9. ដូច្នេះ គេក៏ស្ដាប់តាមស្ដេច ហើយចេញទៅ ឯផ្កាយដែលគេឃើញនៅទិសខាងកើតនោះបាននាំមុខពួកគេ រហូតមកដល់កន្លែងដែលបុត្រតូចនៅ ហើយក៏ឈប់នៅចំពីលើនោះ
10. កាលបានឃើញផ្កាយនោះ ពួកគេមានសេចក្ដីត្រេកអរ និងរីករាយជាខ្លាំង
11. ពេលចូលមកក្នុងផ្ទះ ពួកគេក៏ឃើញបុត្រតូចនៅជាមួយនាងម៉ារាជាម្ដាយ ពួកគេក៏ក្រាបថ្វាយបង្គំព្រះអង្គ ព្រមទាំងបើកយកទ្រព្យសម្បត្ដិរបស់ខ្លួនថ្វាយដល់ព្រះអង្គជាតង្វាយ មានមាស កំញ៉ាន និងជ័រក្រអូប។
12. រួចពួកគេក៏វិលត្រលប់ទៅស្រុករបស់ខ្លួនវិញតាមផ្លូវមួយផ្សេងទៀត ព្រោះពួកគេបានទទួលការព្រមានក្នុងយល់សប្ដិ មិនឲ្យត្រលប់ទៅឯស្ដេចហេរ៉ូឌវិញ។
13. ពេលពួកតារាវិទូចេញផុត នោះទេវតារបស់ព្រះអម្ចាស់បានលេចឲ្យលោកយ៉ូសែបឃើញក្នុងយល់សប្ដិ ដោយនិយាយថា៖ «ក្រោកឡើង! ចូរនាំបុត្រតូច និងម្ដាយគេចខ្លួនទៅស្រុកអេស៊ីព្ទ ហើយនៅទីនោះរហូតដល់ខ្ញុំប្រាប់អ្នកម្ដងទៀត ដ្បិតស្ដេចហេរ៉ូឌរកសម្លាប់បុត្រតូចនេះហើយ»
14. ដូច្នេះ គាត់ក៏ក្រោកឡើង នាំបុត្រតូច និងម្ដាយចេញដំណើរទៅស្រុកអេស៊ីព្ទទាំងយប់
15. ហើយបាននៅទីនោះ រហូតដល់ស្ដេចហេរ៉ូឌស្លាប់ ដើម្បីសម្រេចសេចក្ដីដែលព្រះអម្ចាស់មានបន្ទូលតាមរយៈអ្នកនាំព្រះបន្ទូលថា៖ «យើងបានហៅកូនយើងចេញពីស្រុកអេស៊ីព្ទមក»។
16. បន្ទាប់ពីស្ដេចហេរ៉ូឌដឹងថាចាញ់បោកពួកតារាវិទូ ក៏ខឹងយ៉ាងខ្លាំង រួចបានចាត់គេឲ្យទៅសម្លាប់ក្មេងប្រុសទាំងអស់ ចាប់ពីអាយុពីរឆ្នាំចុះ ទាំងនៅក្នុងភូមិបេថ្លេហិម និងនៅក្បែរភូមិនោះ យោងតាមពេលវេលាដែលស្ដេចបានសួរបញ្ជាក់ពួកតារាវិទូ។
17. ការនោះបានសម្រេចសេចក្ដីដែលបានថ្លែងតាមរយៈលោកយេរេមា ជាអ្នកនាំព្រះបន្ទូលថា៖
18. «គេឮសំឡេងនៅភូមិរ៉ាម៉ា ជាការទ្រហោយំ និងការកាន់ទុក្ខសោកសៅ ឯនាងរ៉ាជែលទ្រហោយំដោយព្រោះកូនឥតក្សាន្តចិត្តសោះ ដ្បិតកូនរបស់នាងបានស្លាប់អស់ហើយ»។
19. ពេលស្ដេចហេរ៉ូឌស្លាប់ហើយ ទេវតារបស់ព្រះអម្ចាស់ក៏លេចមកឲ្យលោកយ៉ូសែបឃើញក្នុងយល់សប្ដិនៅស្រុកអេស៊ីព្ទ
20. ដោយប្រាប់ថា៖ «ក្រោកឡើង! ចូរនាំបុត្រតូច និងម្ដាយទៅស្រុកអ៊ីស្រាអែលវិញ ព្រោះអ្នកដែលរកសម្លាប់បុត្រតូចនេះបានស្លាប់ហើយ»។
21. ដូច្នេះគាត់បានក្រោកឡើង នាំបុត្រតូច និងម្ដាយចូលក្នុងស្រុកអ៊ីស្រាអែលវិញ
22. ប៉ុន្ដែ ពេលគាត់ឮថាស្ដេចអើខេឡោសសោយរាជ្យនៅស្រុកយូដាបន្តពីហេរ៉ូឌជាបិតានោះ គាត់មិនហ៊ានទៅទីនោះទេ ហើយដោយមានការព្រមាននៅក្នុងយល់សប្ដិ គាត់បានចេញដំណើរទៅស្រុកកាលីឡេវិញ
23. ពេលមកដល់ គាត់បានតាំងលំនៅក្នុងក្រុងមួយឈ្មោះណាសារ៉ែត ការនោះបានសម្រេចសេចក្ដីដែលបានថ្លែងទុកតាមរយៈអ្នកនាំព្រះបន្ទូលថា៖ «គេនឹងហៅព្រះអង្គថាអ្នកក្រុងណាសារ៉ែត»។