គម្ពីរសញ្ញាថ្មី

ម៉ាថាយ 20:3-22 Khmer Christian Bible (KCB)

3. នៅ​ពេល​គាត់​ចេញ​ទៅ​នៅ​ប្រហែល​ម៉ោង​ប្រាំ​បួន​ព្រឹក​ គាត់​ឃើញ​អ្នក​ផ្សេង​ទៀត​ឈរ​ទំនេរ​នៅ​តាម​ផ្សារ​

4. គាត់​ក៏​និយាយ​ទៅ​អ្នក​ទាំង​នោះ​ថា​ ចូរ​អ្នក​រាល់គ្នា​ទៅ​ឯ​ចម្ការ​ទំពាំង​បាយជូរ​ដែរ​ចុះ​ ខ្ញុំ​នឹង​ឲុ្យ​ឈ្នួល​ត្រឹមត្រូវ។​

5. ពួកគេ​ក៏​ទៅ។​ គាត់​ក៏​ចេញ​ទៅ​ម្ដង​ទៀត​ នៅ​ប្រហែល​ម៉ោង​ដប់​ពីរ​ថ្ងៃ​ត្រង់​ និង​ម៉ោង​បី​រសៀល​ គាត់​ក៏​ធ្វើ​ដូច​ពី​មុន។​

6. នៅ​ប្រហែល​ម៉ោង​ប្រាំ​ល្ងាច​ ពេល​គាត់​ចេញ​ទៅ​ ក៏​ឃើញ​អ្នក​ផ្សេង​ទៀត​កំពុង​ឈរ​ គាត់​ក៏​សួរ​ពួកគេ​ថា​ ហេតុអ្វី​បាន​ជា​អ្នក​រាល់គ្នា​ឈរ​ទំនេរ​មួយ​ថ្ងៃ​វាល់​ល្ងាច​នៅ​ទី​នេះ​ដូច្នេះ?​

7. ពួកគេ​ប្រាប់​គាត់​ថា​ ព្រោះ​គ្មាន​អ្នកណា​ជួល​យើង។​ គាត់​ក៏​ប្រាប់​ពួកគេ​វិញ​ថា​ ចូរ​អ្នក​រាល់គ្នា​ទៅ​ឯ​ចម្ការ​ទំពាំង​បាយជូរ​ដែរ​ចុះ។​

8. លុះ​ដល់​ពេល​ល្ងាច​ ម្ចាស់​ចម្ការ​ទំពាំង​បាយជូរ​ក៏​ប្រាប់​មេការ​ថា​ ចូរ​ហៅ​កម្មករ​មក​ រួច​ឲ្យ​ឈ្នួល​ដល់​ពួកគេ​ចាប់​ពី​អ្នក​មក​ក្រោយ​បង្អស់​រហូត​ដល់​អ្នក​មក​មុន​បង្អស់។​

9. ពួក​អ្នក​ដែល​មក​នៅ​ម៉ោង​ប្រហែល​ប្រាំ​ល្ងាច​ ម្នាក់ៗ​ទទួល​បាន​មួយ​ឌេណារី‍។​

10. ពួក​អ្នក​ដែល​មក​មុន​គេ​គិត​ថា​ ខ្លួន​នឹង​ទទួល​បាន​លើស​នោះ​ ប៉ុន្ដែ​ម្នាក់ៗ​ក៏​ទទួល​បាន​មួយ​ឌេណារី​ដែរ។​

11. ពួកគេ​ទទួល​យក​ ទាំង​រអ៊ូ​រទាំ​ដាក់​ម្ចាស់​ចម្ការ​

12. ថា​ ពួក​អ្នក​មក​ក្រោយ​បង្អស់​ទាំង​នេះ​ធ្វើការ​បាន​តែ​មួយ​ម៉ោង​ទេ​ ប៉ុន្ដែ​លោក​ឲ្យ​ឈ្នួល​ដល់​ពួកគេ​ស្មើ​នឹង​យើង​ ដែល​ទ្រាំ​ធ្វើការ​ធ្ងន់​ហាល​ថ្ងៃ​ហាល​ក្ដៅ​ពេញ​មួយ​ថ្ងៃ‍។​

13. ម្ចាស់​ចម្ការ​ក៏​ឆ្លើយ​នឹង​ម្នាក់​ក្នុង​ចំណោម​ពួកគេ​ថា​ សម្លាញ់​អើយ‍!​ ខ្ញុំ​មិន​បាន​ធ្វើ​ខុស​ចំពោះ​អ្នក​ទេ​ តើ​អ្នក​មិន​បាន​ព្រមព្រៀង​ជាមួយ​ខ្ញុំ​ថា​ ទទួល​យក​ឈ្នួល​មួយ​ឌេណារី​ទេ​ឬ?​

14. ចូរ​យក​ឈ្នួល​របស់​អ្នក​ ហើយ​ចេញ​ទៅ!​ ខ្ញុំ​ចង់​ឲ្យ​ឈ្នួល​ដល់​អ្នក​មក​ក្រោយ​បង្អស់​នេះ​ស្មើ​នឹង​អ្នក​ដែរ។​

15. តើ​ខ្ញុំ​គ្មាន​សិទ្ធិ​ប្រើ​ទ្រព្យ​សម្បត្ដិ​របស់​ខ្ញុំ​ ដើម្បី​ធ្វើ​អ្វី​ដែល​ខ្ញុំ​ចង់​ធ្វើ​ទេ​ឬ?​ ឬ​ក៏​ភ្នែក​របស់​អ្នក​ច្រណែន​ ព្រោះ​តែ​ខ្ញុំ​ល្អ?​

16. ដូច្នេះ​ អ្នក​នៅ​ក្រោយ​បង្អស់​នឹង​ត្រលប់​ជា​នៅ​មុខ​គេ​ ឯ​អ្នក​នៅ​មុខ​គេ​នឹង​ត្រលប់​ជា​នៅ​ក្រោយ​បង្អស់​វិញ»។​

17. កាល​ព្រះយេស៊ូ​កំពុង​យាង​ឡើង​ទៅ​ក្រុង​យេរូសាឡិម​ ព្រះអង្គ​បាន​នាំ​សិស្ស​ទាំង​ដប់​ពីរ​ទៅ​ដាច់​ឡែក​ពី​គេ​ ហើយ​នៅ​តាម​ផ្លូវ​ព្រះអង្គ​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​

18. «មើល៍​ យើង​កំពុង​ឡើង​ទៅ​ក្រុង​យេរូសាឡិម​ ហើយ​កូន​មនុស្ស​នឹង​ត្រូវ​គេ​ប្រគល់​ទៅ​ឲ្យ​ពួក​សម្ដេច​សង្ឃ​ និង​គ្រូវិន័យ​ រួច​ពួកគេ​នឹង​កាត់ទោស​ប្រហារ​ជីវិត​លោក​

19. ពួកគេ​នឹង​ប្រគល់​លោក​ទៅ​ឲ្យ​សាសន៍​ដទៃ​ ដើម្បី​ឲ្យ​គេ​ចំអក​ វាយ​នឹង​ខ្សែតី​ ហើយ​ឆ្កាង​ ប៉ុន្ដែ​លោក​នឹង​រស់​ឡើង​វិញ​នៅ​ថ្ងៃ​ទី​បី‍»‍។​

20. បន្ទាប់​មក​ ប្រពន្ធ​លោក​សេបេដេ​ និង​កូនៗ​របស់​គាត់​បាន​ចូល​មក​ថ្វាយ​បង្គំ​ព្រះអង្គ​ ដើម្បី​ទូល​សុំ​អ្វី​ម្យ៉ាង​ពី​ព្រះអង្គ​

21. ព្រះអង្គ​មាន​បន្ទូល​ទៅ​គាត់​ថា៖​ «តើ​អ្នក​ចង់​បាន​អ្វី?»​ គាត់​ទូល​ព្រះអង្គ​ថា៖​ «ខ្ញុំ​សូម​ឲ្យ​លោក​សន្យា​ថា​ កូន​ប្រុស​របស់​ខ្ញុំ​ទាំង​ពីរ​នាក់​នេះ​ នឹង​បាន​អង្គុយ​ក្បែរ​លោក​នៅ​ក្នុង​នគរ​របស់​លោក​ គឺ​ម្នាក់​នៅ​ខាង​ស្ដាំ​ និង​ម្នាក់​ទៀត​នៅ​ខាង​ឆ្វេង»។​

22. ព្រះយេស៊ូ​មាន​បន្ទូល​ឆ្លើយ​ថា៖​ «អ្នក​មិន​ដឹង​ថា​ អ្នក​កំពុង​សុំ​អ្វី​ទេ​ តើ​អ្នក​អាច​ផឹក​ពី​ពែង​ដែល​ខ្ញុំ​បម្រុង​នឹង​ផឹក​នេះ​បាន​ដែរ​ឬ​ទេ?»​ ពួកគេ​ទូល​ព្រះអង្គ​ថា៖​ «យើង​អាច​ផឹក​បាន»។​

សូមអានជំពូកពេញលេញ ម៉ាថាយ 20