គម្ពីរសញ្ញាថ្មី

ម៉ាថាយ 16:6-14 Khmer Christian Bible (KCB)

6. ព្រះយេស៊ូ​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «ចូរ​ប្រុង​ប្រយ័ត្ន​នឹង​មេនំប៉័ង​របស់​ពួក​អ្នក​ខាង​គណៈ​ផារិស៊ី​ និង​ពួក​អ្នក​ខាង​គណៈ​សាឌូស៊ី»​

7. នោះ​ពួក​សិស្ស​ក៏​សួរ​ដេញ​ដោល​គ្នា​ថា៖​ «ព្រោះ​តែ​យើង​មិន​បាន​យក​នំប៉័ង​មក​ទេ​ដឹង»។​

8. កាល​ព្រះយេស៊ូ​ជ្រាប​ហើយ​ក៏​មាន​បន្ទូល​ថា៖​ «ឱ​អ្នក​មាន​ជំនឿ​តិច​អើយ!​ ហេតុអ្វី​បាន​ជា​អ្នក​រាល់គ្នា​សួរ​ដេញ​ដោល​គ្នា​អំពី​ការ​ដែល​អ្នក​រាល់គ្នា​គ្មាន​នំប៉័ង​ដូច្នេះ?​

9. តើ​អ្នក​រាល់គ្នា​នៅ​តែ​មិន​ទាន់​យល់​ ឬ​ក៏​មិន​ចាំ​ពី​នំប៉័ង​ប្រាំ​ដុំ​សម្រាប់​មនុស្ស​ប្រាំ​ពាន់​នាក់​ទេ​ឬ?​ តើ​អ្នក​រាល់គ្នា​ប្រមូល​បាន​ប៉ុន្មាន​កន្ត្រក?​

10. ចុះ​នំប៉័ង​ប្រាំ​ពីរ​ដុំ​សម្រាប់​មនុស្ស​បួនពាន់​នាក់​ តើ​អ្នក​រាល់គ្នា​ប្រមូល​បាន​ប៉ុន្មាន​កន្ដ្រក?​

11. តើ​ដូច​ម្ដេច​បាន​ជា​អ្នក​រាល់គ្នា​មិន​យល់​ដូច្នេះ​ ខ្ញុំ​មិន​បាន​និយាយ​នឹង​អ្នក​រាល់គ្នា​អំពី​នំប៉័ង​ទេ​ គឺ​ឲ្យ​ប្រយ័ត្ន​នឹង​មេនំប៉័ង​របស់​ពួក​អ្នក​ខាង​គណៈ​ផារិស៊ី​ និង​ពួក​អ្នក​ខាង​គណៈ​សាឌូស៊ី​ទេតើ»។​

12. បន្ទាប់​មក​ ទើប​ពួកគេ​យល់​ថា​ ព្រះអង្គ​មិន​បាន​មាន​បន្ទូល​ឲ្យ​ប្រយ័ត្ន​នឹង​មេនំប៉័ង​ទេ​ ប៉ុន្ដែ​គឺ​ឲ្យ​ប្រយ័ត្ន​នឹង​សេចក្ដី​បង្រៀន​របស់​ពួក​អ្នក​ខាង​គណៈ​ផារិស៊ី​ និង​ពួក​អ្នក​ខាង​គណៈ​សាឌូស៊ី​វិញ។​

13. កាល​ព្រះយេស៊ូ​យាង​មក​ដល់​តំបន់​ក្រុង​សេសារា​ភីលីព​ ព្រះអង្គ​សួរ​ពួក​សិស្ស​របស់​ព្រះអង្គ​ថា៖​ «តើ​មនុស្ស​ទាំងឡាយ​និយាយ​ថា​ កូនមនុស្ស​ជា​អ្នកណា?»​

14. ពួកគេ​ទូល​ថា៖​ «អ្នក​ខ្លះ​ថា​ លោក​យ៉ូហាន​អ្នក​ធ្វើ​ពិធី​ជ្រមុជ​ទឹក​ អ្នក​ខ្លះ​ទៀត​ថា​ លោក​អេលីយ៉ា​ ហើយ​អ្នក​ខ្លះ​ទៀត​ថា​ លោក​យេរេមា​ ឬ​អ្នក​នាំ​ព្រះបន្ទូល​ម្នាក់»​

សូមអានជំពូកពេញលេញ ម៉ាថាយ 16