គម្ពីរសញ្ញាថ្មី

ម៉ាថាយ 19:8-19 Khmer Christian Bible (KCB)

8. ព្រះអង្គ​មាន​បន្ទូល​ទៅ​ពួក​គេ​ថា៖​ «ដោយ​ព្រោះតែ​ចិត្ដ​រឹង​រូស​របស់​អ្នក​រាល់គ្នា​ បាន​ជា​លោក​ម៉ូសេ​អនុញ្ញាត​ឲ្យ​អ្នក​រាល់គ្នា​លែង​ប្រពន្ធ​ ទោះ​ជា​ពី​ដើម​ដំបូង​មិន​មាន​ដូច្នេះ​ក្ដី​

9. ហើយ​ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ថា​ អ្នកណា​លែង​ប្រពន្ធ​ដែល​ពុំ​បាន​ផិតក្បត់​ រួច​រៀបការ​មួយ​ទៀត​ នោះ​គឺ​ផិតក្បត់​ហើយ»។​

10. ពួក​សិស្ស​របស់​ព្រះអង្គ​ទូល​ថា៖​ «បើ​រវាង​ប្ដី​ប្រពន្ធ​ក្នុង​ករណី​បែប​នេះ​ នោះ​មិន​រៀបការ​ប្រសើរ​ជាង»​

11. ប៉ុន្ដែ​ព្រះអង្គ​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «មិន​មែន​មនុស្ស​គ្រប់​រូប​អាច​ទទួល​យក​ពាក្យ​នេះ​បាន​ទេ​ លើកលែង​តែ​អ្នក​ដែល​ព្រះជាម្ចាស់​ប្រទាន​ឲ្យ​ប៉ុណ្ណោះ​

12. ដ្បិត​មនុស្ស​ខ្លះ​ជា​មនុស្ស​កម្រៀវ​តាំង​ពី​កំណើត​មក​ និង​អ្នក​ផ្សេង​ទៀត​ ជា​មនុស្ស​កម្រៀវ​ដោយសារ​គេ​ក្រៀវ​ ហើយ​ក៏​មាន​មនុស្ស​កម្រៀវ​ដែល​ក្រៀវ​ខ្លួន​ឯង​ដោយ​ព្រោះ​តែ​នគរ​ស្ថានសួគ៌។​ ដូច្នេះ​ អ្នក​ដែល​អាច​ទទួល​យក​បាន​ ចូរ​ទទួល​យក​ចុះ‍»។​

13. បន្ទាប់​មក​ គេ​នាំ​ក្មេងៗ​មក‍​ឯ​ព្រះអង្គ​ ដើម្បី​ឲ្យ​ព្រះអង្គ​ដាក់​ព្រះហស្ដ​លើ​ពួកវា​ និង​អធិស្ឋាន​ឲ្យ​ ប៉ុន្ដែ​ពួក​សិស្ស​បាន​ស្ដី​បន្ទោស​ពួកគេ។​

14. ព្រះយេស៊ូ​មាន​បន្ទូល​ថា៖​ «កុំ​ឃាត់​ពួកគេ​អី​ ចូរ​ឲ្យ​ក្មេងៗ​ទាំង​នេះ​មក​ឯ​ខ្ញុំ​ចុះ​ ដ្បិត​នគរ​ស្ថានសួគ៌​ជា​របស់​មនុស្ស​ដូច​ក្មេងៗ​ទាំង​នេះ​ឯង‍»​

15. កាល​ព្រះអង្គ​ដាក់​ព្រះហស្ដ​លើ​ក្មេងៗ​រួច​ហើយ​ ក៏​យាង​ចេញ​ពី​ទីនោះ​ទៅ។​

16. មើល៍​ មាន​បុរស​ម្នាក់​ចូល​មក​ជិត​ព្រះអង្គ​ទូល​ថា៖​ «លោកគ្រូ​ តើ​ខ្ញុំ​ត្រូវ​ប្រព្រឹត្ដ​អំពើ​ល្អ​អ្វី​ខ្លះ​ ដើម្បី​ឲ្យ​ខ្ញុំ​មាន​ជិវិត​អស់កល្ប​ជានិច្ច?»​

17. ព្រះអង្គ​មាន​បន្ទូល​ទៅ​គាត់​ថា៖​ «ហេតុអ្វី​បាន​ជា​អ្នក​សួរ​ខ្ញុំ​អំពី​អំពើ​ល្អ​ គឺ​មាន​តែ​ព្រះ​មួយ​អង្គ​ប៉ុណ្ណោះ​ដែល​ល្អ​ តែ​បើ​អ្នក​ចង់​ចូល​ទៅ​ក្នុង​ជីវិត​អស់កល្ប​នោះ​ ចូរ​ធ្វើ​តាម​បញ្ញត្ដិ​ចុះ»​

18. គាត់​ទូល​សួរ​ព្រះអង្គ​ថា៖​ «តើ​បញ្ញត្ដិ​មួយ​ណា?»​ ព្រះយេស៊ូ​មាន​បន្ទូល​ថា៖​ «កុំ​សម្លាប់​មនុស្ស​ កុំ​ផិតក្បត់​ កុំ​លួច​ កុំ​ធ្វើ​បន្ទាល់​ក្លែងក្លាយ​

19. ចូរ​គោរព​ឪពុក​ម្ដាយ​របស់​អ្នក​ ហើយ​ចូរ​ស្រឡាញ់​អ្នក​ជិត​ខាង​របស់​អ្នក​ឲ្យ​ដូច​ខ្លួន​ឯង»​

សូមអានជំពូកពេញលេញ ម៉ាថាយ 19