1. ពេលនោះ ពួកអ្នកខាងគណៈផារិស៊ី និងពួកគ្រូវិន័យមកពីក្រុងយេរូសាឡិម បានចូលមកជិតព្រះយេស៊ូ ទូលថា៖
2. «ហេតុអ្វីបានជាពួកសិស្សរបស់លោកបំពានទំនៀមទម្លាប់ចាស់បុរាណដូច្នេះ? ដ្បិតនៅពេលបរិភោគអាហារ ពួកគេមិនលាងដៃទេ»
3. ប៉ុន្ដែព្រះអង្គមានបន្ទូលឆ្លើយទៅពួកគេថា៖ «តើហេតុអ្វីបានជាអ្នករាល់គ្នាបំពានបញ្ញត្ដិរបស់ព្រះជាម្ចាស់ ដោយសារតែទំនៀមទម្លាប់របស់អ្នករាល់គ្នា?
4. ដ្បិតព្រះជាម្ចាស់មានបន្ទូលថា ចូរគោរពឪពុកម្ដាយ ហើយអ្នកដែលជេរប្រមាថឪពុក ឬម្ដាយ អ្នកនោះត្រូវស្លាប់។
5. ប៉ុន្ដែអ្នករាល់គ្នានិយាយថា អ្នកណាក៏ដោយដែលនិយាយនឹងឪពុក ឬម្ដាយថា អ្វីៗដែលខ្ញុំត្រូវជូនលោកឪពុក ឬអ្នកម្ដាយនោះ ជាតង្វាយថ្វាយព្រះជាម្ចាស់
6. អ្នកនោះមិនបាច់គោរពឪពុកឡើយ ដូច្នេះអ្នករាល់គ្នាបំបាត់តម្លៃនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដោយសារតែទំនៀមទម្លាប់របស់អ្នករាល់គ្នា
7. មនុស្សមានពុតអើយ! លោកអេសាយបានថ្លែងព្រះបន្ទូលអំពីអ្នករាល់គ្នានោះត្រឹមត្រូវណាស់ ដែលថា
8. ប្រជាជននេះគោរពយើងតែបបូរមាត់ទេ ប៉ុន្ដែចិត្ដរបស់ពួកគេនៅឆ្ងាយពីយើងណាស់។
9. ពួកគេថ្វាយបង្គំយើងជាឥតប្រយោជន៍ ទាំងបង្រៀនសេចក្ដីដែលជាច្បាប់របស់មនុស្សទៀតផង»។
10. ព្រះអង្គក៏ហៅបណ្ដាជន ហើយមានបន្ទូលទៅពួកគេថា៖ «ចូរស្ដាប់ ហើយយល់ចុះ
11. អ្វីដែលចូលតាមមាត់ មិនធ្វើឲ្យមនុស្សទៅជាមិនបរិសុទ្ធទេ ផ្ទុយទៅវិញអ្វីដែលចេញពីមាត់ទេតើ ដែលធ្វើឲ្យមនុស្សទៅជាមិនបរិសុទ្ធ»។
12. ពួកសិស្សចូលមកជិតព្រះអង្គ ទូលថា៖ «តើលោកគ្រូជ្រាបដែរឬទេថា ពួកអ្នកខាងគណៈផារិស៊ីទាស់ចិត្ដណាស់ ពេលឮពាក្យនេះ?»
13. តែព្រះអង្គមានបន្ទូលឆ្លើយថា៖ «រុក្ខជាតិទាំងឡាយណាដែលព្រះវរបិតារបស់ខ្ញុំគង់នៅស្ថានសួគ៌មិនបានដាំ នោះនឹងត្រូវដកចោល
14. ដូច្នេះ បណ្ដោយតាមពួកគេចុះ ពួកគេជាមនុស្សខ្វាក់នាំផ្លូវមនុស្សខ្វាក់ ហើយបើមនុស្សខ្វាក់នាំផ្លូវមនុស្សខ្វាក់ នោះទាំងពីរនាក់មុខជាធ្លាក់រណ្ដៅមិនខាន»