គម្ពីរសញ្ញាថ្មី

ម៉ាថាយ 21:31-41 Khmer Christian Bible (KCB)

31. ក្នុង​ចំណោម​កូន​ទាំង​ពីរ​នាក់​នេះ​ តើ​កូន​មួយ​ណា​ធ្វើ​តាម​បំណង​របស់​ឪពុក?»​ ពួកគេ​ឆ្លើយ​ថា៖​ «កូន​ទី​មួយ»។​ ព្រះយេស៊ូ​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «ខ្ញុំ​ប្រាប់​ពួក​លោក​ជា​ប្រាកដ​ថា​ ពួក​អ្នក​ទារ​ពន្ធដារ​ និង​ពួក​ស្ដ្រី​ពេស្យា​នឹង​ចូល​ទៅ​ក្នុង​នគរ​ព្រះជាម្ចាស់​មុន​ពួក​លោក។​

32. ដ្បិត​លោក​យ៉ូហាន​បាន​មក​ឯ​ពួក​លោក​ដោយ​ផ្លូវ​នៃ​សេចក្ដី​សុចរិត​ ប៉ុន្ដែ​ពួក​លោក​មិន​ជឿ​គាត់​ទេ​ ផ្ទុយ​ទៅ​វិញ​ពួក​អ្នក​ទារ​ពន្ធដារ​ និង​ពួក​ស្ដ្រី​ពេស្យា​បាន​ជឿ​គាត់​ ហើយ​ទោះបី​ពួក​លោក​ឃើញ​ក្ដី​ ក៏​មិន​បាន​ប្រែចិត្ដ​ជឿ​គាត់​តាម​ក្រោយ​ដែរ។​

33. ចូរ​ស្ដាប់​រឿង​ប្រៀប​ប្រដូច​មួយ​ទៀត​ មាន​បុរស​ម្នាក់​ ជា​ម្ចាស់​ចម្ការ​បាន​ធ្វើ​ចម្ការ​ទំពាំង​បាយជូរ​មួយ​ ហើយ​ក៏​ព័ទ្ធ​របង​ជុំវិញ​ ជីក​កន្លែង​បញ្ជាន់​ផ្លែ​នៅ​ក្នុង​ចម្ការ​នោះ​ សង់​ប៉ម​មួយ​ រួច​ប្រវាស់​ឲ្យ​ពួក​អ្នក​ចម្ការ​ ហើយ​ក៏​ចេញ​ដំណើរ​ទៅ។​

34. លុះ​ជិត​ដល់​រដូវ​ប្រមូល​ផល​ គាត់​ក៏​ចាត់​ពួក​បាវបម្រើ​ឲ្យ​ទៅ​ឯ​ពួក​អ្នក​ចម្ការ​ ដើម្បី​ទទួល​យក​ផល​នៃ​ចម្ការ​ទំពាំង​បាយជូរ​នោះ​

35. ប៉ុន្ដែ​ពួក​អ្នក​ចម្ការ​បាន​វាយបាវបម្រើរបស់​គាត់​ម្នាក់​ សម្លាប់​ម្នាក់ ហើយ​បាន​គប់​ម្នាក់​ទៀត​នឹងដុំ​ថ្ម​។

36. គាត់​ក៏​ចាត់​ពួក​បាវបម្រើ​ផ្សេង​ទៀត​ច្រើន​ជាង​លើក​ទី​មួយ​ឲ្យ​ទៅ​ ប៉ុន្ដែ​ពួកគេ​បាន​ធ្វើ​ចំពោះ​អ្នក​ទាំង​នោះ​ដូច​លើក​មុន។​

37. នៅ​ទី​បំផុត​ គាត់​ក៏​ចាត់​កូន​ប្រុស​របស់​គាត់​ឲ្យ​ទៅ​ឯ​ពួក​អ្នក​ចម្ការ​ដោយ​និយាយ​ថា​ ពួកគេ​នឹង​គោរព​កូន​ប្រុស​របស់​ខ្ញុំ​

38. ប៉ុន្ដែ​កាល​ពួក​អ្នក​ចម្ការ​ឃើញ​កូន​ប្រុស​នោះ​ ក៏​និយាយ​គ្នា​ថា​ ម្នាក់​នេះ​ជា​អ្នក​ស្នង​មរតក​ ចូរ​យើង​សម្លាប់​វា​ចោល​ទៅ​ ដើម្បី​យក​មរតក​របស់​វា‍។​

39. ពួកគេ​ក៏​ចាប់​កូន​ប្រុស​នោះ​បោះ​ទៅ​ក្រៅ​ចម្ការ​ទំពាំង​បាយជូរ​ ហើយ​សម្លាប់​ចោល។​

40. ដូច្នេះ​ ពេល​ម្ចាស់​ចម្ការ​មកវិញ​ តើ​គាត់​នឹង​ធ្វើ​យ៉ាង​ដូច​ម្ដេច​ចំពោះ​ពួក​អ្នក​ចម្ការ​ទាំង​នោះ?»​

41. ពួកគេ​ទូល​ព្រះអង្គ​ថា៖​ «គាត់​នឹង​សម្លាប់​ពួក​មនុស្ស​អាក្រក់​ទាំងនោះ​ដោយ​ឥត​ប្រណី​ឡើយ​ ហើយ​គាត់​នឹង​ប្រវាស់​ចម្ការ​ទំពាំង​បាយជូរ​នោះ​ឲ្យ​ទៅ​ពួក​អ្នក​ចម្ការ​ផ្សេង​ទៀត​ ដែល​ផ្ដល់​ផល​ឲ្យ​គាត់​តាម​រដូវ»។​

សូមអានជំពូកពេញលេញ ម៉ាថាយ 21