គម្ពីរសញ្ញាថ្មី

ម៉ាថាយ 15:1-12 Khmer Christian Bible (KCB)

1. ពេល​នោះ​ ពួក​អ្នក​ខាង​គណៈ​ផារិស៊ី​ និង​ពួក​គ្រូវិន័យ​មក​ពី​ក្រុង​យេរូសាឡិម​ បាន​ចូល​មក​ជិត​ព្រះយេស៊ូ​ ទូល​ថា៖​

2. «ហេតុអ្វី​បាន​ជា​ពួក​សិស្ស​របស់​លោក​បំពាន​ទំនៀម​ទម្លាប់​ចាស់​បុរាណ​ដូច្នេះ?​ ដ្បិត​នៅ​ពេល​បរិភោគ​អាហារ​ ពួកគេ​មិន​លាង​ដៃ​ទេ»​

3. ប៉ុន្ដែ​ព្រះអង្គ​មាន​បន្ទូល​ឆ្លើយ​ទៅ​ពួកគេ​ថា៖​ «តើ​ហេតុអ្វី​បាន​ជា​អ្នក​រាល់គ្នា​បំពាន​បញ្ញត្ដិ​របស់​ព្រះជាម្ចាស់​ ដោយសារ​តែទំនៀម​ទម្លាប់​របស់​អ្នក​រាល់គ្នា?​

4. ដ្បិត​ព្រះជាម្ចាស់​មាន​បន្ទូល​ថា​ ចូរ​គោរព​ឪពុក​ម្ដាយ​ ហើយ​អ្នក​ដែល​ជេរប្រមាថ​ឪពុក​ ឬ​ម្ដាយ​ អ្នក​នោះ​ត្រូវ​ស្លាប់‍។​

5. ប៉ុន្ដែ​អ្នក​រាល់គ្នា​និយាយ​ថា​ អ្នកណា​ក៏​ដោយ​ដែល​និយាយ​នឹង​ឪពុក​ ឬ​ម្ដាយ​ថា​ អ្វីៗ​ដែល​ខ្ញុំ​ត្រូវ​ជូន​លោក​ឪពុក‍​ ឬ​អ្នក​ម្ដាយ​នោះ​ ជា​តង្វាយ​ថ្វាយ​ព្រះជាម្ចាស់​

6. អ្នក​នោះ​មិន​បាច់​គោរព​ឪពុក​ឡើយ​ ដូច្នេះ​អ្នក​រាល់គ្នា​បំបាត់​តម្លៃ​នៃ​ព្រះបន្ទូល​របស់​ព្រះជាម្ចាស់​ ដោយ​សារតែ​ទំនៀម​ទម្លាប់​របស់​អ្នក​រាល់គ្នា​

7. មនុស្ស​មាន​ពុត​អើយ!​ លោក​អេសាយ​បាន​ថ្លែង​ព្រះបន្ទូល​អំពី​អ្នក​រាល់គ្នា​នោះ​ត្រឹមត្រូវ​ណាស់​ ដែល​ថា​

8. ប្រជាជន​នេះ​គោរព​យើង​តែ​បបូរ​មាត់​ទេ​ ប៉ុន្ដែ​ចិត្ដ​របស់​ពួកគេ​នៅ​ឆ្ងាយ​ពី​យើង​ណាស់។​

9. ពួកគេ​ថ្វាយបង្គំ​យើង​ជា​ឥត​ប្រយោជន៍​ ទាំង​បង្រៀន​សេចក្ដី​ដែល​ជា​ច្បាប់​របស់​មនុស្ស​ទៀត​ផង»។​

10. ព្រះអង្គ​ក៏​ហៅ​បណ្ដាជន​ ហើយ​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «ចូរ​ស្ដាប់​ ហើយ​យល់​ចុះ​

11. អ្វី​ដែល​ចូល​តាម​មាត់​ មិន​ធ្វើ​ឲ្យ​មនុស្ស​ទៅ​ជា​មិន​បរិសុទ្ធ​ទេ​ ផ្ទុយ​ទៅ​វិញ​អ្វី​ដែល​ចេញ​ពី​មាត់​ទេ​តើ​ ដែល​ធ្វើ​ឲ្យ​មនុស្ស​ទៅ​ជាមិន​បរិសុទ្ធ»។​

12. ពួក​សិស្ស​ចូល​មក​ជិត​ព្រះអង្គ​ ទូល​ថា៖​ «តើ​លោកគ្រូ​ជ្រាប​ដែរ​ឬ​ទេ​ថា​ ពួក​អ្នក​ខាង​គណៈ​ផារិស៊ី​ទាស់ចិត្ដ​ណាស់​ ពេល​ឮ​ពាក្យ​នេះ?»​

សូមអានជំពូកពេញលេញ ម៉ាថាយ 15