32. ដ្បិតលោកយ៉ូហានបានមកឯពួកលោកដោយផ្លូវនៃសេចក្ដីសុចរិត ប៉ុន្ដែពួកលោកមិនជឿគាត់ទេ ផ្ទុយទៅវិញពួកអ្នកទារពន្ធដារ និងពួកស្ដ្រីពេស្យាបានជឿគាត់ ហើយទោះបីពួកលោកឃើញក្ដី ក៏មិនបានប្រែចិត្ដជឿគាត់តាមក្រោយដែរ។
33. ចូរស្ដាប់រឿងប្រៀបប្រដូចមួយទៀត មានបុរសម្នាក់ ជាម្ចាស់ចម្ការបានធ្វើចម្ការទំពាំងបាយជូរមួយ ហើយក៏ព័ទ្ធរបងជុំវិញ ជីកកន្លែងបញ្ជាន់ផ្លែនៅក្នុងចម្ការនោះ សង់ប៉មមួយ រួចប្រវាស់ឲ្យពួកអ្នកចម្ការ ហើយក៏ចេញដំណើរទៅ។
34. លុះជិតដល់រដូវប្រមូលផល គាត់ក៏ចាត់ពួកបាវបម្រើឲ្យទៅឯពួកអ្នកចម្ការ ដើម្បីទទួលយកផលនៃចម្ការទំពាំងបាយជូរនោះ
35. ប៉ុន្ដែពួកអ្នកចម្ការបានវាយបាវបម្រើរបស់គាត់ម្នាក់ សម្លាប់ម្នាក់ ហើយបានគប់ម្នាក់ទៀតនឹងដុំថ្ម។
36. គាត់ក៏ចាត់ពួកបាវបម្រើផ្សេងទៀតច្រើនជាងលើកទីមួយឲ្យទៅ ប៉ុន្ដែពួកគេបានធ្វើចំពោះអ្នកទាំងនោះដូចលើកមុន។
37. នៅទីបំផុត គាត់ក៏ចាត់កូនប្រុសរបស់គាត់ឲ្យទៅឯពួកអ្នកចម្ការដោយនិយាយថា ពួកគេនឹងគោរពកូនប្រុសរបស់ខ្ញុំ
38. ប៉ុន្ដែកាលពួកអ្នកចម្ការឃើញកូនប្រុសនោះ ក៏និយាយគ្នាថា ម្នាក់នេះជាអ្នកស្នងមរតក ចូរយើងសម្លាប់វាចោលទៅ ដើម្បីយកមរតករបស់វា។
39. ពួកគេក៏ចាប់កូនប្រុសនោះបោះទៅក្រៅចម្ការទំពាំងបាយជូរ ហើយសម្លាប់ចោល។