គម្ពីរសញ្ញាថ្មី

ម៉ាថាយ 20:27-34 Khmer Christian Bible (KCB)

27. រួច​អ្នកណា​ដែល​ចង់​ធ្វើ​ជា​ទី​មួយ​នៅ​ក្នុង​ចំណោម​អ្នក​រាល់គ្នា​ អ្នក​នោះក៏​ត្រូវ​ធ្វើ​ជា​បាវបម្រើ​របស់​អ្នក​រាល់គ្នា​ដែរ​

28. ឯ​កូន​មនុស្ស​ក៏​ដូច្នេះ​ដែរ​ គឺ​មិន​បាន​មក​ឲ្យ​គេ​បម្រើ​ទេ​ ប៉ុន្ដែ​មក​បម្រើ​គេ​វិញ​ ទាំង​ប្រគល់​ជីវិត​ខ្លួន​ទុក​ជា​ថ្លៃ​លោះ​ដល់​មនុស្ស​ជា​ច្រើន​ផង»។​

29. កាល​ពួកគេ​ចេញ​ពី​ក្រុង​យេរីខូរ​ នោះ​មាន​បណ្ដាជន​ច្រើន​កុះករ​បាន​ដើរ​តាម​ព្រះអង្គ​

30. ហើយ​មើល៍​ មាន​មនុស្ស​ខ្វាក់​ពីរ​នាក់​កំពុង​អង្គុយ​ក្បែរ​ផ្លូវ​ ពេល​ឮ​ថា​ព្រះយេស៊ូ​កំពុង​យាង​កាត់​ ក៏​ស្រែក​ឡើង​ថា៖​ «ឱ​ព្រះអម្ចាស់​ជា​ពូជពង្ស​ដាវីឌ​អើយ!​ សូម​មេត្ដា​យើង​ផង!»​

31. ប៉ុន្ដែ​បណ្ដាជន​បាន​បន្ទោស​អ្នក​ទាំង​ពីរ​នោះ​ឲ្យ​ពួកគេ​នៅ​ស្ងៀម​ ប៉ុន្ដែ​ពួកគេ​ស្រែក​ថែម​ទៀត​ថា៖​ «ឱ​ព្រះអម្ចាស់​ជា​ពូជពង្ស​ដាវីឌ​អើយ!​ សូម​មេត្តា​យើង​ផង!»​

32. ព្រះយេស៊ូ​ក៏​ឈប់​ ហើយ​ហៅ​អ្នក​ទាំង​ពីរ​នោះ​មក​សួរ​ថា៖​ «តើ​ពួក​អ្នក​ចង់​ឲ្យ​ខ្ញុំ​ធ្វើ​អ្វី?»​

33. ពួកគេ​ក៏​ទូល​ព្រះអង្គ​ថា៖​ «ព្រះអម្ចាស់​អើយ‍!​ សូម​បើក​ភ្នែក​របស់​យើង​ឲ្យ​បាន​ភ្លឺ​ផង»​

34. ដោយ​ព្រះយេស៊ូ​មាន​ក្ដី​អាណិត​អាសូរ​ក៏​ពាល់​ភ្នែក​របស់​ពួកគេ។​ រំពេច​នោះ​ ពួកគេ​ក៏​មើល​ឃើញ​វិញ​ ហើយ​ដើរ​តាម​ព្រះអង្គ​ទៅ។​

សូមអានជំពូកពេញលេញ ម៉ាថាយ 20