17. បើគាត់មិនព្រមស្ដាប់អ្នកទាំងនោះទៀត ចូរប្រាប់ដល់ក្រុមជំនុំ ហើយបើគាត់នៅតែមិនព្រមស្ដាប់ក្រុមជំនុំទៀត ចូរចាត់ទុកគាត់ដូចជាសាសន៍ដទៃ ឬអ្នកទារពន្ធដារចុះ។
18. ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា អ្វីក៏ដោយដែលអ្នករាល់គ្នាចងនៅលើផែនដី នោះនឹងត្រូវចងនៅស្ថានសួគ៌ដែរ ហើយអ្វីក៏ដោយដែលអ្នករាល់គ្នាស្រាយនៅលើផែនដី នោះនឹងត្រូវស្រាយនៅស្ថានសួគ៌ដែរ
19. ម្យ៉ាងទៀត ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា បើពីរនាក់ក្នុងចំណោមអ្នករាល់គ្នាព្រមព្រៀងគ្នាអំពីអ្វីក៏ដោយ ដែលពួកគេនឹងទូលសុំនៅលើផែនដីនេះ នោះព្រះវរបិតារបស់ខ្ញុំដែលគង់នៅស្ថានសួគ៌នឹងឲ្យពួកគេបានសម្រេចជាមិនខាន
20. ដ្បិតទីណាមានពីរ ឬបីនាក់ជួបជុំគ្នានៅក្នុងឈ្មោះខ្ញុំ នោះខ្ញុំក៏នៅទីនោះក្នុងចំណោមពួកគេដែរ»។
21. បន្ទាប់មក លោកពេត្រុសបានចូលមកជិតព្រះអង្គទូលថា៖ «ព្រះអម្ចាស់អើយ! បើបងប្អូនរបស់ខ្ញុំប្រព្រឹត្តបាបចំពោះខ្ញុំ តើឲ្យខ្ញុំលើកលែងទោសឲ្យគាត់ប៉ុន្មានដង? រហូតដល់ប្រាំពីរដងឬ?»
22. ព្រះយេស៊ូមានបន្ទូលទៅគាត់ថា៖ «ខ្ញុំមិនប្រាប់អ្នកថា ត្រឹមតែប្រាំពីរដងទេ ប៉ុន្ដែគឺរហូតដល់ប្រាំពីរចិតសិបដងវិញ។
23. ហេតុនេះ នគរស្ថានសួគ៌ប្រៀបដូចជាស្ដេចមួយអង្គ ដែលចង់ទូទាត់បញ្ជីជាមួយពួកបាវបម្រើ
24. កាលស្ដេចចាប់ផ្ដើមទូទាត់ នោះគេនាំកូនបំណុលម្នាក់ដែលជំពាក់មួយម៉ឺនឋាឡាន់មក
25. ប៉ុន្ដែដោយព្រោះអ្នកនោះគ្មានអ្វីសង ស្ដេចក៏បញ្ជាឲ្យលក់គាត់ និងប្រពន្ធកូនរបស់គាត់ ព្រមទាំងអ្វីៗដែលគាត់មាន ដើម្បីសងបំណុល
26. បាវបម្រើនោះក៏ក្រាបថ្វាយបង្គំស្ដេច ទូលថា សូមមេត្ដាអត់ឱនឲ្យខ្ញុំផង ខ្ញុំនឹងសងអ្វីៗទាំងអស់ដល់ព្រះអង្គវិញ។
27. ដោយមានសេចក្ដីអាណិតអាសូរដល់បាវបម្រើនោះ ស្ដេចក៏លែងគាត់ ព្រមទាំងលុបបំណុលទាំងឡាយចោលទាំងអស់។
28. ពេលបាវបម្រើនោះចេញទៅ ក៏ជួបនឹងបាវបម្រើម្នាក់ជាគូកន ដែលបានជំពាក់គាត់មួយរយឌេណារី គាត់បានចាប់ច្របាច់កអ្នកនោះ ទាំងនិយាយថា សងអ្វីដែលឯងជំពាក់អញមក!
29. បាវបម្រើជាគូកននោះបានក្រាបចុះ អង្វរគាត់ថា សូមមេត្ដាអត់ឱនឲ្យខ្ញុំផង ខ្ញុំនឹងសងអ្នកវិញ
30. ប៉ុន្ដែគាត់មិនព្រមទេ បែរជាយកអ្នកនោះទៅដាក់គុក រហូតដល់សងអ្វីៗដែលជំពាក់នោះអស់។
31. នៅពេលបាវបម្រើជាគូកនផ្សេងទៀត បានឃើញហេតុការណ៍ដែលកើតឡើង ក៏មិនសប្បាយចិត្ដជាខ្លាំង ហើយមករៀបរាប់ប្រាប់ស្ដេចអំពីហេតុការណ៍ទាំងអស់ដែលបានកើតឡើង។
32. ស្ដេចក៏ហៅអ្នកនោះមក រួចមានបន្ទូលទៅគាត់ថា នែ៎ បាវបម្រើអាក្រក់អើយ! ខ្ញុំបានលុបបំណុលទាំងឡាយរបស់អ្នកចោលទាំងអស់ ដោយព្រោះអ្នកបានអង្វរខ្ញុំ។