គម្ពីរសញ្ញាថ្មី

ម៉ាថាយ 21:1-11 Khmer Christian Bible (KCB)

1. កាល​ពួកគេ​មកជិត​ដល់​ក្រុង​យេរូសាឡិម​ គឺ​ត្រង់​ក្រុង​បេតផាសេ​ ជិត​ភ្នំ​ដើម​អូលីវ​ ព្រះយេស៊ូ​ក៏​ចាត់​សិស្ស​ពីរ​នាក់​ឲ្យ​ទៅ​

2. ដោយ​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «ចូរ​ទៅ​ភូមិ​នៅ​ទល់​មុខ​អ្នក​ ហើយ​ភ្លាម​នោះ​អ្នក​នឹង​ឃើញ​មេលា​មួយ​ដែល​គេ​ចង​ទុក​ជាមួយ​កូន​របស់​វា​ ចូរ​ស្រាយ​នាំ​មក​ឲ្យ​ខ្ញុំ​

3. ប្រសិន​បើ​មាន​អ្នកណា​សួរ​អ្វី​ដល់​អ្នក​ នោះ​ចូរ​ប្រាប់​ថា​ ព្រះអម្ចាស់​ត្រូវការ​ពួកវា​ ហើយ​គេ​នឹង​ប្រគល់​ពួកវា​ឲ្យ​អ្នក​ភ្លាម»។​

4. ការ​នេះ​កើត​ឡើង​ ដើម្បី​សម្រេច​សេចក្ដី​ដែល​បាន​ថ្លែង​ទុក​ តាមរយៈ​អ្នក​នាំ​ព្រះបន្ទូល​ថា៖​

5. «ចូរ​ប្រាប់​កូន​ស្រី​ក្រុង​ស៊ីយ៉ូន​ថា​ មើល៍​ ស្ដេច​របស់​អ្នក​យាង​មក​ឯ​អ្នក​ហើយ​ ព្រះអង្គ​ស្លូត​ត្រង់​ ព្រះអង្គ​គង់​លើ​កូន​លា»។​

6. សិស្ស​ទាំង​ពីរ​នាក់​ក៏​ចេញ​ទៅ​ ហើយ​ធ្វើ​តាម​ដូច​ព្រះយេស៊ូ​បាន​បង្គាប់​ពួកគេ​

7. ពួកគេ​បាន​ដឹក​មេលា​ និង​កូន​របស់​វា​មក​ ហើយ​បាន​ក្រាល​អាវ​របស់​គេ​លើខ្នង​វា​ រួច​ព្រះអង្គ​គង់​លើ​វា​

8. ហើយ​បណ្ដាជន​ច្រើន​កុះករ​នាំ​គ្នា​ក្រាល​អាវ​របស់​គេ​នៅ​លើ​ផ្លូវ​ ឯ​អ្នក​ផ្សេង​ទៀត​នាំ​គ្នា​កាត់​មែក​ឈើ​មក​ក្រាល​លើ​ផ្លូវ​ដែរ​

9. បណ្ដាជន​ដែល​ដើរ​នាំ​មុខ​ និង​ដើរ​តាម​ក្រោយ​ព្រះអង្គ​នាំ​គ្នា​ស្រែក​ឡើង​ថា៖​ «ហូសាណា​ ដល់​ពូជពង្ស​ដាវីឌ​ សូម​ថ្វាយ​ព្រះ​ពរ​ព្រះអង្គ​ដែល​យាង​មក​ក្នុង​ព្រះនាម​ព្រះអម្ចាស់!​ ហូសាណា​ នៅ​ស្ថាន​ដ៏​ខ្ពស់​បំផុត»​

10. កាល​ព្រះអង្គ​យាង​ចូល​ក្នុង​ក្រុង​យេរូសាឡិម​ អ្នក​ក្រុង​ទាំង​មូល​ក៏​រំជើប​រំជួល​ឡើង​និយាយ​គ្នា​ថា៖​ «តើ​អ្នក​នេះ​ជា​អ្នកណា?»​

11. បណ្ដាជន​នាំ​គ្នា​និយាយ​ថា៖​ «នេះ​គឺ​លោក​យេស៊ូ​ជា​អ្នក​នាំ​ព្រះបន្ទូល​ មក​ពី​ក្រុង​ណាសារ៉ែត​ស្រុក​កាលីឡេ»។​

សូមអានជំពូកពេញលេញ ម៉ាថាយ 21