គម្ពីរសញ្ញាថ្មី

ម៉ាថាយ 15:21-31 Khmer Christian Bible (KCB)

21. ព្រះយេស៊ូ​បាន​យាង​ចេញ​ពី​ទីនោះ​ឆ្ពោះ​ទៅ​កាន់​តំបន់​ក្រុង​ទីរ៉ុស​ និង​ក្រុង​ស៊ីដូន។​

22. នោះ​មាន​ស្ដ្រី​ជនជាតិ​កាណាន​ម្នាក់​ ដែល​រស់​នៅ​តំបន់​នោះ​បាន​ចេញ​មក​ ស្រែក​ថា៖​ «លោកម្ចាស់​ជា​ពូជពង្ស​ដាវីឌ​អើយ!​ សូម​មេត្តា​ខ្ញុំ​ផង!​ កូន​ស្រី​របស់​ខ្ញុំ​ត្រូវ​អារក្ស​ចូល​ ធ្វើ​ទុក្ខ​ខ្លាំង​ណាស់»​

23. ប៉ុន្ដែ​ព្រះអង្គ​មិន​បាន​ឆ្លើយ​នឹង​នាង​មួយ​ម៉ាត់​ឡើយ​ ហើយ​ពួក​សិស្ស​របស់​ព្រះអង្គ​បាន​ចូល​មក​ជិត​ទូល​សុំ​ព្រះអង្គ​ថា៖​ «សូម​ឲ្យ​នាង​ចេញ​ទៅ​ ព្រោះ​នាង​ចេះ​តែ​ស្រែក​ពី​ក្រោយ​យើង»​

24. ប៉ុន្ដែ​ព្រះអង្គ​មាន​បន្ទូល​ឆ្លើយ​ថា៖​ «ព្រះជាម្ចាស់​បាន​ឲ្យ​ខ្ញុំ​មក​ឯ​ប្រជាជន​អ៊ីស្រាអែល​ ដែល​ជា​ចៀម​វង្វេង​របស់​ព្រះអង្គ​ប៉ុណ្ណោះ»​

25. ប៉ុន្ដែ​នាង​ចូល​មក​ថ្វាយបង្គំ​ព្រះអង្គ​ ហើយ​ទូល​ថា៖​ «លោក​ម្ចាស់​អើយ!​ សូម​ជួយ​ខ្ញុំ​ផង»​

26. ព្រះអង្គ​មាន​បន្ទូល​ឆ្លើយ​ថា៖​ «មិន​គួរ​យក​អាហារ​របស់​កូន​បោះ​ឲ្យ​ឆ្កែ​ទេ»​

27. ប៉ុន្ដែ​នាង​ទូល​ថា៖​ «ចាស​ លោកម្ចាស់​ សូម្បី​តែ​ឆ្កែ​ក៏​ស៊ី​កម្ទេច​អាហារ​ដែល​ជ្រុះ​ពី​តុ​ម្ចាស់​វា​ដែរ»​

28. ព្រះយេស៊ូ​មាន​បន្ទូល​ឆ្លើយ​នឹង​នាង​ថា៖​ «ឱ​នាង​អើយ!​ អ្នក​មាន​ជំនឿ​ខ្លាំង​មែន​ ចូរ​ឲ្យ​បាន​សម្រេច​ដូច​អ្នក​ប្រាថ្នា​ចុះ»​ កូន​ស្រី​របស់​នាង​ក៏​បាន​ជា​សះស្បើយ​ពី​ពេល​នោះ​មក‍។​

29. ព្រះយេស៊ូ​បាន​យាង​ចេញ​ពី​ទី​នោះ​ ហើយ​ធ្វើ​ដំណើរ​តាម​មាត់​បឹង​កាលីឡេ​ បន្ទាប់​មក​ ព្រះអង្គ​ក៏​យាង​ឡើង​លើ​ភ្នំ​ ហើយ​អង្គុយ​នៅ​ទី​នោះ។​

30. បណ្ដាជន​ច្រើន​កុះករ​បាន​ចូល​មក​ជិត​ព្រះអង្គ​ មាន​ទាំង​មនុស្ស​ខ្វិន​ ខ្វាក់​ ពិការ​ គ​ និង​អ្នក​ជំងឺ​ផ្សេង​ទៀត​ជា​ច្រើន​មក​ជាមួយ​នឹង​ពួកគេ​ដែរ។​ ពួកគេ​បាន​ផ្ដេក​អ្នក​ទាំង​នោះ​នៅ​ទៀប​បាទា​ព្រះអង្គ​ ហើយ​ព្រះអង្គ​ក៏​ប្រោស​អ្នក​ជំងឺ​ទាំង​នោះ​ឲ្យ​ជា​សះស្បើយ។​

31. កាល​ឃើញ​មនុស្ស​គ​និយាយ​ មនុស្ស​ពិការ​ជា​សះស្បើយ​ មនុស្ស​ខ្វិន​ដើរ​ មនុស្ស​ខ្វាក់​មើល​ឃើញ​ដូច្នេះ​ បណ្ដាជន​ក៏​នឹក​អស្ចារ្យ​ ហើយ​សរសើរ​តម្កើង​ដល់​ព្រះ​របស់​អ៊ីស្រាអែល។​

សូមអានជំពូកពេញលេញ ម៉ាថាយ 15