4. ដូច្នេះឋ អ្នកណាបន្ទាបខ្លួនដូចក្មេងនេះឋ អ្នកនោះជាអ្នកធំជាងគេនៅក្នុងនគរស្ថានសួគ៌
5. ហើយបើអ្នកណាទទួលក្មេងម្នាក់ដូចក្មេងនេះក្នុងឈ្មោះខ្ញុំ នោះគឺទទួលខ្ញុំហើយ
6. ប៉ុន្ដែបើអ្នកណាបណ្ដាលឲ្យអ្នកតូចតាចម្នាក់ក្នុងចំណោមអ្នកដែលជឿខ្ញុំទាំងនេះជំពប់ដួល នោះស៊ូឲ្យគេយកថ្មត្បាល់កិនដោយសត្វលា មកចងនឹងករបស់អ្នកនោះ ហើយពន្លិចទៅក្នុងបាតសមុទ្រ នោះប្រសើរជាង
7. វេទនាដល់មនុស្សលោក ដោយព្រោះតែសេចក្ដីដែលបណ្ដាលឲ្យជំពប់ដួល ដ្បិតសេចក្ដីនោះត្រូវតែកើតមាន ប៉ុន្ដែវេទនាដល់មនុស្សណាដែលនាំឲ្យកើតមានសេចក្ដីនោះ
8. ប្រសិនបើដៃ ឬជើងរបស់អ្នកបណ្ដាលឲ្យអ្នកជំពប់ដួល ចូរកាត់វាចេញ ហើយបោះចោលទៅ ដ្បិតបើអ្នកចូលទៅក្នុងជីវិតអស់កល្បដោយកំបុតដៃម្ខាង ឬកំបុតជើងម្ខាង នោះប្រសើរជាងមានដៃពីរ ឬជើងពីរ ប៉ុន្ដែត្រូវបោះទៅក្នុងភ្លើងដែលឆេះអស់កល្បជានិច្ច
9. ប្រសិនបើភ្នែករបស់អ្នកបណ្ដាលឲ្យអ្នកជំពប់ដួល ចូរខ្វេះវាចេញពីអ្នក ហើយបោះចោលទៅ ដ្បិតបើអ្នកចូលក្នុងជីវិតអស់កល្បដោយមានតែភ្នែកម្ខាង នោះប្រសើរជាងមានភ្នែកទាំងសងខាង ប៉ុន្ដែត្រូវបោះទៅក្នុងភ្លើងនរក។
10. ចូរប្រយ័ត្ន កុំមើលងាយអ្នកណាម្នាក់ក្នុងចំណោមអ្នកតូចតាចទាំងនេះឲ្យសោះ ដ្បិតខ្ញុំប្រាប់អ្នករាល់គ្នាថា នៅឯស្ថានសួគ៌ទេវតារបស់ពួកគេតែងតែឃើញព្រះភក្ដ្រព្រះវរបិតារបស់ខ្ញុំដែលគង់នៅស្ថានសួគ៌ជានិច្ច។
11. ដ្បិតកូនមនុស្សបានមក ដើម្បីសង្គ្រោះអ្នកដែលវង្វេង
12. តើអ្នករាល់គ្នាគិតយ៉ាងដូចម្ដេច? បើបុរសម្នាក់មានចៀមមួយរយ ហើយចៀមមួយវង្វេងចេញពីហ្វូង តើគាត់មិនទុកចៀមកៅសិបប្រាំបួននៅលើភ្នំ រួចទៅតាមរកចៀមមួយដែលវង្វេងនោះទេឬ?
13. ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា បើគាត់រកចៀមនោះឃើញវិញ គាត់ត្រេកអរចំពោះចៀមនោះជាងចៀមកៅសិបប្រាំបួនដែលមិនវង្វេងនោះទៅទៀត។
14. ព្រះវរបិតារបស់អ្នករាល់គ្នាដែលគង់នៅស្ថានសួគ៌ ក៏ដូច្នោះដែរ ព្រះអង្គមិនចង់ឲ្យអ្នកណាម្នាក់ក្នុងចំណោមអ្នកតូចតាចទាំងនេះត្រូវវិនាសឡើយ។
15. បើបងប្អូនរបស់អ្នកប្រព្រឹត្តបាបចំពោះអ្នក ចូរទៅប្រាប់គាត់អំពីកំហុសនោះក្នុងពេលដែលមានតែអ្នក និងគាត់ប៉ុណ្ណោះ។ បើគាត់ស្ដាប់អ្នក អ្នកនឹងចំណេញបានបងប្អូនរបស់អ្នកមកវិញ
16. ប៉ុន្ដែបើគាត់មិនព្រមស្ដាប់ ចូរអ្នកនាំម្នាក់ ឬពីរនាក់ទៀតទៅជាមួយ ដើម្បីឲ្យមានសាក្សីពីរ បីនាក់បញ្ជាក់ផ្ទាល់មាត់ពីពាក្យសំដីទាំងឡាយនោះ។