គម្ពីរសញ្ញាថ្មី

ម៉ាថាយ 17:4-17 Khmer Christian Bible (KCB)

4. លោក​ពេត្រុស​ទូល​ព្រះយេស៊ូ​ថា៖​ «ព្រះអម្ចាស់​អើយ!​ ជា​ការ​ល្អ​ណាស់​ដែល​យើង​បាន​នៅ​ទី​នេះ​ ប្រសិន​បើ​ព្រះអង្គ​ព្រម​ ខ្ញុំ​នឹង​ធ្វើ​រោង​បី​នៅ​ទី​នេះ​ មួយ​សម្រាប់​ព្រះអង្គ​ មួយ​សម្រាប់​លោក​ម៉ូសេ​ និង​មួយ​ទៀត​សម្រាប់​លោក​អេលីយ៉ា»​

5. កាល​លោក​ពេត្រុស​កំពុង​និយាយ​នៅ​ឡើយ​ នោះ​ក៏​មាន​ពពក​ដ៏​ភ្លឺ​ចិញ្ចាច​គ្រប​បាំង​ពួកគេ​ ហើយ​មាន​សំឡេង​និយាយ​ចេញ​ពី​ពពក​មក​ថា៖​ «នេះ​ជា​បុត្រ​ជា​ទី​ស្រឡាញ់​របស់​យើង​ យើង​ពេញចិត្ត​នឹង​ព្រះអង្គ​ណាស់​ ចូរ​ស្ដាប់​ព្រះអង្គ​ចុះ»​

6. ពេល​ពួក​សិស្ស​ស្ដាប់​ឮ​ គេ​ក៏​ក្រាប​ផ្កាប់​មុខ​ទាំង​ភ័យ​ខ្លាច​ជា​ខ្លាំង​

7. ព្រះយេស៊ូ​ក៏​ចូល​ទៅ​ជិត​ និង​បាន​ពាល់​គេ​ដោយ​មាន​បន្ទូល​ថា៖​ «ចូរ​ក្រោក​ឡើង​កុំ​ខ្លាច​អី»​

8. កាល​ពួកគេ​ងើយ​ភ្នែក​ឡើង​ នោះ​មិន​ឃើញ​អ្នកណា​សោះ​ ក្រៅ​ពី​ព្រះយេស៊ូ​ប៉ុណ្ណោះ។​

9. ពេល​ពួកគេ​កំពុង​ចុះ​ពី​ភ្នំ​មក​វិញ​ ព្រះយេស៊ូ​មាន​បន្ទូល​បង្គាប់​ពួកគេ​ថា៖​ «កុំ​ប្រាប់​អ្នកណា​អំពី​ហេតុ​ការណ៍​ ដែល​អ្នក​រាល់គ្នា​បាន​ឃើញ​នេះ​ឲ្យ​សោះ​ រហូត​ដល់​កូន​មនុស្ស​រស់​ពី​ស្លាប់​ឡើង​វិញ»។​

10. ពួក​សិស្ស​ទូល​សួរ​ព្រះអង្គ​ថា៖​ «ចុះ​ហេតុអ្វី​បាន​ជា​ពួក​គ្រូវិន័យ​និយាយ​ថា​ លោក​អេលីយ៉ា​ចាំបាច់​ត្រូវ​មក​មុន​ដូច្នេះ?»​

11. ព្រះអង្គ​មាន​បន្ទូល​ឆ្លើយ​ថា៖​ «លោក​អេលីយ៉ា​មក​មែន​ ដើម្បី​ស្ដារ​អ្វីៗ​ទាំង​អស់​ឡើង​វិញ​

12. តែ​ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ថា​ លោក​អេលីយ៉ា​បាន​មក​រួច​ហើយ​ ប៉ុន្ដែ​ពួកគេ​មិន​បាន​ទទួល​ស្គាល់​លោក​ទេ​ បែរ​ជា​ប្រព្រឹត្ត​ចំពោះ​លោក​តាម​អំពើ​ចិត្ត​គ្រប់​បែប​យ៉ាង​ ហើយ​កូនមនុស្ស​នឹង​ត្រូវ​ពួកគេ​ធ្វើ​ទុក្ខ​យ៉ាង​ដូច្នោះ​ដែរ»។​

13. ពួក​សិស្ស​យល់​ថា​ ព្រះអង្គ​កំពុង​មាន​បន្ទូល​ប្រាប់​ពួកគេ​អំពី​លោក​យ៉ូហាន​ អ្នក​ធ្វើ​ពិធី​ជ្រមុជ​ទឹក។​

14. កាល​បាន​មក​ដល់​បណ្ដាជន​ហើយ​ នោះ​បុរស​ម្នាក់​បាន​មក​លុត​ជង្គង់​នៅ​ពី​មុខ​ព្រះអង្គ​

15. ទូល​ថា៖​ «លោកម្ចាស់​អើយ!​ សូម​មេត្ដា​ដល់​កូន​ប្រុស​ខ្ញុំ​ផង​ ព្រោះ​វា​ឆ្កួត​ជ្រូក​រង​ទុក្ខ​ខ្លាំង​ណាស់​ ហើយ​វា​ចេះ​តែ​ដួល​ទៅ​ក្នុង​ភ្លើង​ និង​ក្នុង​ទឹក​ជា​ញឹក​ញាប់​

16. ខ្ញុំ​បាន​នាំ​វា​មក​រក​ពួក​សិស្ស​របស់​លោក​ដែរ​ តែ​ពួកគេ​មិន​អាច​ប្រោស​វា​ឲ្យ​ជា​បាន​ទេ»។​

17. ព្រះយេស៊ូ​មាន​បន្ទូល​ឆ្លើយ​ថា៖​ «ឱ​ជំនាន់​មនុស្ស​គ្មាន​ជំនឿ​ និង​មាន​ចិត្ដ​វៀច​អើយ!​ តើ​ឲ្យ​ខ្ញុំ​នៅ​ជាមួយ​អ្នក​រាល់គ្នា​ដល់​ពេល​ណា?​ តើ​ឲ្យ​ខ្ញុំ​ទ្រាំ​នឹង​អ្នក​រាល់គ្នា​ដល់​ពេល​ណា?​ ចូរ​នាំ​ក្មេង​នោះ​មក​ឯ​ខ្ញុំ​នៅ​ទី​នេះ‍»‍។​

សូមអានជំពូកពេញលេញ ម៉ាថាយ 17