គម្ពីរសញ្ញាថ្មី

ម៉ាថាយ 15:26-39 Khmer Christian Bible (KCB)

26. ព្រះអង្គ​មាន​បន្ទូល​ឆ្លើយ​ថា៖​ «មិន​គួរ​យក​អាហារ​របស់​កូន​បោះ​ឲ្យ​ឆ្កែ​ទេ»​

27. ប៉ុន្ដែ​នាង​ទូល​ថា៖​ «ចាស​ លោកម្ចាស់​ សូម្បី​តែ​ឆ្កែ​ក៏​ស៊ី​កម្ទេច​អាហារ​ដែល​ជ្រុះ​ពី​តុ​ម្ចាស់​វា​ដែរ»​

28. ព្រះយេស៊ូ​មាន​បន្ទូល​ឆ្លើយ​នឹង​នាង​ថា៖​ «ឱ​នាង​អើយ!​ អ្នក​មាន​ជំនឿ​ខ្លាំង​មែន​ ចូរ​ឲ្យ​បាន​សម្រេច​ដូច​អ្នក​ប្រាថ្នា​ចុះ»​ កូន​ស្រី​របស់​នាង​ក៏​បាន​ជា​សះស្បើយ​ពី​ពេល​នោះ​មក‍។​

29. ព្រះយេស៊ូ​បាន​យាង​ចេញ​ពី​ទី​នោះ​ ហើយ​ធ្វើ​ដំណើរ​តាម​មាត់​បឹង​កាលីឡេ​ បន្ទាប់​មក​ ព្រះអង្គ​ក៏​យាង​ឡើង​លើ​ភ្នំ​ ហើយ​អង្គុយ​នៅ​ទី​នោះ។​

30. បណ្ដាជន​ច្រើន​កុះករ​បាន​ចូល​មក​ជិត​ព្រះអង្គ​ មាន​ទាំង​មនុស្ស​ខ្វិន​ ខ្វាក់​ ពិការ​ គ​ និង​អ្នក​ជំងឺ​ផ្សេង​ទៀត​ជា​ច្រើន​មក​ជាមួយ​នឹង​ពួកគេ​ដែរ។​ ពួកគេ​បាន​ផ្ដេក​អ្នក​ទាំង​នោះ​នៅ​ទៀប​បាទា​ព្រះអង្គ​ ហើយ​ព្រះអង្គ​ក៏​ប្រោស​អ្នក​ជំងឺ​ទាំង​នោះ​ឲ្យ​ជា​សះស្បើយ។​

31. កាល​ឃើញ​មនុស្ស​គ​និយាយ​ មនុស្ស​ពិការ​ជា​សះស្បើយ​ មនុស្ស​ខ្វិន​ដើរ​ មនុស្ស​ខ្វាក់​មើល​ឃើញ​ដូច្នេះ​ បណ្ដាជន​ក៏​នឹក​អស្ចារ្យ​ ហើយ​សរសើរ​តម្កើង​ដល់​ព្រះ​របស់​អ៊ីស្រាអែល។​

32. ព្រះយេស៊ូ​បាន​ហៅ​ពួក​សិស្ស​របស់​ព្រះអង្គ​មក​ ហើយ​មាន​បន្ទូល​ថា៖​ «ខ្ញុំ​អាណិត​បណ្ដាជន​ទាំង​អស់​នេះ​ណាស់​ ព្រោះ​ពួកគេ​បាន​នៅ​ជាមួយ​ខ្ញុំ​បី​ថ្ងៃ​ហើយ​ ប៉ុន្ដែ​ពួកគេ​គ្មាន​អ្វី​សម្រាប់​បរិភោគ​ទាល់​តែ​សោះ​ ខ្ញុំ​មិន​ចង់​បញ្ចូន​ពួកគេ​ទៅ​វិញ​ទាំង​ឃ្លាន​ទេ​ ក្រែងលោ​ពួកគេ​អស់​កម្លាំង​តាម​ផ្លូវ»​

33. នោះ​ពួក​សិស្ស​ទូល​ព្រះអង្គ​ថា៖​ «នៅ​ទីរហោឋាន​ដូច្នេះ​ តើ​យើង​រក​នំប៉័ង​មក​ពី​ណា​ឲ្យ​បាន​ច្រើន​ ដើម្បី​ចម្អែត​បណ្ដាជន​ដ៏​សន្ធឹក​បែប​នេះ?»​

34. ព្រះយេស៊ូ​សួរ​ពួក​សិស្ស​ថា៖​ «តើ​អ្នក​រាល់គ្នា​មាន​នំប៉័ង​ប៉ុន្មាន​ដុំ?»​ ពួក​សិស្ស​ទូល​ថា៖​ «មាន​ប្រាំ​ពីរ​ដុំ​ និង​ត្រី​ខ្លះ​ដែរ»​

35. កាល​បង្គាប់​បណ្ដាជន​ឲ្យ​អង្គុយ​លើ​ដី​ហើយ​

36. ព្រះអង្គ​យក​នំប៉័ង​ប្រាំពីរ​ដុំ​ និង​ត្រី​ទាំង​នោះ​មក​ អរព្រះគុណ​ រួច​កាច់​ឲ្យ​ទៅ​ពួក​សិស្ស​ ហើយ​ពួក​សិស្ស​ក៏​ចែក​ឲ្យ​បណ្ដាជន។​

37. គ្រប់​គ្នា​បាន​បរិភោគ​ឆ្អែត​ស្កប់ស្កល់​ រួច​គេ​ប្រមូល​ចំណិត​នំប៉័ង​នៅ​សល់​ បាន​ប្រាំ​ពីរ​កន្ដ្រក​ពេញ។​

38. អ្នក​ដែល​បាន​បរិភោគ​មាន​បុរស​បួន​ពាន់​នាក់​ មិន​រាប់​ស្ដ្រី​ និង​កូនក្មេង​ទេ។​

39. ពេល​រំសាយ​បណ្ដាជន​រួច​ហើយ​ ព្រះអង្គ​ក៏​ចុះ​ទូក​ឆ្ពោះ​ទៅ​តំបន់​ក្រុង​ម៉ាកាដាន់‍។​

សូមអានជំពូកពេញលេញ ម៉ាថាយ 15