គម្ពីរសញ្ញាថ្មី

ម៉ាថាយ 16:1-11 Khmer Christian Bible (KCB)

1. ពួក​អ្នក​ខាង​គណៈ​ផារិស៊ី​ និង​ពួក​អ្នក​ខាង​គណៈ​សាឌូស៊ី​បាន​មក​ល្បងល​ព្រះអង្គ​ ពួកគេ​សុំ​ព្រះអង្គ​ឲ្យ​បង្ហាញ​ទីសំគាល់​មួយ​ពី​ស្ថានសួគ៌​ដល់​ពួកគេ​

2. ប៉ុន្ដែ​ព្រះអង្គ​មាន​បន្ទូល​ឆ្លើយ​ទៅ​ពួកគេ​ថា៖​ «ពេល​ល្ងាច​ អ្នក​រាល់គ្នា​និយាយ​ថា​ ធាតុ​អាកាស​ល្អ​ ព្រោះ​មេឃ​ពណ៌​ក្រហម‍។​

3. ដល់​ព្រឹក​ឡើង​ក៏​និយាយ​ថា​ ថ្ងៃ​នេះ​ធាតុ​អាកាស​មិន​ល្អ​ទេ​ ព្រោះ​មេឃ​ក្រហម​មាន​ពពក​ច្រើន‍។​ អ្នក​រាល់គ្នា​ចេះ​សំគាល់​សណ្ឋាន​របស់​មេឃ​ ប៉ុន្ដែ​អ្នក​រាល់គ្នា​មិន​អាច​ស្គាល់​ទីសំគាល់​នា​សម័យ​នេះ​បាន​ឡើយ‍។​

4. ជំនាន់​មនុស្ស​ដ៏​អាក្រក់​ និង​ផិតក្បត់​ស្វែង​រក​ទីសំគាល់​ ប៉ុន្ដែ​គ្មាន​ទីសំគាល់​ណា​ប្រទាន​ឲ្យ​មនុស្ស​ជំនាន់​នេះ​ទេ​ ក្រៅពី​ទីសំគាល់​របស់​លោក​យ៉ូណាស់»​ រួច​ព្រះអង្គ​ក៏​យាង​ចាក​ចេញ​ពី​ពួកគេ​ទៅ។​

5. ពេល​ពួក​សិស្ស​ឆ្លង​ទៅ​ត្រើយ​ម្ខាង​ ពួកគេ​ភ្លេច​យក​នំប៉័ង។​

6. ព្រះយេស៊ូ​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «ចូរ​ប្រុង​ប្រយ័ត្ន​នឹង​មេនំប៉័ង​របស់​ពួក​អ្នក​ខាង​គណៈ​ផារិស៊ី​ និង​ពួក​អ្នក​ខាង​គណៈ​សាឌូស៊ី»​

7. នោះ​ពួក​សិស្ស​ក៏​សួរ​ដេញ​ដោល​គ្នា​ថា៖​ «ព្រោះ​តែ​យើង​មិន​បាន​យក​នំប៉័ង​មក​ទេ​ដឹង»។​

8. កាល​ព្រះយេស៊ូ​ជ្រាប​ហើយ​ក៏​មាន​បន្ទូល​ថា៖​ «ឱ​អ្នក​មាន​ជំនឿ​តិច​អើយ!​ ហេតុអ្វី​បាន​ជា​អ្នក​រាល់គ្នា​សួរ​ដេញ​ដោល​គ្នា​អំពី​ការ​ដែល​អ្នក​រាល់គ្នា​គ្មាន​នំប៉័ង​ដូច្នេះ?​

9. តើ​អ្នក​រាល់គ្នា​នៅ​តែ​មិន​ទាន់​យល់​ ឬ​ក៏​មិន​ចាំ​ពី​នំប៉័ង​ប្រាំ​ដុំ​សម្រាប់​មនុស្ស​ប្រាំ​ពាន់​នាក់​ទេ​ឬ?​ តើ​អ្នក​រាល់គ្នា​ប្រមូល​បាន​ប៉ុន្មាន​កន្ត្រក?​

10. ចុះ​នំប៉័ង​ប្រាំ​ពីរ​ដុំ​សម្រាប់​មនុស្ស​បួនពាន់​នាក់​ តើ​អ្នក​រាល់គ្នា​ប្រមូល​បាន​ប៉ុន្មាន​កន្ដ្រក?​

11. តើ​ដូច​ម្ដេច​បាន​ជា​អ្នក​រាល់គ្នា​មិន​យល់​ដូច្នេះ​ ខ្ញុំ​មិន​បាន​និយាយ​នឹង​អ្នក​រាល់គ្នា​អំពី​នំប៉័ង​ទេ​ គឺ​ឲ្យ​ប្រយ័ត្ន​នឹង​មេនំប៉័ង​របស់​ពួក​អ្នក​ខាង​គណៈ​ផារិស៊ី​ និង​ពួក​អ្នក​ខាង​គណៈ​សាឌូស៊ី​ទេតើ»។​

សូមអានជំពូកពេញលេញ ម៉ាថាយ 16