គម្ពីរសញ្ញាថ្មី

ម៉ាថាយ 18:8-23 Khmer Christian Bible (KCB)

8. ប្រសិន​បើ​ដៃ​ ឬ​ជើង​របស់​អ្នក​បណ្ដាល​ឲ្យ​អ្នក​ជំពប់​ដួល​ ចូរ​កាត់​វា​ចេញ​ ហើយ​បោះ​ចោល​ទៅ​ ដ្បិត​បើ​អ្នក​ចូលទៅ​ក្នុង​ជីវិត​អស់កល្ប​ដោយ​កំបុត​ដៃ​ម្ខាង​ ឬ​កំបុត​ជើង​ម្ខាង​ នោះ​ប្រសើរ​ជាង​មាន​ដៃ​ពីរ​ ឬ​ជើង​ពីរ​ ប៉ុន្ដែ​ត្រូវ​បោះ​ទៅ​ក្នុង​ភ្លើង​ដែល​ឆេះ​អស់កល្ប​ជានិច្ច​

9. ប្រសិន​បើ​ភ្នែក​របស់​អ្នក​បណ្ដាល​ឲ្យ​អ្នក​ជំពប់​ដួល​ ចូរ​ខ្វេះ​វា​ចេញ​ពី​អ្នក​ ហើយ​បោះ​ចោល​ទៅ​ ដ្បិត​បើ​អ្នក​ចូល​ក្នុង​ជីវិត​អស់កល្ប​ដោយ​មាន​តែ​ភ្នែក​ម្ខាង​ នោះ​ប្រសើរ​ជាង​មាន​ភ្នែក​ទាំង​សង​ខាង​ ប៉ុន្ដែ​ត្រូវ​បោះ​ទៅ​ក្នុង​ភ្លើង​នរក។​

10. ចូរ​ប្រយ័ត្ន​ កុំ​មើល​ងាយ​អ្នកណា​ម្នាក់​ក្នុង​ចំណោម​អ្នក​តូច​តាច​ទាំង​នេះ​ឲ្យ​សោះ​ ដ្បិត​ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ថា​ នៅ​ឯ​ស្ថានសួគ៌​ទេវតា​របស់​ពួកគេ​តែងតែ​ឃើញ​ព្រះភក្ដ្រ​ព្រះវរបិតា​របស់​ខ្ញុំ​ដែល​គង់​នៅ​ស្ថានសួគ៌​ជានិច្ច‍។​

11. ដ្បិត​កូន​មនុស្ស​បាន​មក​ ដើម្បី​សង្គ្រោះ​អ្នក​ដែល​វង្វេង​

12. តើ​អ្នក​រាល់គ្នា​គិត​យ៉ាង​ដូច​ម្ដេច?​ បើ​បុរស​ម្នាក់​មាន​ចៀម​មួយ​រយ​ ហើយ​ចៀម​មួយ​វង្វេង​ចេញ​ពី​ហ្វូង​ តើ​គាត់​មិន​ទុក​ចៀម​កៅសិប​ប្រាំ​បួន​នៅ​លើ​ភ្នំ​ រួច​ទៅ​តាម​រក​ចៀម​មួយ​ដែល​វង្វេង​នោះ​ទេ​ឬ?​

13. ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ជា​ប្រាកដ​ថា​ បើ​គាត់​រក​ចៀម​នោះ​ឃើញ​វិញ​ គាត់​ត្រេកអរ​ចំពោះ​ចៀម​នោះ​ជាង​ចៀម​កៅសិប​ប្រាំ​បួន​ដែល​មិន​វង្វេង​នោះ​ទៅ​ទៀត‍។​

14. ព្រះវរបិតា​របស់​អ្នក​រាល់គ្នា​ដែល​គង់​នៅ​ស្ថានសួគ៌​ ក៏​ដូច្នោះ​ដែរ​ ព្រះអង្គ​មិន​ចង់​ឲ្យ​អ្នកណា​ម្នាក់​ក្នុង​ចំណោម​អ្នក​តូចតាច​ទាំង​នេះ​ត្រូវ​វិនាស​ឡើយ។​

15. បើ​បងប្អូន​របស់​អ្នក​ប្រព្រឹត្ត​បាប​ចំពោះ​អ្នក​ ចូរ​ទៅ​ប្រាប់​គាត់​អំពី​កំហុស​នោះ​ក្នុង​ពេល​ដែល​មាន​តែ​អ្នក​ និង​គាត់​ប៉ុណ្ណោះ។​ បើ​គាត់​ស្ដាប់​អ្នក​ អ្នក​នឹង​ចំណេញ​បាន​បងប្អូន​របស់​អ្នក​មក​វិញ​

16. ប៉ុន្ដែ​បើ​គាត់​មិន​ព្រម​ស្ដាប់​ ចូរ​អ្នក​នាំ​ម្នាក់​ ឬ​ពីរ​នាក់​ទៀត​ទៅ​ជាមួយ​ ដើម្បី​ឲ្យ​មាន​សាក្សី​ពីរ​ បី​នាក់​បញ្ជាក់​ផ្ទាល់​មាត់​ពី​ពាក្យ​សំដី​ទាំងឡាយ​នោះ។​

17. បើ​គាត់​មិន​ព្រម​ស្ដាប់​អ្នក​ទាំង​នោះ​ទៀត​ ចូរ​ប្រាប់​ដល់​ក្រុមជំនុំ​ ហើយ​បើ​គាត់​នៅតែ​មិន​ព្រម​ស្ដាប់​ក្រុមជំនុំ​ទៀត​ ចូរ​ចាត់​ទុក​គាត់​ដូច​ជា​សាសន៍​ដទៃ​ ឬ​អ្នក​ទារ​ពន្ធដារ​ចុះ។​

18. ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ជា​ប្រាកដ​ថា​ អ្វី​ក៏​ដោយ​ដែល​អ្នក​រាល់គ្នា​ចង​នៅ​លើ​ផែនដី​ នោះ​នឹង​ត្រូវ​ចង​នៅ​ស្ថានសួគ៌​ដែរ​ ហើយ​អ្វី​ក៏​ដោយ​ដែល​អ្នក​រាល់គ្នា​ស្រាយ​នៅ​លើ​ផែនដី​ នោះ​នឹង​ត្រូវ​ស្រាយ​នៅ​ស្ថានសួគ៌​ដែរ​

19. ម្យ៉ាង​ទៀត​ ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ជាប្រាកដ​ថា​ បើ​ពីរ​នាក់​ក្នុង​ចំណោម​អ្នក​រាល់គ្នា​ព្រម​ព្រៀង​គ្នា​អំពី​អ្វី​ក៏​ដោយ​ ដែល​ពួកគេ​នឹង​ទូល​សុំ​នៅ​លើ​ផែនដី​នេះ​ នោះ​ព្រះវរបិតា​របស់​ខ្ញុំ​ដែល​គង់​នៅ​ស្ថានសួគ៌​នឹង​ឲ្យ​ពួកគេ​បាន​សម្រេច​ជា​មិន​ខាន​

20. ដ្បិត​ទី​ណា​មាន​ពីរ​ ឬ​បី​នាក់​ជួបជុំ​គ្នា​នៅ​ក្នុង​ឈ្មោះ​ខ្ញុំ នោះ​ខ្ញុំ​ក៏​នៅ​ទី​នោះ​ក្នុង​ចំណោម​ពួកគេ​ដែរ»។​

21. បន្ទាប់​មក​ លោក​ពេត្រុស​បាន​ចូល​មក​ជិត​ព្រះអង្គ​ទូល​ថា៖​ «ព្រះអម្ចាស់​អើយ!​ បើ​បងប្អូន​របស់​ខ្ញុំ​ប្រព្រឹត្ត​បាប​ចំពោះ​ខ្ញុំ​ តើ​ឲ្យ​ខ្ញុំ​លើកលែង​ទោស​ឲ្យ​គាត់​ប៉ុន្មាន​ដង?​ រហូត​ដល់​ប្រាំ​ពីរ​ដង​ឬ?»​

22. ព្រះយេស៊ូ​មាន​បន្ទូល​ទៅ​គាត់​ថា៖​ «ខ្ញុំ​មិន​ប្រាប់​អ្នក​ថា​ ត្រឹម​តែ​ប្រាំ​ពីរដង​ទេ​ ប៉ុន្ដែ​គឺ​រហូត​ដល់​ប្រាំ​ពីរ​ចិតសិប​ដង​វិញ។​

23. ហេតុនេះ​ នគរ​ស្ថានសួគ៌​ប្រៀប​ដូច​ជា​ស្ដេច​មួយ​អង្គ​ ដែល​ចង់​ទូទាត់​បញ្ជី​ជាមួយ​ពួក​បាវបម្រើ​

សូមអានជំពូកពេញលេញ ម៉ាថាយ 18