គម្ពីរសញ្ញាថ្មី

ម៉ាថាយ 16:21-28 Khmer Christian Bible (KCB)

21. ចាប់​តាំង​ពី​ពេល​នោះ​មក​ ព្រះយេស៊ូ​ចាប់​ផ្ដើម​បង្ហាញ​ដល់​ពួក​សិស្ស​របស់​ព្រះអង្គ​ថា​ ព្រះអង្គ​ត្រូវ​តែ​ទៅ​ក្រុង​យេរូសាឡិម​ ហើយ​ទទួល​រង​ទុក្ខ​ជា​ច្រើន​ពី​ពួក​ចាស់ទុំ​ ពួក​សម្ដេច​សង្ឃ​ និង​ពួក​គ្រូវិន័យ​ រួច​ត្រូវ​គេ​សម្លាប់​ ហើយ​រស់​ឡើង​វិញ​នៅ​ថ្ងៃ​ទី​បី​

22. លោក​ពេត្រុស​នាំ​ព្រះអង្គ​ទៅ​ដាច់​ដោយ​ឡែក​ពី​គេ រួច​ក៏​ចាប់​ផ្ដើម​ទូល​ជំទាស់​ព្រះអង្គ​ថា៖​ «ព្រះអម្ចាស់​អើយ‍!​ សូម​មេត្ដា​អាណិត​ផង​ចុះ​ ការ​នេះ​នឹង​មិន​កើត​ឡើង​ចំពោះ​ព្រះអង្គ​ជា​ដាច់​ខាត»​

23. ប៉ុន្ដែ​ព្រះអង្គ​បាន​បែរ​មក​មាន​បន្ទូល​ទៅ​លោក​ពេត្រុស​ថា៖​ «អារក្ស​សាតាំង​ ចូរ​ថយ​ទៅ​ក្រោយ​យើង​ទៅ​ ឯង​ជា​សេចក្ដី​បង្អាក់​ដល់​យើង​ ដ្បិត​ឯង​មិន​គិត​តាម​គំនិត​របស់​ព្រះជាម្ចាស់​ទេ​ គឺ​គិត​តាម​គំនិត​របស់​មនុស្ស​វិញ»។​

24. បន្ទាប់​មក​ ព្រះយេស៊ូ​មាន​បន្ទូល​ទៅ​ពួក​សិស្ស​របស់​ព្រះអង្គ​ថា៖​ «បើ​អ្នកណា​ចង់​មក​តាម​ខ្ញុំ​ អ្នក​នោះ​ត្រូវ​លះបង​ខ្លួង​ឯង​ ហើយ​លី​ឈើ​ឆ្កាង​របស់​ខ្លួន​មក​តាម​ខ្ញុំ​ចុះ​

25. ដ្បិត​អ្នកណា​ដែល​ចង់​រក្សា​ជីវិត​របស់​ខ្លួន​ អ្នក​នោះ​នឹង​បាត់​ជីវិត​ទៅ​ ប៉ុន្ដែ​អ្នកណា​ដែល​បាត់​បង់​ជីវិត​ដោយ​ព្រោះ​ខ្ញុំ​ អ្នក​នោះ​នឹង​បាន​ជីវិត​វិញ​

26. បើ​មនុស្ស​ម្នាក់​ទទួល​បាន​ពិភពលោក​ទាំង​មូល​ ប៉ុន្ដែ​បាត់​បង់​ជីវិត​របស់​ខ្លួន​ តើ​មាន​ប្រយោជន៍​អ្វី?​ តើ​មនុស្ស​យក​អ្វី​មក​ប្ដូរ​នឹង​ជីវិត​របស់​ខ្លួន​បាន?​

27. ព្រោះ​កូនមនុស្ស​នឹង​មក​នៅ​ក្នុង​សិរី​រុងរឿង​នៃ​ព្រះវរបិតា​របស់​លោក​ជាមួយ​ពួក​ទេវតា​របស់​លោក​ រួច​ពេល​នោះ​លោក​នឹង​សង​ដល់​ម្នាក់ៗ​តាម​ការ​ប្រព្រឹត្ដិ​របស់​គេ​

28. ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ជា​ប្រាកដ​ថា​ អ្នក​ខ្លះ​ក្នុង​ចំណោម​ពួក​អ្នក​កំពុង​ឈរ​នៅ​ទី​នេះ​ នឹង​មិន​ស្គាល់​សេចក្ដី​ស្លាប់​ឡើយ​ លុះត្រា​តែ​ឃើញ​កូនមនុស្ស​មក​ជាមួយ​នគរ​របស់​លោក»។​

សូមអានជំពូកពេញលេញ ម៉ាថាយ 16