសំណង់បោះបង់ចោល នោះត្រលប់ជាថ្មដ៏សំខាន់នៅតាមជ្រុង ការនេះកើតឡើងពីព្រះអម្ចាស់ ហើយអស្ចារ្យណាស់នៅចំពោះភ្នែកយើង។
43. ហេតុនេះ ខ្ញុំប្រាប់ពួកលោកថា នគរព្រះជាម្ចាស់នឹងត្រូវដកហូតពីពួកលោក ហើយប្រគល់ទៅឲ្យជនជាតិមួយដែលបង្កើតផលឲ្យនគរនោះ។
44. អ្នកណាធ្លាក់លើថ្មនេះ អ្នកនោះនឹងត្រូវបាក់បែក ហើយប្រសិនបើថ្មនេះធ្លាក់លើអ្នកណាវិញ វានឹងកិនកម្ទេចអ្នកនោះ»។