គម្ពីរសញ្ញាថ្មី

ម៉ាថាយ 20:22-32 Khmer Christian Bible (KCB)

22. ព្រះយេស៊ូ​មាន​បន្ទូល​ឆ្លើយ​ថា៖​ «អ្នក​មិន​ដឹង​ថា​ អ្នក​កំពុង​សុំ​អ្វី​ទេ​ តើ​អ្នក​អាច​ផឹក​ពី​ពែង​ដែល​ខ្ញុំ​បម្រុង​នឹង​ផឹក​នេះ​បាន​ដែរ​ឬ​ទេ?»​ ពួកគេ​ទូល​ព្រះអង្គ​ថា៖​ «យើង​អាច​ផឹក​បាន»។​

23. ព្រះអង្គ​ក៏​មាន​បន្ទូល​ទៅ​ពួកគេ​ទៀត‍​ថា៖​ «អ្នក​នឹង​ផឹក​ពី​ពែង​របស់​ខ្ញុំ​បាន​មែន​ ប៉ុន្ដែ​ដែល​អង្គុយ​នៅ​ខាង​ស្ដាំ​ខ្ញុំ​ ឬ​ខាង​ឆ្វេង​ខ្ញុំ​នោះ​ មិន​មែន​ស្រេច​លើ​ខ្ញុំ​ទេ​ គឺ​សម្រាប់​តែ​អស់​អ្នក​ដែល​ព្រះវរបិតា​របស់​ខ្ញុំ​បាន​រៀបចំ​ទុក​ឲ្យ​ប៉ុណ្ណោះ»។​

24. ពេល​សាវក​ដប់​នាក់​ទៀត​ឮ​ដូច្នេះ​ ក៏​ទាស់ចិត្ដ​នឹង​បងប្អូន​ពីរ​នាក់​នោះ​

25. ប៉ុន្ដែ​ព្រះយេស៊ូ​បាន​ហៅ​ពួកគេ​មក​ រួច​មាន​បន្ទូល​ថា៖​ «អ្នក​រាល់គ្នា​ដឹង​ថា​ ពួក​អ្នក​គ្រប់គ្រង​របស់​សាសន៍​ដទៃ​ត្រួតត្រា​លើ​ពួកគេ​ ហើយ​ពួក​អ្នក​ធំ​ក៏​ប្រើ​សិទ្ធិ​អំណាច​លើ​ពួកគេ​ដែរ​

26. ប៉ុន្ដែ​ក្នុង​ចំណោម​អ្នក​រាល់គ្នា​ មិន​មែន​ដូច្នោះ​ឡើយ​ អ្នកណា​ដែល​ចង់​ធ្វើ​ធំ​ក្នុង​ចំណោម​អ្នក​រាល់គ្នា​ អ្នក​នោះ​ត្រូវ​ធ្វើ​ជា​អ្នកបម្រើ​អ្នក​រាល់គ្នា​វិញ​

27. រួច​អ្នកណា​ដែល​ចង់​ធ្វើ​ជា​ទី​មួយ​នៅ​ក្នុង​ចំណោម​អ្នក​រាល់គ្នា​ អ្នក​នោះក៏​ត្រូវ​ធ្វើ​ជា​បាវបម្រើ​របស់​អ្នក​រាល់គ្នា​ដែរ​

28. ឯ​កូន​មនុស្ស​ក៏​ដូច្នេះ​ដែរ​ គឺ​មិន​បាន​មក​ឲ្យ​គេ​បម្រើ​ទេ​ ប៉ុន្ដែ​មក​បម្រើ​គេ​វិញ​ ទាំង​ប្រគល់​ជីវិត​ខ្លួន​ទុក​ជា​ថ្លៃ​លោះ​ដល់​មនុស្ស​ជា​ច្រើន​ផង»។​

29. កាល​ពួកគេ​ចេញ​ពី​ក្រុង​យេរីខូរ​ នោះ​មាន​បណ្ដាជន​ច្រើន​កុះករ​បាន​ដើរ​តាម​ព្រះអង្គ​

30. ហើយ​មើល៍​ មាន​មនុស្ស​ខ្វាក់​ពីរ​នាក់​កំពុង​អង្គុយ​ក្បែរ​ផ្លូវ​ ពេល​ឮ​ថា​ព្រះយេស៊ូ​កំពុង​យាង​កាត់​ ក៏​ស្រែក​ឡើង​ថា៖​ «ឱ​ព្រះអម្ចាស់​ជា​ពូជពង្ស​ដាវីឌ​អើយ!​ សូម​មេត្ដា​យើង​ផង!»​

31. ប៉ុន្ដែ​បណ្ដាជន​បាន​បន្ទោស​អ្នក​ទាំង​ពីរ​នោះ​ឲ្យ​ពួកគេ​នៅ​ស្ងៀម​ ប៉ុន្ដែ​ពួកគេ​ស្រែក​ថែម​ទៀត​ថា៖​ «ឱ​ព្រះអម្ចាស់​ជា​ពូជពង្ស​ដាវីឌ​អើយ!​ សូម​មេត្តា​យើង​ផង!»​

32. ព្រះយេស៊ូ​ក៏​ឈប់​ ហើយ​ហៅ​អ្នក​ទាំង​ពីរ​នោះ​មក​សួរ​ថា៖​ «តើ​ពួក​អ្នក​ចង់​ឲ្យ​ខ្ញុំ​ធ្វើ​អ្វី?»​

សូមអានជំពូកពេញលេញ ម៉ាថាយ 20