គម្ពីរសញ្ញាថ្មី

ម៉ាថាយ 17:16-27 Khmer Christian Bible (KCB)

16. ខ្ញុំ​បាន​នាំ​វា​មក​រក​ពួក​សិស្ស​របស់​លោក​ដែរ​ តែ​ពួកគេ​មិន​អាច​ប្រោស​វា​ឲ្យ​ជា​បាន​ទេ»។​

17. ព្រះយេស៊ូ​មាន​បន្ទូល​ឆ្លើយ​ថា៖​ «ឱ​ជំនាន់​មនុស្ស​គ្មាន​ជំនឿ​ និង​មាន​ចិត្ដ​វៀច​អើយ!​ តើ​ឲ្យ​ខ្ញុំ​នៅ​ជាមួយ​អ្នក​រាល់គ្នា​ដល់​ពេល​ណា?​ តើ​ឲ្យ​ខ្ញុំ​ទ្រាំ​នឹង​អ្នក​រាល់គ្នា​ដល់​ពេល​ណា?​ ចូរ​នាំ​ក្មេង​នោះ​មក​ឯ​ខ្ញុំ​នៅ​ទី​នេះ‍»‍។​

18. ព្រះយេស៊ូ​បាន​បន្ទោស​អារក្ស​ ហើយ​វា​ក៏​ចេញ​ពី​ក្មេង​នោះ​ ក្មេង​នោះ​ក៏​បាន​ជាសះស្បើយ​ចាប់​តាំង​ពី​ពេល​នោះ​មក‍។​

19. បន្ទាប់​មក​ ពួក​សិស្ស​បាន​ចូល​មក​ជិត​ព្រះយេស៊ូ​ដោយ​ឡែក​ទូល​សួរ​ថា៖​ «ហេតុអ្វី​បាន​ជា​យើង​មិន​អាច​បណ្ដេញ​អារក្ស​នោះ​បាន​ដូច្នេះ?»​

20. ព្រះអង្គ​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «មក​ពី​អ្នក​រាល់គ្នា​មាន​ជំនឿ​តិច​ ដ្បិត​ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ជា​ប្រាកដ​ថា​ បើ​អ្នក​រាល់គ្នា​មាន​ជំនឿ​ប៉ុន​គ្រាប់​មូតា​មួយ​គ្រាប់​ ហើយ​និយាយ​ទៅ​កាន់​ភ្នំ​នេះ​ថា​ ចូរ​រើ​ចេញ​ពី​ទី​នោះ​ វា​នឹង​ត្រូវ​រើ​ចេញ​ ហើយ​គ្មាន​អ្វី​ដែល​អ្នក​រាល់គ្នា​ធ្វើ​មិន​កើត​ឡើយ​

21. ប៉ុន្ដែ​អារក្ស​ប្រភេទ​នេះ​មិន​ងាយ​បណ្ដេញ​ចេញ​ទេ​ លើកលែង​តែ​អធិស្ឋាន​ និង​តម​អាហារ»។​

22. កាល​ពួកគេ​មក​ជុំ​គ្នា​នៅ​ស្រុក​កាលីឡេ​ ព្រះយេស៊ូ​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «កូន​មនុស្ស​នឹង​ត្រូវ​គេ​ប្រគល់​ទៅ​ក្នុង​ដៃ​របស់​មនុស្ស​

23. គេ​នឹង​សម្លាប់​លោក​ ប៉ុន្ដែ​លោក​នឹង​រស់​ឡើង​វិញ​នៅ​ថ្ងៃ​ទី​បី»​ ពេល​ពួកគេ​ឮ​ដូច្នេះ​ ក៏​ព្រួយ​ចិត្ដ​ជា​ខ្លាំង។​

24. កាល​ពួកគេ​មក​ដល់​ក្រុង​កាពើណិម​ នោះ​មាន​ម្នាក់​ជា​អ្នក​ទារ​ពន្ធ​ចំនួន​ពីរ​ដ្រាក់ម៉ា​សម្រាប់​ព្រះ​វិហារ​ បាន​ចូល​មក​ជិត​លោក​ពេត្រុស ​សួរ​ថា៖​ «តើ​គ្រូ​របស់​ពួក​អ្នក​មិន​បង់​ពន្ធ​ព្រះ​វិហារ​ទេ​ឬ?»​

25. លោក​ពេត្រុស​ក៏​តប​ថា៖​ «បាទ»​ ហើយ​កាល​មក​ដល់​ក្នុង​ផ្ទះ​វិញ​ ព្រះយេស៊ូ​មាន​បន្ទូល​ជា​មុន​ទៅ​គាត់​ថា៖​ «ស៊ីម៉ូន​អើយ‍!​ អ្នក​យល់​យ៉ាង​ដូច​ម្ដេច​ តើ​ស្ដេច​នៅ​ផែនដី​នេះ​ទារ​ពន្ធដារ​ ឬ​សួយអាករ​ពី​នរណា‍?​ ពី​កូន​របស់​ខ្លួន​ ឬ​ពី​អ្នក​ដទៃ?»​

26. គាត់​ទូល​តប​វិញ​ថា៖​ «ពី​អ្នក​ដទៃ»​ ព្រះយេស៊ូ​ក៏​មាន​បន្ទូល​ទៅ​គាត់​ថា៖​ «ដូច្នេះ​កូន​ស្ដេច​មិន​បាច់​បង់​ពន្ធ​ទេ​

27. ប៉ុន្ដែ​ដើម្បី​កុំ​ឲ្យ​គេ​ទាស់ចិត្ដ​ ចូរ​ទៅ​បឹង​ ហើយ​បោះ​សន្ទូច​ចុះ​ រួច​យក​ត្រី​ដែល​ជាប់​សន្ទូច​មុន​គេ​ បើក​មាត់​វា​ នោះ​អ្នក​នឹង​ឃើញ​កាក់​មួយ​ ចូរ​យក​កាក់​នោះ​បង់​ពន្ធ​ឲ្យ​គេ​សម្រាប់​ខ្ញុំ​ និង​អ្នក​ចុះ‍»។​

សូមអានជំពូកពេញលេញ ម៉ាថាយ 17