គម្ពីរសញ្ញាថ្មី

ម៉ាថាយ 21:12-19 Khmer Christian Bible (KCB)

12. ព្រះយេស៊ូ​បាន​យាង​ចូល​ទៅ​ក្នុង​ព្រះ​វិហារ​ ហើយ​បណ្ដេញ​មនុស្ស​ទាំង​អស់​ដែល​លក់​ដូរ​នៅ​ក្នុង​ព្រះ​វិហារ​ ព្រះអង្គ​ផ្ដួល​តុ​ពួក​អ្នក​ដូរ​លុយ​ និង​កៅអី​ពួក​អ្នក​លក់​សត្វ​ព្រាប​

13. ហើយ​ព្រះអង្គ​មាន​បន្ទូល​ទៅ​គេ​ថា៖​ «មាន​សេចក្ដី​ចែង​ទុក​ថា​ ដំណាក់​របស់​យើង​ត្រូវ​ហៅ​ថា​ដំណាក់​នៃ​ការ​អធិស្ឋាន​ ប៉ុន្ដែ​អ្នក​រាល់គ្នា​ធ្វើ​ឲ្យ​តំណាក់​នេះ​ត្រលប់​ជា​សំបុក​ចោរ​ទៅ​វិញ»។​

14. ពួក​មនុស្ស​ខ្វាក់​ និង​មនុស្ស​ខ្វិន​បាន​ចូល​មក​ជិត​ព្រះអង្គ​នៅ​ក្នុង​ព្រះ​វិហារ​ ហើយ​ព្រះអង្គ​ក៏​ប្រោស​ពួកគេ​ឲ្យ​បាន​ជា​

15. ប៉ុន្ដែ​កាល​ពួក​សម្ដេច​សង្ឃ​ និង​គ្រូវិន័យ​បាន​ឃើញ​ការ​អស្ចារ្យ​ដែល​ព្រះអង្គ​បាន​ធ្វើ​ ទាំង​ក្មេងៗ​នាំ​គ្នា​ស្រែក​នៅ​ក្នុង​ព្រះ​វិហារ​ថា​ ហូសាណា​ដល់​ពូជពង្ស​ដាវីឌ​ ផង​នោះ​ ពួកគេ​ក៏​ទាស់ចិត្ដ​ជា​ខ្លាំង​

16. ហើយ​ពួកគេ​ទូល​ព្រះអង្គ​ថា៖​ «តើ​អ្នក​ឮ​អ្វី​ដែល​ក្មេងៗ​ទាំង​នេះ​កំពុង​និយាយ​ដែរ​ទេ?»​ ព្រះយេស៊ូ​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «បាទ​ ខ្ញុំ​ឮ​ហើយ​ តើ​ពួក​លោក​មិន​ដែល​អាន​ទេ​ឬ​ថា​ ព្រះអង្គ​បាន​ធ្វើ​ឲ្យ​ពាក្យ​សរសើរ​ចេញ​ពី​មាត់​ក្មេងៗ​ និង​ទារក​ដែល​នៅ​បៅ?»​

17. ព្រះអង្គ​បាន​ចាក​ចេញ​ពី​ពួកគេ​ ហើយ​យាង​ចេញ​ពី​ក្រុង​នោះ​ឆ្ពោះ​ទៅ​ក្រុង​បេថានី​ និង​បាន​ស្នាក់​នៅ​ទី​នោះ​នៅ​យប់​នោះ។​

18. លុះ​ព្រលឹម​ឡើង​ពេល​កំពុង​យាង​ត្រលប់​ទៅ​ក្រុង​វិញ​ ព្រះអង្គ​ឃ្លាន​

19. កាល​បាន​ឃើញ​ដើម​ល្វា​មួយ​ដើម​នៅ​តាម​ផ្លូវ​ ព្រះអង្គ​ក៏​យាង​ទៅ​ជិត​ដើម​ល្វា​នោះ​ ប៉ុន្ដែ​មិន​ឃើញ​មាន​ផ្លែ​សោះ​នៅ​លើ​ដើម​ មាន​តែ​ស្លឹក​ប៉ុណ្ណោះ​ ព្រះអង្គ​មាន​បន្ទូល​ទៅ​ដើម​ល្វា​នោះ​ថា៖​ «ដរាប​ត​ទៅ​ កុំ​ឲ្យ​ឯង​មាន​ផ្លែ​ទៀត​ឡើយ»​ ស្រាប់តែ​ដើម​ល្វា​នោះ​ក្រៀម​ស្វិត​មួយ​រំពេច។​

សូមអានជំពូកពេញលេញ ម៉ាថាយ 21